លោក Valverde ទទួល​ស្គាល់​ថា លោកមាន​ការ​​បារម្ភ​ពេល Barca ប៉ះ Chelsea រាត្រី​នេះ

ក្រុម Barcelona ពិត​ជា​ចង់​គេច​​ឱ្យផុត​ពី​ការ​​ជួប​ជាមួយ​នឹងក្រុម Chelsea ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ 16​​ក្រុម​ចុងក្រោយ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​​អ្នក​ចាត់​ការ​ទូទៅ​របស់​​ពួក​គេ។​

លោក Ernesto Valverde ដែល​​បារម្ភ​ពី​ទម្រង់​លេង​ដ៏​មិន​គួរ​ឱ្យ​ជឿ​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រុម​របស់​អង់គ្លេស​ក្នុង​យុទ្ធ​នាការ​​​​​នៅ​រដូវកាល​នេះ​។ ក្រុម Chelsea បាន​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​2 ក្នុង​ពូល C បន្ទាប់​ពីក្រុម Roma ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​3 ​នៅលើ​តា​រាង Serie A ដោយ​សារ​តែ​​ចាញ់​គ្រាប់​បាល់​នៅក្រៅទឹក​ដី​។

ដោយ​ឡែកក្រុម Barca របស់​លោក Valverde បាន​បញ្ចប់​ដោយការ​នាំមុខ​ 3​ពិន្ទុ​ដាច់​លើ​ក្រុម Juventus ដើម្បី​ឈរ​លើលេខ​1​ ក្នុង​ពូល D និង​បាន​បញ្ជាក់​​យ៉ាង​ច្បាស់​ថា លោក​នឹង​រីក​រាយ​​ប្រសិន​​បើចំណាត់​ថ្នាក់​​មាន​ភាព​បញ្ច្រាស់​ផ្ទុយពី​នេះ​។ លោក Valverde បាន​ឱ្យ​ដឹង​ថា៖​ «យើង​ពិត​ជា​ចង់​ឱ្យ​ក្រុម Chelsea បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​1​ ក្នុង​ពូល​របស់​ពួកគេ ហេតុនេះយើងនឹង​មិន​បាន​ប្រកួត​ជាមួយ​​ពួក​គេ​ឡើយ​​។ ពួក​គេ​ជាម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ដែល​ជាក្រុម​ដ៏ខ្លាំងមួយ​។

ក្រុម​អង់គ្លេស​នៅឆ្នាំ​នេះ កំពុង​តែ​ស្ថិតក្នុង​ទម្រង់​លេង​ដ៏ល្អអស្ចារ្យ​ ពោល​គឺ​ខ្លាំង​ជាង​ឆ្នាំមុន​ៗ​​ទៅ​ទៀត​»​។ គ្រូ​បង្វឹក​​រូបនេះ​បាន​ប្រាប់​បន្តទៀត​ថា៖ «Chelsea អាច​នឹង​ស្ថិតក្នុង​កម្រិត​លេង​ដ៏ខ្លាំង​ដូចគ្នា​។ យើង​ដឹង​បែប​នោះ ដោយ​សា​រតែ​អង់​គ្លេស មាន​ក្រប​ខ័ណ្ឌ​លីក​ដ៏ខ្លាំង​មួយ​។ ពួក​គេ​នឹង​​ត្រៀម​រួចជាស្រេច​ដើម្បី​ធ្វើ​ការ​ប្រកួត​»​។ ក្រុម​ទាំងពីរ​ មិន​ធ្លាប់បាន​ជួប​គ្នា​សោះ​ក្នុង​ក្រប​ខ័ណ្ឌ Champions League ​បើ​គិត​ចាប់​តាំងពី Chelsea បាន​កត់​ត្រា​ជ័យ​​ជម្នះក្នុង​លទ្ធផល​ទាំងពីរ​ជើង 3-2 លើក្រុម Barcelona ក្នុង​​ដំណើរ​​ឆ្ពោះ​ទៅកាន់​ការលើក​ពាន​នេះកាលពីឆ្នាំ​2012​​។

Chelsea បាន​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ តាមរយៈ​ការ​យកឈ្នះ​លើ​ក្រុម Hull City ក្នុងលទ្ធផល 4-០ ក្នុង​ការប្រកួត​ពាន FA Cup កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ដែល Barcelona បានផ្តួលក្រុម​ Eibar 2-0 ក្នុង​ក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​សៅរ៍​។ ការ​ប្រកួត​នេះ​នឹង​ចាប់​​ផ្តើម​នៅម៉ោង​2:45​ទៀប​ភ្លឺ​៕

ប្រភព​ពី៖ The Guardian

Advertisement