មេ​ធំ​ស្មា​ត​ហ្វូ​ន HTC លាឈប់​ពី​តំណែង​ទាំង​គ្មាន​ហេតុផល​ច្បាស់លាស់

លោក Chialin Chang ឡើងបង្ហាញទូរស័ព្ទ HTC M8 នាពេលកន្លងមក

ក្រុមហ៊ុន HTC បានប្រកាស​ឱ្យដឹង​នាពេលថ្មីៗនេះ​ថា លោក Chialin Chang ប្រធាន​ទទួលបន្ទុក​លើ​ស្មា​ត​ហ្វូ​ន​របស់ HTC បាន​លាឈប់​ពី​តំណែង ដែល​ការលាឈប់​នេះ​ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រុមហ៊ុន​បានប្រកាស​បង្ហាញ​របាយ​ការណ៍​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ធ្លាក់ចុះ​រហូតដល់ 27% និង​ធ្លាក់ចុះ 10ខែ​ជាប់​គ្នា​នៅក្នុង​ឆ្នាំនេះ។

មូលហេតុ​នៃ​ការលាឈប់​របស់​ប្រធាន​គ្រប់គ្រង​លើ​ផ្នែក​ស្មា​ត​ហ្វូ​ន​រូបនេះ មិនត្រូវ​បាន HTC ប្រកាស​ឱ្យដឹង​ឡើយ ប៉ុន្តែ​នៅក្នុង​សេចក្ដីរាយការណ៍​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន​បានឱ្យដឹងថា លោក Chialin Chang លាឈប់​ដោយសារតែ​រវល់​លើ​ការងារ​ផ្ទាល់ខ្លួន តែ​សម្រាប់​ក្រុមអ្នកវិភាគ​វិញ​បាន​មើលឃើញថា គាត់​លាឈប់​ក៏​ព្រោះតែ​មិនអាច​ស្ដារ​ស្ថានការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ឱ្យ​ល្អប្រសើរ​ឡើងវិញ​បាន។

បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​របស់ HTC បានឱ្យដឹងថា លោក Chialin Chang ដែល​បាន​ចំណាយពេល 6ឆ្នាំ​ជាមួយ HTC នឹង​លាឈប់​ពី​តួនាទី​នៅ​ពាក់​កណ្ដាលខែ​នេះ(កុម្ភៈ) ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នៅ​មិនទាន់​ប្រកាស​ឱ្យដឹងពី​បុគ្គល​ថ្មី​ដែល​នឹង​មកកាន់​តំណែង​មួយ​នេះ​នៅឡើយ៕

Advertisement