កម្ពុជា​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ពី​ជប៉ុន

កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ជប៉ុន ជា​កិច្ចសហការ​ល្អ​មួយ​ដែល​កន្លងមក​តាមរយៈ​ជំនួយ​របស់​ជប៉ុន និង​ការជំរុញឱ្យ​មានការ​វិនិយោគ​នៅ​កម្ពុជា បានធ្វើឱ្យ​ប្រទេស​ទាំង2មាន​ភាពជិតស្និទ្ធ ហើយ​អាចជួយ​គ្នា​លើ​វិស័យ​ជាច្រើន​នៅក្នុង​តំបន់។

នៅ​ចុងខែ​កុម្ភៈ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ជួប​ជាមួយ​លោក​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​នឹង​សមាគម​ទាក់ទង​នឹង​ការវិនិយោគ​របស់​ជប៉ុន​មួយចំនួន​ដើម្បី​ជជែក​ពិភាក្សា​លើ​យន្ត​ការថែទាំ​អ្នកវិនិយោគ ដែល​ផ្តល់ឱកាស​ឱ្យមាន​ការសន្ទនា​រវាង​តំណាង​ស្ថាប័នរដ្ឋ​របស់​កម្ពុជា និង​អ្នកវិនិយោគ​ជប៉ុន ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​ស្តាប់​សំណូមពរផ្សេងៗរបស់​វិនិយោគិន​ជប៉ុន​ផង។

កិច្ចពិភាក្សា​នេះ​បាន​ផ្តោតលើ​រឿងសំខាន់ៗមួយចំនួន​ដូចជា លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ (គ.ល.គ) របស់​ក្រុមហ៊ុន​វិនិយោគ​តែមួយ​ដែលមាន​សកម្មភាព​ច្រើន។ ធ្វើ​បច្ចុប្បន្នភាព​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​វិនិយោគ និង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស រៀបចំ​បទដ្ឋាន​នៃ​កិច្ចការពារបរិស្ថាន​ក​ម្ពុ​ជា​ចំពោះ​គម្រោង​វិនិយោគ និង​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការរៀបចំ​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​មូលនិធិ​បរិស្ថាន និង​សង្គម​សម្រាប់​ឧស្សាហកម្ម។ សិក្សា​ពី​កិច្ចការ​ពាក់ព័ន្ធ​នឹង​ពន្ធដារ និង​រៀបចំ​សេចក្តីព្រាង​បទបញ្ជាផ្ទៃក្នុង​របស់​ស​មា​គម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា និង​កិច្ចការ​ពាក់ព័ន្ធ​នឹង​ឡូ​ជី​ស្ទិ​ក និង​ហេដ្ឋារចនាសម្ព័ន្ធ។

គួរ​បញ្ជាក់ថា គិត​មក​ត្រឹម​ឆ្នាំ 2017 តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​របស់​ជប៉ុន​ចំនួន 130គម្រោង​ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ 1.6ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​វិស័យ​មួយចំនួន រួមមាន​ធនាគារ ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ មួយចំនួនទៀត។ដោយឡែក​ក្នុង​ឆ្នាំ2017នេះដែរ ក៏មាន​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន9 ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ 63លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​គម្រោង​វិនិយោគ​ចំនួន8 បាន​បោះទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទុនវិនិយោគ​ប្រមាណ 59លាន​ដុល្លារ​អាមេរិក៕

Advertisement