អ្នកស្រី អ៊ឺង លួង បង្ហាញភាពស្និទ្ធស្នាលដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយអ្នកនាង Angelina Jolie នៅលើកម្រាលព្រំក្រហម

បើតាមការចេញផ្សាយរបស់សារព័ត៌មាននៃចក្រភពអង់គ្លេស Daily Mail នៅថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2018 នេះបានឱ្យដឹងថា អ្នកនិពន្ធជនជាតិខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិក និងជាសកម្មជនសិទ្ធិមនុស្សពិភពលោក គឺអ្នកស្រី  អ៊ឺង លួង បានបណ្ដើរគ្នាជាមួយកំពូលតារាសម្ដែង Angelina Jolie ដោយបង្ហាញពីភាពស្និទ្ធស្នាលបំផុតរបស់អ្នកទាំងពីរនៅលើកម្រាលព្រំក្រហម ក្នុងការទទួលពានរង្វាន់ភាពយន្ដប្រើប្រាស់ភាសាបរទេសបានល្អបំផុត នៅក្នុងកម្មវិធីមហោស្រពភាពយន្ដ BAFTAs 2018 ។

អ្នកនិពន្ធរឿង “ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” រូបនេះ បានបង្ហាញកាយវិការផ្អៀងផ្អងកៀកកើយគ្នាជាមួយអ្នកនាង  Angelina Jolie នៅចំពោះមុខពន្លឺភ្លើងកាមេរ៉ារបស់បណ្ដាអ្នកសារព័ត៌មានអន្ដរជាតិ។ ហើយកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនោះទៀតនោះគឺ តារាស្រីជាម្ចាស់ពានរង្វាន់អូស្កាដ៏ច្រើនរង្វាន់រូបនេះបានប្រឡែងលេងសើចជាមួយអ្នកស្រី អ៊ឺង លួង ដោយបានបញ្ចេញកាយវិការដូចជាមនុស្សស្និទ្ធស្នាលនឹងគ្នាយូរណាស់មកហើយ ដោយមិនចាប់អារម្មណ៍ពីក្រសែភ្នែករបស់ភ្ញៀវកិត្តិយស និងទស្សនិកជនឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរបានបណ្ដើរគ្នាយ៉ាងត្រសងនៅក្នុងកម្មវិធីទាំងមូល ព្រមទាំងឡើងទទួលពានរង្វាន់រួមគ្នាទៀតផង ធ្វើឱ្យតារាល្បីៗ និងភ្ញៀវកិត្តិយសដែលចូលរួមនៅក្នុងកម្មវិធីទាំងមូល មានការចាប់អារម្មណ៍ខ្លាំងចំពោះទំនាក់ទំនងដ៏សែនល្អរបស់អ្នកទាំងពីរនេះ៕

 

Advertisement