ក្រសួង​ជំរុញ​ការចេញ​ច្បាប់​គ្រប់គ្រង​ភ្នាក់ងារ​អចលនទ្រព្យ ដើម្បី​ការរកស៊ី​ស្មើភាព​គ្នា

ស្រប​ពេលដែល​និន្នាការ​ទីផ្សារ​អចលនទ្រព្យ​កំពុងមាន​សម្ទុះ​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ជាង1ទសវត្សរ៍​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា ភ្នាក់ងារ​នាំ​ភ្ញៀវ​ទិញ-លក់-ជួល​អចលនទ្រព្យ បាន​រីក​ដុះដាល​យ៉ាងខ្លាំង​ទាំង​មានច្បាប់ និង​មិនមាន​ច្បាប់ ដែល​កត្តា​នេះ​ធ្វើឱ្យមាន​ការប្រកួតប្រជែង​ទីផ្សារ​ខ្លាំង និង​មិន​ស្មើភាព​គ្នា ដែល​នេះ​ជា​កត្តាចាំបាច់​មួយ​តម្រូវឱ្យ​ក្រសួង​តាក់តែង​ច្បាប់​នានា​ដើម្បី​គ្រប់គ្រង​ភ្នាក់ងារ​ទាំងនោះ​ឱ្យ​ស្ថិតនៅក្រោម​ឆត្រ​តែមួយ។

លោកស្រី អ៊ុយ ច័ន្ទ​និមល អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​អាជីវកម្ម​អចលនវត្ថុ បញ្ចាំ និង​ប្រាតិភោគ​ដោយ​អនុប្បទាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានលើកឡើង​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ2017 របស់​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​កាលពី​សប្តាហ៍​មុននេះ​ថា កន្លងមក​ក៏ដូចជា​ពេលបច្ចុប្បន្ន​ដែរ លោកស្រី​តែង​ឭ​ពាក្យ​លើកឡើង​អំពី​អ្នករកស៊ី​នាំ​ភ្ញៀវ​ទិញ-លក់-ជួល​អចលនទ្រព្យ​ដែល​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច​នោះ​តែង​ដណ្តើមយក​ចំណែក​ទីផ្សារ​ពី​ភ្នាក់ងារ​ស្របច្បាប់ ដែលជា​កត្តា​ធ្វើឱ្យ​ការប្រកួតប្រជែង​ក្នុង​អាជីវ​កម្មនេះ​មិនមាន​ភាពស្មើគ្នា ដូច្នេះ​ទើប​ក្រសួង​ខិតខំ​បង្កើត​អនុក្រឹត្យ និង​ច្បាប់​នានា​ដើម្បី​ដាក់ឱ្យ​ភ្នាក់ងារ​ទាំងនោះ​ស្ថិតនៅក្រោម​ច្បាប់​តែមួយ។

ក្នុងនាម​ជា​បញ្ញត្តិ​ករ​លោកស្រី​យល់ថា សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ដើរតួនាទី​សំខាន់​ក្នុងការ​កៀងគរ និង​ប្រមូលផ្តុំ​នូវ​ប្រតិបត្តិ​ករ​ដែល​អាចជា​ក្រុមហ៊ុន​វាយតម្លៃ  និង​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យ​ស្ថិតក្រោម​ក្របខ័ណ្ឌ​នៃ​ឆត្រ​តែមួយ ដើម្បី​ងាយស្រួល​ក្នុង​ការកសាង​មូលដ្ឋានគ្រឹះ និង​ការអភិវឌ្ឍ​សមត្ថភាព​ក៏ដូចជា​ការលើកកម្ពស់​គុណភាព​នៃ​ការផ្តល់​សេវាកម្ម​ជូន​អតិថិជន។

លោកស្រី​បញ្ជាក់​ដូច្នេះ​ថា “កាលពី​ឆ្នាំ2013 ពេលដែល​ខ្ញុំ​ចូលមក​កាន់​វិស័យនេះ​ជា​លើកដំបូង​មានតែ​ជាង 50ក្រុមហ៊ុន​ទេ ក្រោយពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ហើយ​សមា​ជិ​ក​សមាគម​ក៏មាន​តិចតួច​ដែរប៉ុន្តែ​ខ្ញុំ​ស្តាប់​ស្ថិតិ​សមាគម​ឥឡូវ មាន​សមាជិក​ឡើងដល់​ជាង100ហើយ ដូច្នេះ​ឃើញថា មាន​កំណើន​កើនឡើង​ច្រើន។ ក្នុងន័យ​នេះដែរ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលមាន​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ​ជា​សេនាធិការ​ផ្ទាល់ ពិតជា​គាំទ្រ​យ៉ាងខ្លាំង​អំពី​តួនាទី​សមាគម​ក្នុង​ក្របខ័ណ្ឌ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុងនាម​ជា​បញ្ញត្តិ​ករ និង​វិស័យ​ឯកជន​ដើម្បី​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា។

