នី រតនា បដិសេធកើតជំងឺតួឯក

ស្របពេលដែលកំពុងតែសម្ដែងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស លោក នី រតនា ជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី1 កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង និងធ្វើឱ្យអ្នកគាំទ្រអន្ទះសារង់ចាំទស្សនាពីសមត្ថភាពសម្ដែងរឿងលើកដំបូងរបស់លោក ខណៈដែលលោកទទួលបានតំណែងជាតួឯកប្រុស។ ហើយរឿងភាគនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានរំពឹងទុក និងជឿជាក់យ៉ាងមុតមាំថា លោកនឹងទទួលបានការស្រឡាញ់ និងគាំទ្រខ្លាំងពីសំណាក់មហាជនទាំងអស់ ដែលជាកម្លាំងជំរុញចិត្តមួយសម្រាប់បន្ដបោះជំហាននៅក្នុងវីថីសិល្បៈមួយនេះ។

ស្របគ្នានោះដែរ ក៏មានព័ត៌មានខ្សឹបខ្សៀវមួយលេចចេញពីក្រុមការងារសិល្បៈថា តួឯកប្រុសនៅក្នុងរឿង “រាជបុត្រកង្កែប” រូបនេះកំពុងកើតជំងឺតួឯក និងបដិសេធមិនព្រមថតតួរាយរងឡើយ ខណៈពេលខ្លួនកំពុងតែឡើងកូដខ្លាំងនេះ។  ជុំវិញបញ្ហាខាងលើនេះ លោក នី រតនា បានប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនបានកើតជំងឺតួឯកដូចគេថានោះទេ ពោលគឺរឿងអ្វីក៏ដោយ ឱ្យតែក្រុមហ៊ុន​ដាក់ឱ្យថត​គឺត្រូវតែថត ព្រោះនោះជាការងារ។ តារាប្រុសរូបសង្ហាម្នាក់នេះ បានបន្ដថា «អូហ៍! អត់ទេបង ខ្ញុំមិនធ្លាប់គិតទាល់សោះថា ទាល់តែធ្វើតួឯកបានថតនោះ តួអីក៏ខ្ញុំ​ថតបានដែរ មិនប្រកាន់ទេ»។

ជាចុងក្រោយ ម្ចាស់បទល្បី “នារីក្នុងសុបិនបង គឺជាអូន” រូបនេះបានបញ្ជាក់បន្ថែមថា «និយាយទៅ ខ្ញុំជាតារាចម្រៀងមានកុងត្រាជាមួយផលិតកម្មហង្សមាស អ៊ីចឹងហើយបើខាងផលិតកម្មគាត់ដាក់ការងារអីឱ្យយើងធ្វើ គឺត្រូវធ្វើតាមហ្នឹងដែរ។ ខ្ញុំលេងជាតួអីក៏បានដែរ ឱ្យតែខាងហង្សមាសដាក់ឱ្យ។ ចំពោះរឿងដែល​ខ្ញុំកំពុង​តែថតរាល់​ថ្ងៃនេះ ​ខ្ញុំថតបាន 50 % ហើយ ខ្ញុំសង្ឃឹមថា រឿងនោះនឹងបន្ថែមកេរ្ដិ៍ឈ្មោះ និងប្រជាប្រិយភាពដល់រូបខ្ញុំទៀតមិនខាន ព្រោះថា សាច់រឿងល្អ រួមទាំងអ្នកដឹកនាំរឿងក៏ពូកែទៀតផង» ៕

Advertisement