ការជឿជាក់​លើ​ខ្លួនឯង​គឺជា​ថាមពល​ជំរុញ​ឱ្យទៅដល់​គោលដៅ

និស្សិត​ដែល​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​សិក្សា​ភាគច្រើន គឺជា​អ្នក​ដែលមាន​ការជឿជាក់​យ៉ាង​មុតមាំ​ថា​ខ្លួន​នឹង​អាច​ស្វែងរក​ផ្លូវ​ល្អ​មួយ​ក្រោយ​ពេលដែល​បញ្ចប់​ការសិក្សា ឬ​អាច​ទទួលបាន​ការងារ​ច្បាស់លាស់​មួយ​នៅពេលដែល​គេ​មាន​បទពិសោធ និង​ចំណេះដឹង​គ្រប់គ្រាន់។

លោក ឆាំ ប៊ុន​ថេត សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​បាន​លើកឡើងថា​មនុស្ស​ដែល​អាច​អភិវឌ្ឍ​ខ្លួន​បានល្អ គឺជា​មនុស្ស​ដែល​មើល​ខ្លួនឯង​ក្នុង​ផ្លូវ​វិជ្ជមាន ហើយ​ជា​អ្នកដែល​ព្យាយាម​កែប្រែ​ស្ថានការណ៍​ផ្ទាល់ខ្លួន​ឱ្យ​កាន់តែ​ប្រសើ​ឡើង។ នៅពេលដែល​គេ​មាន​ភាព​វិជ្ជមាន​លើ​ខ្លួនឯង នោះគេ​ក៏​អាចមាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​ទាំង​ក្នុង​ការសិក្សា ការងារ ឬ​ការធ្វើអាជីវកម្ម​ជាដើម។

លោក ឆាំ ប៊ុន​ថេត បាន​និយាយថា៖ “សូមកុំ​គិតថា​ខ្លួនឯង​អន់ ហើយ​កុំ​ជឿ​លើ​ពាក្យ​ដែល​គេ​ស្តីថា យើង​អន់ តែ​អ្វីដែល​សំខាន់​គឺ​ព្យាយាម​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន​ឱ្យឃើញ ហើយ​ព្យាយាម​អភិវឌ្ឍ​ភាពខ្លាំង​ប្រកបដោយ​ទំនុកចិត្ត ដើម្បី​បន្តដំណើរ​ជីវិត​ឱ្យមាន​តម្លៃ។

លោក​សាស្ត្រាចារ្យ​បានលើកឡើង​ផងដែរ​ថា​នៅពេលដែល​យើង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង នោះ​យើង​នឹង​អាចធ្វើអ្វីៗគ្រប់យ៉ាង​ប្រកបដោយ​ថាមពល​ព្រោះ​យើង​ជឿថា​យើង​អាចធ្វើ​វា​បាន។ តែ​ប្រសិនបើ​យើង​មិនមាន​ទំនុកចិត្ត​ទេនោះ កម្លាំង​នៃ​ការខិតខំ​ប្រឹងប្រែង​ក៏​ថយចុះ​ទៅតាម​នោះដែរ ព្រោះ​អារម្មណ៍​ទន់ជ្រាយ​ដែល​យើង​មាន តែងតែ​បង្អាក់​ខ្លួនឯង​មិនឱ្យ​ធ្វើ​រឿង​មួយចំនួន​ដែល​អាច​អភិវឌ្ឍ​ខ្លួន​យើង​ឱ្យ​ខ្ពស់ជាង អ្វីដែល​យើង​មាន​នាពេល​បច្ចុប្បន្ននេះ​ទេ។

សាស្ត្រាចារ្យ​គ្រប់គ្រង​ពាណិជ្ជកម្ម លោក រិ​ន រ៉ាវុធ បាន​លើកឡើងថា គ្មាន​មាត្រា​ណា​នៅក្នុង​រដ្ឋធម្មនុញ្ញ​បង្ហាញថា​កូនអ្នកក្រ​មិនអាច​ថ្កុំថ្កើង​បាន​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​សកម្មភាព​ផ្ទាល់ខ្លួន​របស់​យើង​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឆ្ពោះទៅរក​ភាព​ថ្កុំថ្កើង។ លោក​បានបញ្ជាក់​ផងដែរ​ថា ប្រសិនបើ​យើង​យក​ចំណុច​អវិជ្ជមាន ឬ​ឧបសគ្គ​នៅក្នុង​ជីវិត​មួយចំនួន​មក​ចោទ​ជា​បញ្ហា ហើយ​មិន​ព្រមធ្វើ​ការផ្លាស់ប្តូរ​កែប្រែ​ស្ថានការណ៍​អាក្រក់​ឱ្យទៅជា​ល្អ​វិញ​ទេនោះ​យើង​នឹង​ក្លាយជា​មនុស្ស​ដែល​ស្មុគស្មាញ បាក់​ទឹកចិត្ត កើត​ស្ត្រេ​ស ហើយ​ទីបំផុត​ប្រាកដជា​គ្មាន​ទទួលបាន​លទ្ធផល​អ្វី​ទាំង​អស់ពី​ពេលវេលា​ដែល​កន្លងទៅ។

លោក រិ​ន រ៉ាវុធ បាន​និយាយថា៖ “ប្រសិនបើ​យើង​ធ្វើ​អ្វីមួយ​គិត​បារម្ភ​ខ្លាច​ពី​ឧបសគ្គ​ចំពោះមុខ ហើយ​មិន​ជឿ​លើ​សមត្ថភាព​ខ្លួនឯង ទាំង​ខ្លួន​កំពុងតែ​ធ្វើ​វា​នោះ វា​ហាក់បីដូចជា​យើង​ជិះ​កង់ ហើយ​ចាប់​ហ្វ្រាំង​ដូច្នោះ​ដែរ។

