ចង់​ចេញ​រកស៊ី តែ​ខ្វះ​ទុន តើ​គួរ​ខ្ចីលុយ​បន្ថែម​ពី​ធនាគារ ឬ​ចាំ​សន្សំ​លុយ​គ្រប់?

ការបើក​អាជីវកម្ម​ថ្មី​មួយ មិន​ថា​អាជីវកម្ម​តូច​មធ្យម ឬ​អាជីវកម្ម​ធំ​នោះទេ គឺ​ទាមទារ​ឱ្យ​អាជីវករ​ត្រូវមាន​ប្រភព​ទុន​ឱ្យបាន​ច្បាស់លាស់​ជាមុន ចៀសវាង​មាន​ហានិភ័យ​ហិរញ្ញវត្ថុ​ណាមួយ​កើតឡើង មិនមាន​ប្រាក់​បម្រុង​ទុក​ខាត​ដំណាក់កាល​ដំបូង​នាំឱ្យ​អាជីវកម្ម​បរាជ័យ។ ដូច្នេះ​សួរថា​តើ​មុន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​គួរ​ត្រូវ​រង់ចាំ​សន្សំ​ប្រាក់​គ្រប់​ចំនួន​ដោយ​ខ្លួនឯង ឬ​ត្រូវ​ខ្ចីប្រាក់​ពី​ធនាគារ​មក​ធ្វើ​ដើមទុន?

លោក យ៉​ត ណា​រ៉ូ ជា​អាជីវ​ករលក់​ចាប់ហួយ​នៅក្នុង​ផ្សារ​អូ​ឫស្សី​មានប្រសាសន៍ថា វា​អាស្រ័យ លើ​ការយល់ឃើញ​របស់​ម្ចាស់​អាជីវកម្មនីមួយៗ ទស្សនៈ​របស់លោក​យល់​ថា បើ​មាន​ឱកាសល្អ​គួរតែចាប់ផ្តើម​ធ្វើ​វា ហើយ​បើ​ខ្វះ​ទុន​គួរតែ​ខ្ចី​ពី​ធនាគារ​សិន​ទៅ មិនគួរ​ត្រូវ​រង់ចាំ​សន្សំ​លុយ​ខ្លួនឯង​គ្រប់​នោះទេ ព្រោះ​វា​អាច​បាត់បង់​ឱកាសល្អ​នេះ។ និយាយ​ចប់​លោក​សើចតិចៗហើយ​លោក​បន្តថា នេះ​ជាការ​យល់ឃើញ​របស់ខ្ញុំ តែ​ផ្ទុយទៅវិញ ខ្ញុំ​ជាម​នុស្ស​ខ្លាច​បំផុត​ក្នុងការ​ខ្ចីលុយ​គេ​មករក​ស៊ី មិន​ថា​ចងការ​គេ​ក្រៅ ឬ​ខ្ចី​ពី​ធនាគារ​ក៏ដូចជា​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​នោះទេ ដោយហេតុថា ខ្ញុំ​មិន​ធ្លាប់មាន​បទពិសោធ​ក្នុងការ​រៀបចំ​ឯកសារ​លើ​ការស្នើសុំ​កម្ចី​ពី​ធនាគារ សម្រាប់​ខ្ញុំ​គិតថា វា​ពិបាក​ខ្លាំង​សម្រាប់​ការងារ​នេះហើយ​បើ​ខ្ចី​ចងការ​គេ​ក្រៅ ការប្រាក់​ថ្លៃ​អា​ចរក​មិន​សល់​នឹង​បង់​ការប្រាក់​គេ​ឡើយ។

លោក​មានប្រសាសន៍​ដូច្នេះ​ថា “ខ្ញុំ​លក់​ចាប់ហួយ​នេះ 10ឆ្នាំ​មកហើយ ខ្ញុំ​មិនដែល​ធ្លាប់​ខ្ចីលុយ​គេ​ទេ ដំបូង​ឡើយ​ខ្ញុំ​លក់រាយ​ធម្មតា តែ​ឥឡូវ​ខ្ញុំ​ក៏មាន​បោះ​ដុំ​ផងដែរ ការខ្ចី​លុយ​គេ​រកស៊ី ឬ​ពង្រីក​មុខរបរ​មិនមែន​មិនល្អ​នោះទេ តែ​មកពី​ខ្ញុំ​មិន​ចង់​ដាក់​សម្ពាធ​លើ​ខ្លួនឯង បើ​មុខរបរ​យើង​ដំណើរការ​មិនសូវ​ល្អ ខ្លាច​គេង​មិន​លក់​ពិបាកចិត្ត​គិត​ច្រើន ព្រោះ​ត្រូវ​រកលុយ​បង់ការ​ផង និង​សង​ដើម​គេ​ត្រឡប់​ទៅ​គេ​វិញ​ផង ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​តាមតែ​លទ្ធភាព​ដែល​ខ្ញុំ​មាន​គ្រាន់តែ​វា​រាង​យឺត​បន្តិច​ទម្រាំ​យើង​អាច​សន្សំ​លុយ​ខ្លួនឯងបាន​គ្រប់​យកមក​ពង្រីក​លើ​ការលក់​បោះ​ដុំ​នេះ។

