អាជីវកម្មតម្បាញសូត្រផ្តល់ការងារដល់ពលរដ្ឋខ្មែរ 2ម៉ឺននាក់

នៅក្នុងប្រទេសកម្ពុជា សូត្រត្រូវបានចាត់ទុកជាផលិតផលអាទិភាពដែលមានសក្តានុពលនាំចេញដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ដែលបានផ្តល់ការងារ និងប្រាក់ចំណូលជូនអ្នកតម្បាញដែលជាស្ត្រីភាគច្រើននៅជនបទប្រមាណជា ២ម៉ឺននាក់នេះបើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ។

ដើម្បីលើកកម្ពស់វិស័យសូត្រនៅកម្ពុជាឱ្យមានសកម្មភាពរស់រវើក ក្រសួងពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាជាមួយសហព័ន្ធសូត្រអន្តរជាតិនៃប្រទេសចិន ដើម្បីផ្តល់ឱកាសជូនតំណាងក្រុមហ៊ុនសូត្រកម្ពុជា និងចិនធ្វើការផ្លាស់ប្តូរព័ត៌មាន និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក សំដៅជំរុញការអភិវឌ្ឍវិស័យសូត្រប្រណីតរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យសូត្រប្រណីតតាមរយៈគម្រោងពិពិធកម្ម និងពង្រីកការនាំចេញដំណាក់កាលទី1 (CEDEP 1) នៃកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) និងការបង្កើតគណៈកម្មការសូត្រជាតិជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍សូត្រជាតិ ឆ្នាំ 2016-2020 “គម្រោងនេះបានជួយពង្រឹងសមត្ថភាពផលិតករសូត្រកម្ពុជាទាក់ទិននឹងវិធីសាស្ត្រពិនិត្យគុណភាពសរសៃសូត្រ ការរចនាម៉ូដផលិតផល ការរៀបចំផែនការ និងយុទ្ធសាស្ត្រទីផ្សារ ការទំនាក់ទំនងជាមួយអតិថិជន ការដោះស្រាយបញ្ហាផ្នែកបញ្ជាទិញ និងការចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ”។

ឯកឧត្តមបន្តថា បច្ចុប្បន្នគណៈកម្មការសូត្រជាតិរបស់កម្ពុជាកំពុងប្រើប្រាស់យុទ្ធសាស្ត្រនេះធ្វើជាផែនទីបង្ហាញផ្លូវដើម្បីកៀងគរជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសបន្ថែមពីលេខាធិការដ្ឋាន EIF និងដៃគូអភិវឌ្ឍន៍អន្តរជាតិផ្សេងៗ សំដៅអភិវឌ្ឍចង្វាក់តម្លៃសូត្រប្រណីតរបស់កម្ពុជា និងគាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតសូត្រទាំង14នៅកម្ពុជា។

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានឲ្យដឹងថា ការផលិតវត្ថុធាតុដើមពីសូត្រក្នុងមួយឆ្នាំ គិតជាមធ្យមមានចំនួន 80ពាន់តោន ហើយនៅក្នុងនោះសរសៃសូត្រជាង 70% មានប្រភពមកពីប្រទសចិន។ ពាណិជ្ជកម្មសូត្រសកល ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រមាណជា 25ពាន់លានដុល្លារ។៕

Advertisement