ធនាគារិក​មាន​សុទិដ្ឋិនិយម​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ ខណៈ​តម្លៃ​កសិផល​ងើបឡើង​វិញ

ធនាគារិក​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​នៃ​តម្រូវការ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ2018នេះ ស្របពេល​មាន​សញ្ញាណ​ងើបឡើង​វិញ​នៃ​តម្រូវការ និង​តម្លៃ​កសិផល​ស្ទើរ​គ្រប់​ប្រភេទ​ចាប់តាំងពី​ដើមឆ្នាំ2018នេះ។

តម្លៃ​កសិផល មាន​អង្ករ ដំឡូង​មី​ជាដើម បាន​ធ្លាក់ចុះ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដល់​កម្រិត​ទាប​ដែល​បាន​បង្ក​ជា​ក្តីកង្វល់​ដល់​ប្រជាកសិករ​ចំពោះ​ការបាត់បង់​ប្រាក់ចំណូល ការលក់​ផលិតផល​មិនបាន​ចំណេញ និង​តម្រូវការ​ទីផ្សារ​ខាងក្រៅ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់។

បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត និង​ជា ប្រធាន​មន្ត្រី​ប្រតិ​ប​តិ្ត​ការ​នៅ​ធនាគារ​អេស៊ីលីដា​បាន​អះអាងថា តម្លៃ​កសិផល​បាន​ងើប​ឡើងវិញ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដែលជាសញ្ញា​វិជ្ជមាន​មួយ​សម្រាប់​តម្រូវការ​ហិរញ្ញវត្ថុ​ទៅ​ថ្ងៃ​អនាគត។ ធនាគារ​អេស៊ីលីដា បានកំណត់​អត្រាកំណើន​ប្រចាំឆ្នាំ​របស់ខ្លួន​សម្រាប់​ឆ្នាំ2018 ត្រឹមតែ 8%ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំ2017។

តាមរយៈ​ការកំណត់​អត្រាកំណើន​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារពាណិជ្ជ​ធំជាងគេ​មួយ​នេះ​បាន​មើលឃើញ​នូវ​មូល​ហេតុដែល​ខ្លួន​អាច​សម្រេច​គោលដៅ​នៃ​កំណើន​នេះ​បាន។

បណ្ឌិត សូ ផន​ណា​រី អះអាងថា៖ “អ្វីដែល​យើង​មើលឃើញ កាលណា​តម្លៃ​កសិផល​ងើបឡើង​វិញ តម្រូវការ​ហិរញ្ញវត្ថុ​ក៏មាន​ច្រើន​ដែរ ព្រោះ​ប្រជាជន​ត្រូវការ​ទុន​សម្រាប់​ពង្រីក​ការដាំដុះ។

បណ្ឌិត សូ ផន​ណា​រី បន្ថែមទៀតថា “ក្តី​រំពឹង​ចំពោះ​កំណើន​តម្រូវការ​ហិរញ្ញវត្ថុ​ច្រើន គឺ​ការរីកលូតលាស់​នៃ​សហគ្រាស​ខ្នាតតូច និង​មធ្យម​នេះឯង។

ធនាគារជាតិ​នៃ​កម្ពុជា​បានបង្ហាញ​ឱ្យដឹងថា កាលពី​ឆ្នាំ2017 កន្លងទៅ ការផ្តល់ប្រាក់​កម្ចី​ដល់​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មាន​ទំហំ10.3% ក្នុងចំណោម​កម្ចី​ឥណទាន​សរុប​ពី​ធនាគារ​នៅ​កម្ពុជា ខណៈ​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​បាន​ទម្លាក់​ប្រាក់កម្ចី​រហូតដល់​ទៅ 30%នៃ​ឥណទាន​របស់ខ្លួន​ទៅដល់​វិស័យ​កសិកម្ម។ តម្លៃ​ចំណិត​ដំឡូង​មី​ស្ងួត បាន​ហក់​ឡើង​ពី​ប្រមាណ 100រៀល​ក្នុង​មួយ​គីឡូក្រាម​កាលពី​រដូវ​កាល​មុន ទៅដល់ 400រៀល​ក្នុង1គីឡូក្រាម​ក្នុង​រដូវ​កាល​នេះ។ នេះ​បើ​យោងតាម ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ជាមួយគ្នានេះ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​រហូតដល់ 28.30% ក្នុង​ខែមករា ឆ្នាំ2018 ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ នេះ​បើ​យោងតាម​ទិន្នន័យ​នាំចេញ​អង្ករ​ពី​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​ការនាំចេញ​អង្ករ។ ទិន្នន័យ​នាំចេញ​នោះបាន​បង្ហាញឱ្យឃើញថា ការនាំចេញ​នៅក្នុង​ខែមករា ឆ្នាំ2018 នេះ មាន​បរិមាណ 62,623តោន ខណៈ​ការនាំចេញ​អង្ករ​កាលពី​ខែមករា​ឆ្នាំ2017 មាន​បរិមាណ​ត្រឹមតែ 48,820តោន​ប៉ុណ្ណោះ៕

Advertisement