សាស្ត្រាចារ្យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា​ប្រសិនបើ​យើង​គិតតែ​ពី​បញ្ហា នោះ​យើង​នឹង​ជួបតែ​បញ្ហា តែ​ប្រសិនបើ​យើង​សម្លឹងមើល​ពី​ដំណោះស្រាយ​នោះ​ដំណោះស្រាយ​រាប់មិនអស់​នឹង​ចូលមកក្នុង​ជីវិត​យើង។ ជា​ឧទាហរណ៍ ប្រសិនបើ​យើង​គិតថា ខ្លួន​យើង​ក្រ មិនមាន​សាច់ញាតិ​បងប្អូន​ដែល​អាច​ពឹងពាក់ ឬ​ជួយ​ក្នុងការ​ណែនាំ​ឱ្យចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នធំៗបាន យើង​ប្រាកដជា​បាក់​ទឹកចិត្ត និង​មិនមាន​ការខិតខំ​ប្រឹងប្រែង ឬ​អាច​បោះបង់ចោល​ការសិក្សា​ដែលជា​អនាគត​របស់ខ្លួន​ក៏​ថាបានដែរ តែ​ប្រសិនបើ​យើង​គិតថា​សង្គម​គេ​ត្រូវការ​អ្នកមាន​សមត្ថភាព យើង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន ហើយ​សមត្ថភាព​ពិតប្រាកដ​នៅតែមាន​តម្លៃ​ខ្លាំង​សម្រាប់​មនុស្សគ្រប់​កាលៈទេសៈ នោះ​យើង​នឹង​ទទួលលទ្ធផល​វិជ្ជមាន​ពី​ការគិត​បែប​វិជ្ជមាន​នេះ​មិន​ខាន។ ព្រោះថា ប្រសិនបើ​យើង​មាន​សមត្ថភាព​ហើយ មិនទាន់បាន​ធ្វើការ​ងា​រ​ធំ​ដោយសារតែ​យើង​មិនមាន​សាច់ញាតិ​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ហើយ​អ្នក​ដែល​ឡើង​គ្រប់គ្រង​ក្រុមហ៊ុន​នោះ​មិនមាន​ជំនាញ​ពិតប្រាកដម្ចាស់​ក្រុមហ៊ុន​ប្រាកដជា​ត្រូវការ​ផ្លាស់ប្តូរ​ឱ្យ​អ្នកមាន​សមត្ថភាព​ទៅ​ជួយ​កិច្ចការ​របស់គេ​វិញ​មិន​ខាន​ពេលនោះ​យើង​នឹង​ទទួលបាន​ឱកាសល្អ ថែមទាំង​អាចអភិវឌ្ឍ​ខ្លួន និង​រៀនសូត្រ​បាន​បន្ថែម​ទៀតផង។

ហម សុខ​នី យុវជន​លេចធ្លោ​មួយរូប​ក្នុងចំណោម​យុវជន និង​ជា​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​អន្តជាតិ​នៃ​សាកលវិទ្យាល័យ ហ្សា​ម៉ាន​អន្តរជាតិ បាន​លើកឡើងថា ជីវិត​ជា​និស្សិត​ពេលខ្លះ​គឺ​មិនទាន់​អាច​ជឿថា ខ្លួន​ធ្វើបាន​នោះទេ បើទោះបីជា​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាចធ្វើ​រឿងល្អៗជាច្រើន​ក៏ដោយ ព្រោះ​និស្សិត​ជា​អ្នក​ដែល​មិនទាន់មាន​បទពិសោធ​ក្នុង​ជីវិត​ច្រើន​មិនទាន់​ជួប​រឿង​ច្រើន ហើយក៏​មិន​ហ៊ាន​សាកល្បង​ដែរ។

យុវជន ហម សុខ​នី បាន​និយាយថា ៖ “ពេលខ្លះ នៅពេលដែល​យើង​សាកល្បង​ស្រាវជ្រាវ​ឱ្យបាន​ច្រើន បន្ទាប់មក​ដកស្រង់យក​គំនិត​ទ្រឹស្តី​ទាំងអស់​នោះមក​អនុវត្ត​ក្នុងការ​រស់នៅ​ដោយ​គ្មាន​ការព្រួយបារម្ភ យើង​នឹងមាន​ភាព​ភ្ញាក់ផ្អើល ដែល​ពេលខ្លះ​វា​ក៏​អាច​រុញច្រាន​យើង​ឱ្យ​ក្លាយជា​បេក្ខជន​ក្នុងការ​ប្រកួតប្រជែង​លើ​កម្មវិធីធំៗ ដែល​យើង​មិន​ធ្លាប់​គិតថា​អាចធ្វើ​បាន​ពីមុនមក។

ជាការ​បង្ហាញ​របស់​យុវជន​ខាងលើ គឺ​ចង់ឱ្យ​យុវជន​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​សិក្សា សាកល្បង​យក​ចំណេះដឹង​របស់ខ្លួន​ដើម្បី​ប្រើប្រាស់​ក្នុង​ជីវិត​ជាក់ស្តែង។ កំហុស​មិនមែនជា​បញ្ហា​ចោទ​នោះទេ ព្រោះ​យើង​កំពុង​រៀន និង​សាកល្បង តែ​ប្រសិនបើ​យើង​ទទួលបាន​ជោគជ័យ​វិញ​នោះ វា​ពិតជា​មោទនភាព​ដ៏​ពិតប្រាកដ និង​ធ្វើឱ្យ​យើង​មាន​ភាព​លេចធ្លោ​ក្នុងចំណោម​យុវជន​ទាំងឡាយ៕

Advertisement