កម្ពុជា​នឹង​ចរចា​បង្កើន​រថយន្ត​ដឹកជញ្ជូន​ជាមួយ​ប្រទេសជិតខាង

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ចរចា​ជាមួយ​ប្រទេសជិតខាង​បង្កើន​ចំនួន​រថយន្ត​ដឹកជញ្ជូន​ឆ្លងដែន​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​កើនឡើង​សម្រាប់​ដឹកទំនិញ​ឆ្លងដែន។

បច្ចុប្បន្ន​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ជាប់​ព្រំដែន​របស់ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​រថយន្ត​ឆ្លងដែន​ប្រមាណ​ជា​ជិត 700គ្រឿង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដោយ​ក្នុងនោះ​រថយន្ត​ឆ្លងដែន​ជាមួយ​ឡាវមាន 40គ្រឿង ប្រទេស​ថៃ 150គ្រឿង និង ប្រទេស​វៀតណាម 500គ្រឿង។ នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ក្នុងឱកាស​ជួបប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដឹកជញ្ជូន​នាពេល​កន្លងទៅ ឯកឧត្តម បាន​អះអាងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ចរចា​ជាមួយ​ប្រទេសជិតខាង​ដើម្បី​បង្កើន​ចំនួន​រថយន្ត​ឆ្លងដែន​ឱ្យបាន​ច្រើន​បន្ថែមទៀត ឱ្យ​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​ការធ្វើដំណើរ ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​ផងដែរ។ ឯកឧត្តម​បានបញ្ជាក់​យ៉ាងច្បាស់​ថា “យើង​កំពុង​ចរចា​ជាមួយ​ប្រទេសជិតខាង ដើម្បី​បង្កើន​ចំនួន​រថយន្ត​ឆ្លងដែន​បន្ថែមទៀត។

ឧកញ៉ា ឈឹម សុកន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ដឹកជញ្ជូន​ផ្លូវគោក​បានឱ្យដឹងថា រឿង​ដឹកជញ្ជូន​នេះ ក្រសួង​ត្រូវ​ថ្លឹងថ្លែង​ឱ្យបាន​ច្បាស់លាស់​មុន​ឈានទៅដល់​កិច្ចព្រមព្រៀង​ថ្មី ព្រោះ​សព្វថ្ងៃ​ការដឹកជញ្ជូន​បាន​គ្របដណ្តប់​លើ​ទិដ្ឋភាព​ដឹកទំនិញ និង​ដឹក​អ្នកដំណើរ។

ឧកញ៉ា ឈឹម សុកន បាន​អះអាងថា ការដឹកជញ្ជូន​របស់​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម ឬ​ថៃ​គឺមាន​ចំនួន​តិចតួច​បំផុត ខណៈ​ការដឹកជញ្ជូន​ពី​ប្រទេស​ទាំងពីរ​នោះ​ចូលមក​កម្ពុជា​វិញ មាន​ចំនួនច្រើន ជាពិសេស​គ្រប់​ដណ្តប់​លើ​ទិដ្ឋភាព​ដឹក​អ្នកដំណើរ​សម្រាប់​វិស័យ​ទេសចរណ៍​តែម្តង។

ឧកញ៉ា ឈឹម សុកន បញ្ជាក់ថា៖ “ការដឹកជញ្ជូន​មាន​ភាព​សំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ទៅវិញទៅមក ប៉ុន្តែ​កម្ពុជា​ធ្វើបាន​តិច​ណាស់​ក្នុងពេល​កន្លងមក ហើយ​ការដឹកជញ្ជូន​របស់គេ​មក​កម្ពុជា​វិញ​មាន​ច្រើនណាស់ ជាពិសេស​បំផុត​នោះ គឺ​ការដឹកជញ្ជូន​អ្នកដំណើរ​តែម្តង។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ប្រទេសជិតខាង (ថៃ និង​វៀតណាម)មាន​ជិត10ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2017កន្លងទៅ ដោយ​ក្នុងនោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម មាន​ទឹកប្រាក់​ចំនួន 3.8ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង 25% បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016កន្លងទៅ។ តួលេខ​នេះ​ត្រូវ​បានបង្ហាញ​ក្នុងជំនួប​ទ្វេភាគី​រវាង សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សង្គមនិយម​វៀតណាម ង្វៀន សួន​ហ្វ៊ុ​ក កាលពី​រសៀល​ថ្ងៃទី10 ខែមករា​កន្លងទៅ។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ក្នុង​ឆ្នាំ2017កន្លងមក មាន​រហូតដល់​ប្រមាណ5.5ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ 10ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016។ នេះ​បើ​យោងតាម​តួលេខ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុងជំនួប​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ប្រា​យុទ្ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី10 ខែមករា ឆ្នាំ2018 ដូចគ្នា៕

Advertisement