ក្រឡេកមើល​របរ​រក​ស៊ី​របស់​អ្នកស្រី មូល ដាវី ដែលជា​អាជីវករ​ផ្គត់ផ្គង់​ជី​កសិកម្ម និង​សម្ភារ​កសិកម្ម មាន​ទីតាំងនៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​ឯណោះ​វិញ អ្នកស្រី​បាន​មានប្រសាសន៍ថា ដើមឡើយ​អ្នកស្រី​មាន​ប្រាក់​សម្រាប់​ទិញ​ជី​កសិកម្ម​ពី​ក្រុមហ៊ុន​មក​លក់​បន្ត​ទៅឱ្យ​កសិករ​នៅក្នុង​មូលដ្ឋាន ប៉ុន្តែ​មិនមែនជា​អាជីវកម្ម​ខ្នាត​ធំ​នោះទេ។

ដោយសារតែ​ការចាប់ផ្តើម​ដំបូង​ត្រូវ​ទិញតិចៗយកមក​សាកល្បង​លក់​ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ​ជាមុនសិន ក្រែង​លក់​មិន​ដាច់​ខ្លាច​យកមក​ច្រើន​ធ្វើឱ្យ​យើង​ខាត​ទៅវិញ​ក៏​ច្រើន។ អ្នកស្រី​បន្តថា ក្រោយពី​លក់បាន​មួយរយៈ ការប្រើប្រាស់​ជី​កសិកម្ម​របស់​កសិករ កាន់​តែមាន​តម្រូវការច្រើនឡើងៗ ដែលជា​ហេតុ​ធ្វើឱ្យ​អ្នកស្រី​ខ្វះ​ទុន​ពង្រីក​អាជីវកម្ម ដូច្នេះ​ចៀស​មិន​ផុតពី​ការខ្ចីប្រាក់​ពី​ធនាគារ​នោះឡើយ។

អ្នកស្រី​បញ្ជាក់បន្ថែម​ដូច្នេះ​ថា “កាលនោះ​បើសិនជា​មិន​ខ្ចី​ធនាគារ​មក​ពង្រីក​មុខ​របរ​រកស៊ី​ទេនោះ ប្រហែលជា​អាជីវកម្ម​មិន​រីក​ធំធាត់​មកដល់​សព្វថ្ងៃនេះ​ឡើយ ប៉ុន្តែ​វា​មិន​ស្រួល​នោះទេ នៅពេលជំពាក់​បំណុល​ធនាគារ គឺ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្លាំង​ទៅលើ​ការចំណាយផ្សេងៗ បើ​ពុំ​ដូច្នេះ​ទេ ការចាយវាយ​ខ្ជះខ្ជាយ​ភ្លេចខ្លួន​តែ​បន្តិច​បាត់​ដើម​បាត់​ចុង ប្រាកដជា​រកប្រាក់​សង​ធនាគារ​មិនបាន​ទេ។

ឆ្លងកាត់​បទពិសោធ​ធ្វើ​អាជីវកម្ម​ជាច្រើន​ឆ្នាំ​មកនេះ អ្នកស្រី​បានផ្តល់​ជា​អនុសាសន៍​ថា បើសិន​ខ្ចីប្រាក់​គេ​មករក​ស៊ី​ក៏​មិនមាន​បញ្ហា​អ្វី​ដែរ ព្រោះ​យើង​យកប្រាក់​មក​បង្កើត​ប្រាក់ បង្កើន​អាជីវកម្ម​ឱ្យ​កាន់តែ​រីកធំឡើង កុំ​យកប្រាក់​មក​ចាយវាយ​គ្មាន​គោលដៅ​ច្បាស់លាស់ បើ​មិន​ដូច្នោះ​ទេ ទោះ​រកស៊ី​ចំណេញ​ក៏​រកលុយ​មក​សង​ធនាគារ​វិញ​មិន​គ្រប់​ដែរ។

ជួប​ជាមួយ​លោក ណា​ង គី​ណា​ល់ នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ មានប្រសាសន៍ថា ការធ្វើ​អាជីវកម្ម​មួយ​មិន​សំខាន់​ទៅលើ​មាន​ប្រាក់​គ្រប់​ចំនួន​ដោយ​ខ្លួនឯង​ឬ​ខ្ចីប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មក​ធ្វើជា​ប្រភព​ទុន​នោះទេ សំខាន់​នៅត្រង់ថា តើ​អាជីវកម្ម​របស់​យើង​ពេល​ចាប់ផ្តើម​ដំណើរការ មានការ​គាំទ្រ​នៅលើ​ទីផ្សារ​កម្រិតណា? ចៀសវាង​ពេល​បើក​ដំណើរការ​ហើយ​បរាជ័យ​ទៅវិញ​នាំឱ្យ​ខាតបង់​ប្រាក់ ជួប​បញ្ហា​ហានិភ័យ​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ។

