មុខរបរ​អ្វីដែល​អ្នក​គួរ​ធ្វើ ដើម្បីឱ្យ​ត្រូវ​នឹង​ទីផ្សារ​នា​ថ្ងៃ​អនាគត?

មុនពេល​ចាប់ផ្តើម​អាជីវកម្ម​មួយ ចាំបាច់​បំផុត​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ល្អិតល្អន់ ដើម្បី​ធានាថា ជំនួញ​ដែល​យើង​គ្រោង​នឹងធ្វើ​នោះ​មាន​លក្ខណៈ​ទូលំទូលាយ ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង និង​មាន​និរន្តរភាព បំណាច់តែ​យើង​ខំ​បង្កើត​វា​ឡើង​យ៉ាង​លំបាក​រួចមកហើយ។

លោក​ឧកញ៉ា គួច ម៉េង​លី អគ្គនាយក​ក្រុមហ៊ុន ម៉េង​លី​ជេ​គួច បាន​លើកឡើងថា ជាទូទៅ​អ្នករកស៊ី ជាពិសេស​សហគ្រិន​វ័យក្មេង​ជាច្រើន​កំពុងមាន​ការបារម្ភ​ថា មិនដឹង​ត្រូវធ្វើ​អាជីវកម្ម​មួយណា​ដែល​អាចធ្វើឱ្យ​ពួកគេ​មានការ​រីកចម្រើន និង​ឋិតថេរ​បានយូរ​អង្វែង។ មាន​អ្នក​បើកហាង​កាហ្វេ​ច្រើន​តាម​គ្នា បន្ទាប់មក​ក៏​បិទ​ទៅវិញ ហើយ​អ្នក​ខ្លះទៀត​ក៏​ធ្វើ​អាជីវកម្មដដែលៗតែ​ប៉ុន្មាន​មុខ​តាម​គ្នា ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​គ្នា​ខ្លាំង បន្ទាប់មក​ធ្វើឱ្យ​មុខរបរ​របស់​ពួកគាត់​ចាប់ផ្តើម​មាន​បញ្ហា។

លោក​ឧកញ៉ា គួច ម៉េង​លី បាន​និយាយថា៖ “តាមពិតទៅ មាន​អាជីវកម្ម​ច្រើនណាស់​ដែល​នៅ​បណ្តា​ប្រទេស​នានា​ជាច្រើន​គេ​បានធ្វើ​វា​រួចទៅហើយ តែ​នៅ​ស្រុក​យើង​មិនទាន់មាន វា​ក៏​អាចជា​តម្រូវការ​របស់​ប្រជាជន​ខ្មែរ​ផងដែរ​នៅ​ថ្ងៃ​អនាគត ហេតុនេះ​គួរ​សាកល្បង​ចេញ​ដើរទៅ​មើល​ពិភព​ខាងក្រៅ​ឱ្យបាន​ច្រើន បន្ទាប់មក​សឹម​សម្រេចចិត្ត​ជ្រើស​រើសយក​មុខរបរ​ណា​មួយ…។

សហគ្រិន​ដ៏​មាន​ប្រជាប្រិយភាព​ខាងលើ​បានលើកឡើង​ផងដែរ​ថា បើសិនជា​ចង់ដឹងថា តើ​គួរ​រកស៊ី​អ្វី​នោះ ដំបូង​ត្រូវ​ចេញទៅ​កម្សាន្ត និង​សិក្សា​ស្រាវជ្រាវ​នៅ​បរទេស​ឱ្យបាន​ច្រើន ដើម្បី​ស្វែងរក​គំនិត​ថ្មី។ តាមពិតទៅ នៅ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​គេ​បាន​ដើរ​មុន​យើង​បន្តិច​ទៅហើយ ហើយអ្វីៗទាំងអស់នោះ​ក៏​នឹង​កើតមាន​នៅក្នុង​ប្រទេសរ​បស់​យើង​នា​ថ្ងៃ​អនាគត​ដូចគ្នា ហេតុនេះ​ការដែល​ចេញទៅ​ក្រៅប្រទេស គឺអាច​ឱ្យ​យើង​មើលឃើញ​ពីគំនិតល្អៗជាច្រើន​ដែល​អាច​យកមកអនុវត្ត និង​បំពេញតម្រូវការ​ក្នុងស្រុក​របស់​យើង​បាន ពេលនោះ​យើង​នឹងមិន​ធ្វើ​អាជីវកម្មដូចៗគ្នា​ដែល​គេ​បាន​បង្កើត​ស្រាប់​រួចមកហើយ​នោះទេ គឺ​យើង​នឹង​បង្កើត​នូវ​អាជីវកម្ម​មួយ​ដែលមាន​ភាព​ប្លែក​ខុសពី​គេ​ដែល​អាចធ្វើឱ្យ​យើង​រីកចម្រើន​បាន។

លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន Asia Leading Academy បាន​លើកឡើងថា តាម​ការមើលឃើញ​រប​ស់លោក អាជីវកម្ម​ដែល​អាចមាន​ទីផ្សារ​ខ្ពស់​នៅ​ថ្ងៃ​អនាគត គឺ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា និង​ការផលិត​ផលិតផល​មួយចំនួន​ផ្សេងទៀត​ដែលមាន​សក្តានុពល​នៅក្នុង​ស្រុក។ សម័យ​បច្ចុប្បន្ននេះ គឺជា​សម័យ​បច្ចេកវិទ្យា ដែលអ្វីៗគ្រប់យ៉ាង គឺមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​គ្រប់កន្លែង គ្រប់​អាជីវកម្ម រួមទាំង​ផ្នែក​នៃ​ការរស់នៅ​ឯកជន សុទ្ធតែ​ត្រូវការ​បច្ចេកវិទ្យា​ទាំងអស់ ហេតុនេះ​ផលិតផល​បច្ចេកវិទ្យា​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត គឺជា​របស់​ដែល​គេ​ត្រូវការ​ខ្លាំង។

លោក វិ​ចិ​ត្រា ក៏បាន​លើកឡើង​ផងដែរ​ថា ក្រៅពី​ផលិតផល​បច្ចេកវិទ្យា របរ​ដែល​សំខាន់​ផងដែរ​នោះ​គឺ​ការផលិត​ផលិតផល​ដែលមាន​វត្ថុធាតុដើម​នៅក្នុង​ស្រុក​ស្រាប់ ព្រោះថា នៅពេលដែល​យើង​បង្កើត​ផលិតផល​ក្នុងស្រុក យើង​នឹង​ចំណេញ​ថ្លៃ​ដឹកជញ្ជូន រួមទាំង​អាច​បង្កើន​ស្នាដៃ​ថ្មី​មួយ​ផ្សេងទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការរស់នៅ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​ទៀតផង។

លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ “ការស្វែងរក​ឱកាស​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត​គឺជា​រឿង​សំខាន់ តែ​អ្នក​ដែលមាន​គោលដៅ​ចង់​ក្លាយជា​សហគ្រិន​ក៏​គួរតែ​ស្វែងរក​វិធី​ក្នុងការ​ទៅឱ្យ​ដល់​កន្លែង​ដែលខ្លួន​ចង់ទៅ​នោះដែរ បើ​មិន​ដូច្នោះ​ទេ ឱកាស​ទាំងអស់នោះ​អាច​នឹងមិន​ស្ថិតក្នុង​ដៃ​របស់​យើង​នោះទេ។

សហគ្រិន និង​ជា​អ្នក​បណ្តុះបណ្តាល​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​ចាប់យក​ឱកាស​អាជីវកម្ម​ដែលមាន​ទីផ្សារ​ខ្ពស់​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន​គួរ​ពង្រឹងសមត្ថភាព​លើ​ចំណេះដឹង​ទូទៅ​របស់ខ្លួន​ឱ្យបាន​ច្រើន ដើម្បី​មើល​លើ​តម្រូវការ​សង្គម​ដែល​អាច​ប្រែប្រួល​ទៅតាម​ការអភិវឌ្ឍ​រប​ស់​ពិភពលោក។ បន្ទាប់មកទៀត​គាត់​គួរ​ចួ​ល​រួម​សិក្ខាសាលា​ឱ្យបានច្រើន​ដើម្បី​បង្កើត​ទំនាក់ទំនង​ឱ្យបាន​ល្អ និង​ស្វែងយល់​ពី​ពិភព​ខាងក្រៅ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធ្វើឱ្យ​គាត់​កាន់​តែមាន​ភាពរឹងមាំ។