បច្ចុប្បន្ន​ក្រសួង​បានបញ្ចប់​ការរៀបចំ​តាក់តែង និង​ដាក់ឱ្យអនុវត្ត​បទ​ប្ប​ញ្ញ​តិ្ត​មួយចំនួន​រួចរាល់​ហើយ ដូចជា​ប្រកាស​ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​ផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពី​ខែមិថុនា ឆ្នាំ2017។ ប្រកាស​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកវាយតម្លៃ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ភ្នាក់ងារ​អចលនវត្ថុ​នៅក្នុង​ខែកក្កដា ឆ្នាំ2017។ ប្រកាស​ស្តីពី​ថ្លៃ​សេវា និង​កម្រៃជើងសា​វិជ្ជាជីវៈ​សម្រាប់​ការផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​នៅក្នុង​ខែកក្កដា ឆ្នាំ2017 និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​ផ្តល់​សេវាកម្ម​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ​ដែល​ក្រសួង​បាន​បញ្ជូន​ឯកសារ​នេះ​ទៅដល់​ក្រុមប្រឹក្សា​នីតិកម្ម​របស់​ក្រសួង​មុននឹង​បញ្ជូន​ទៅដល់​គណៈរដ្ឋមន្ត្រី និង​បញ្ជូនបន្ត​ទៅដល់​រដ្ឋសភា​ក្នុងការ​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​រួចហើយ។

ទោះ​យ៉ាងនេះ​ក្តី​លោកស្រី​ក៏បាន​បញ្ជាក់ដែរថា “ប្រកាស​នេះ​នៅ​មិនទាន់មាន​អានុភាព​ខ្លាំងក្លា​ក្នុង​ការដាក់ទោសទណ្ឌ​ដល់​ជន​នៅក្រៅ​ច្បាប់​ទាំង​នោះទេ ដូច្នេះ​បានជា​ក្រសួង​ខិតខំ​បង្កើត​សេចក្តីព្រាងច្បាប់​នេះ​ឡើង​ដើម្បី​ដាក់ឱ្យអនុវត្ត​ច្បាប់​ទាំងអស់គ្នា។

សម្រាប់​ជា​បទពិសោធ​នៅ​ប្រទេសផ្សេងៗ ដូចជា​សិង្ហ​បុរី​ជាដើម អ្នក​ដែល​មិនមាន​អាជ្ញាប័ណ្ណ​ត្រូវ​មានទោស​ព្រហ្មទណ្ឌ​ដល់​ថ្នាក់​ជាប់ពន្ធនាគារ ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​អ្នក​មិនមាន​អាជ្ញាប័ណ្ណ គឺ​មិន​មានទោស​ព្រហ្មទណ្ឌ​ដល់​ជាប់ពន្ធនាគារ​ទេ តែ​ត្រូវ​ជាប់​ពិន័យ​អន្តរកាល​បង់ប្រាក់​ពិន័យ ដូច្នេះ​កម្ពុជា​ក៏​កំពុងតែ​សិក្សា​លើ​គំរូ​ច្បាប់​ទាំងអស់នេះ​ដើម្បី​ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​របស់ខ្លួន​ដែរ ព្រោះថា បើសិនជា​រឹតត្បិត​ខ្លាំងពេក​ក៏​អាច​នាំឱ្យ​ខូច​ទីផ្សារ ឬ​ខូច​វិស័យនេះ​តែម្តង ដូច្នេះ​យើង​ត្រូវ​រក​ផ្លូវកណ្តាល​ណាមួយ​ដាក់ឱ្យ​ត្រូវ​នឹង​ឥរិយាបថ​របស់​ជនជាតិ​យើង។ ហើយ​មួយទៀត​នោះ គឺ​សេចក្តីព្រាង​ស្តង់ដារ​វាយតម្លៃ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​ក្នុង​សេចក្តីព្រាង​បឋម ដើម្បី​ដាក់ឱ្យ​វាយតម្លៃ​ស្តង់ដារ​មួយ​ចៀសវាង​ការវាយតម្លៃខុសៗគ្នា។

ដូច្នេះ​លោកស្រី​ស្នើឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់​ត្រូវតែ​ស្នើសុំ​ច្បាប់​អនុញ្ញាត និង​ខិតខំ​ពង្រឹងសមត្ថភាព​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អចលនទ្រព្យ​អាស៊ាន​ឱ្យបាន​កាន់តែ​ទូលំទូលាយ​មិនមែន​តែ​នៅក្នុង​កម្ពុជា​នោះទេ។

លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​មានប្រសាសន៍​ដោយ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំងអស់​ត្រូវ​រួមគ្នា​បង្កើត​សាលា​ដីធ្លី​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ទាំងអស់ (ទាំង​មានច្បាប់ និង​មិនមាន​ច្បាប់) បាន​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នេះ​ដើម្បីឱ្យ​យល់​ពី​ច្បាប់ផ្សេងៗពាក់ព័ន្ធ​នឹង​វិស័យ​ដីធ្លី​ដើម្បី​លើកកម្ពស់​គុណភាព សេវាកម្ម​ជូន​អតិថិជន​ប្រកបដោយ​ការជឿទុកចិត្ត និង​ការរីកចម្រើន​ទាំងអស់គ្នា៕

Advertisement