យ៉ាងណា​នោះ​លោក​គិតថា បើសិន​ជាមាន​ប្រាក់​គ្រប់​ចំនួន​សម្រាប់​បើក​អាជីវកម្ម​អ្វីមួយ គឺជា​ការប្រសើរ​ហើយ ព្រោះថា មិនចាំបាច់​គិតពី​ការសង​ត្រឡប់​ទៅ​ធនាគារ​នាំឱ្យ​ខាត​ការប្រាក់។ ប៉ុន្តែសម្រាប់​អាជីវកម្ម​ភាគច្រើន​ពេល​ចាប់ផ្តើម​ដំណើរការ​តែង​ជួប​ការខ្វះខាត​ទុន​នៅពេល​ដែលមាន​ការគាំទ្រ​លើ​ទីផ្សារ​ខ្លាំង ដែល​ទាមទារ​ឱ្យ​វិនិយោគិន ឬ​អាជីវករ​ត្រូវ​បង្ខំចិត្ត​ស្វែងរក​ប្រភព​ទុន​បន្ថែមមិន​ថា​ប្រភព​ទុន​ពី​បងប្អូន មិត្ត​ភ័ក្តិ ឬ​ធនាគារ​នោះទេ សំខាន់​ឱ្យតែ​យកប្រាក់​នោះមក​ពង្រីក​អាជីវកម្ម​បាន​ដើម្បី​បង្កើន​ប្រាក់ចំណេញ គឺជា​ការប្រសើរ​ហើយ ចៀសវាង​តែមួយគត់ គឺ​ខ្ចីប្រាក់​គេ​មក​មិនដឹងថា ត្រូវ​យកមក​ធ្វើ​អ្វី​ឱ្យ​ច្បាស់លាស់ ខុសពី​ពាក្យ​ថា​យកប្រាក់​មក​បង្កើត​ប្រាក់។

លោក គី​ណា​ល់ បញ្ជាក់​ដូច្នេះ “បើសិនជា​ឱកាស​ហុច​ឱ្យ​ហើយ យើង​មិន​គិតគូរ​ក្នុងការ​ចាប់ផ្តើម​បង្កើត​មុខរបរ ដោយហេតុ​ផល​ថា គ្មាន​ប្រាក់ នោះ​យើង​នឹង​បាត់​ឱកាស​មិន​ខាន ហើយ​ថ្ងៃក្រោយ​ទោះ​ជាមាន​ប្រាក់​គ្រប់​សម្រាប់ធ្វើ​វា តែ​បើសិនជា​មិនមាន​ឱកាសល្អ ក៏​មិនអាច​បើក​ដំណើរការ​អាជីវ​កម្មបាន​ដោយ​រលូន​ដែរ។

ជាមួយគ្នានេះដែរ​លោក​ក៏បានផ្តល់​អនុសាសន៍​ថា ដើម្បី​ចៀសវាង​ហានិភ័យ​ក្នុង​ការធ្វើ​អាជីវកម្ម អាជីវករ ឬ​វិនិយោគិន​ត្រូវធ្វើ​ផែនការអាជីវកម្ម (Business Plan) ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ដូចជា​ការសិក្សា​ស្រាវជ្រាវ​ទីផ្សារ​ថា តើ​អាជីវកម្ម​របស់​យើង​មានការ​គាំទ្រ​ខ្លាំង​ប៉ុនណា​នៅលើ​ទីផ្សារ ព្រោះ​វា​គឺជា​វី​ធី​សាស្ត្រ​ល្អ​ដែល​ដឹកនាំ​អាជីវកម្ម​របស់​យើង​ឱ្យ​ឆ្ពោះទៅរក​គោលដៅ​ច្បាស់លាស់ និង​ជោគជ័យ។

លើសពីនេះ​មុននឹង​ធ្វើ​អាជីវកម្ម​ក៏ត្រូវ​ត្រៀម​ទុនបម្រុងខ្លះៗដែរ ដោយហេតុថា អាជីវកម្ម​អ្វី​ក៏ដោយ​មិនមែន​សុទ្ធតែ​ទទួលបាន​ជោគជ័យ​នោះទេ ហើយ​បើ​ជួប​បញ្ហា​ហិរញ្ញវត្ថុ​យើង​មាន​ទុនបម្រុង យើង​មិន​លំបាក​ក្នុងការ​ដោះស្រាយ​នោះទេ។ គួរ​បញ្ជាក់ថា សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK ក៏មាន​កម្ចី​សម្រាប់ធ្វើ​អាជីវកម្ម​រហូតដល់ 50,000 ដុល្លារ អាស្រ័យទៅលើ​អាជីវកម្ម​តូច ឬ​មធ្យម៕

Advertisement