ទន្ទឹមនឹង​នេះដែរ លោក លី សុធា ម្ចាស់​ដេប៉ូ​ដែល​នាំចូល​ផលិតផល​អេឡិចត្រូនិក​ពី​បរទេស​មកកាន់​កម្ពុជា​មួយរូប​បាន​លើកឡើងថា ការធ្វើ​អាជីវកម្ម គឺ​ត្រូវ​ចេះ​មើល​ពី​ប្រភព​នៃ​តម្រូវការ​សង្គមជាក់ស្តែង​នាពេល​បច្ចុប្បន្ន និង​ចរន្ត​នានា​ដែល​វា​នឹង​កើតឡើង​នៅ​ថ្ងៃ​ខាងមុខ។ ជា​ឧទាហរណ៍ នាពេល​បច្ចុប្បន្ននេះ គម្រោង​សំណង់​មានការ​កើនឡើង​ខ្លាំង ហេតុនេះ​នៅ​ថ្ងៃ​ខាងមុខ សម្ភារ​ផ្គត់ផ្គង់ផ្នែក​ខាងក្នុង​សំណង់​អគារ​នឹងមាន​តម្រូវ​ខ្ពស់​ក្រោយ​ពេលដែល​សំណង់​ចាប់ផ្តើម​សាងសង់ឡើង។ ម្យ៉ាងវិញទៀត ក៏ត្រូវ​ចេះ​មើល​អនាគត​នៃ​គូប្រកួត​ប្រជែង​ដែល​អាច​នឹង​ក្លាយជា​ឧបសគ្គ​ដល់​អាជីវកម្ម​របស់​យើង​ផងដែរ។

លោក លី សុធា បាន​លើកឡើងថា៖ “ជាទូទៅ នៅពេលដែល​យើង​មើលឃើញ​ពី​ឱកាស​មួយ គេ​ក៏​មើលឃើញ​ពី​ឱកាស​នោះ​ដូច​យើង​ដែរ ហេតុនេះ​អ្វីដែល​យើង​ត្រូវធ្វើ គឺ​មើល​ឱ្យបាន​ច្រើន​ជំហាន​មុនគេ ទើប​អាច​ដណ្តើម​ឱកាស​ទីផ្សារ​បានយូរ។ លោក សុធា បាន​លើកឡើងថា មុននឹង​បោះទុន​រកស៊ី គឺ​ត្រូវ​គិត​ឱ្យដល់​ថ្ងៃ​ដែល​អាជីវកម្ម​រីក​ខ្លាំង​និង​ត្រៀមខ្លួន​ឱ្យបាន​រួចជាស្រេច​សម្រាប់​ប្រកួតប្រជែង។

ជា​ឧទាហរណ៍ បច្ចុប្បន្ននេះ​មាន​អ្នករកស៊ី​នាំចូល​ផលិតផល​ពី​ប្រទេសមួយ ដែល​ផលិតផល​ទាំងអស់នោះ​មានតម្លៃ​ធូរ​ថ្លៃ តែ​គេ​មិនសូវ​ផ្តោតលើ​គុណភាព​ប៉ុន្មាន​នោះទេ ហេតុនេះ​អ្នករកស៊ី​របរ​នេះ​អាច​នឹង​ចំណេញ​ច្រើន តែ​ថ្ងៃក្រោយ​មាន​អ្នកផ្សេង​អាច​នឹង​នាំ​ចូលមក​ដែរ និង​ប្រកួត​ជាមួយ​យើង​លើ​បញ្ហា​តម្លៃ​នេះ ឬ​ប្រជាជន​នៃ​ប្រទេស​នោះ​អាច​នឹង​នាំ​ទំនិញ​របស់គេ​ផ្ទាល់​ចូលមក​ប្រទេស​យើង​ដែលមាន​តម្លៃ​ដើម​ទាប​ជាង នោះ​យើង​ច្បាស់​ជា​នឹង​ប្រឈម​នឹង​ការបិទទ្វារ​មិន​ខាន។ ប្រសិនបើ​យើង​សិក្សា​ពី​ការប្រកួតប្រជែង យើង​អាច​ពិចារណា​ស្វែងរក​ផលិតផល​ណា​ដែលមាន​តម្លៃ​ថ្លៃ​ជាង​បន្តិចបន្តួច តែ​ផ្តោតលើ​គុណភាព​វិញ ខណៈ​គេ​គ្រប់គ្នា​កំពុង​ប្រកួត​លើ​តម្លៃ ព្រោះ​បើ​មើល​ឱ្យ​ឆ្ងាយ​ទៅ យើង​នឹង​ឃើញថា អ្នកប្រើប្រាស់​អាច​នឹង​ងាក​មករក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​នៅ​ថ្ងៃក្រោយ​បន្ទាប់ពី​គាត់​លែង​ពេញចិត្ត​ជាមួយនឹង​របស់​ធូរ​ថ្លៃ​តែ​ឆាប់​ខូច​រួចមក។ ក្នុង​កាលៈទេសៈ​នោះ យើង​នៅតែ​មានប្រៀប​ជាង​គូប្រជែង និង​នៅតែ​ជា​ជម្រើស​របស់​អតិថិជន៕

Advertisement