SCCB ជំ​រុញឱ្យ​ពង្រឹង​សុវត្ថិភាព​បច្ចេកវិទ្យា​ចំពោះ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ

ក្នុង​គោលដៅ​ការពារ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ (Cyber Security)គណៈកម្មការ​កសាង​សមត្ថភាព​អាស៊ាន(SCCB) បាន​ជំរុញ​ឱ្យ​ធនាគារ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ពង្រឹង​សុវត្ថិភាព​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ប្រសើរឡើង។

ការអំពាវនាវ​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់ (Senior Level Committee)នៃ​ក្របខ័ណ្ឌ​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន និង​គណៈកម្មការ​កសាង​សមត្ថភាព​អាស៊ាន (SCCB) នៅ​ប្រទេស​ប្រ៊ុយណេ កាលពីដើម​ស​ប្តា​ហ៏​នេះ ដោយមាន​តំណាង​កម្ពុជា​ចូលរួម​ផងដែរ។

លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹង​នៅក្រោយ​កិច្ចប្រជុំ​នោះ​ថា គណៈកម្មាធិការ​ជាន់ខ្ពស់​ខាងលើ​មាន​តួនាទី​តាមដាន និង​ផ្តល់​ការណែនាំ​ដល់​ក្រុមការងារ​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន (ក្រុមការងារ​ក្របខ័ណ្ឌ​សមាហរណកម្ម​ធនាគារ​អាស៊ាន ក្រុមការងារ​សេរីភាវូបនីយកម្ម​គណ​នី​មូលធន ក្រុមការងារ​អភិវឌ្ឍន៍​ទីផ្សារ​មូលធន ក្រុមការងារ​សេរីភាវូបនីយកម្ម​សេវាកម្ម​ហិរញ្ញវត្ថុ ក្រុមការងារ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ក្រុមការងារ​ប្រព័ន្ធ​ទូទាត់ និង​គណៈកម្មការ​កសាង​សមត្ថភាព) ដើម្បី​សម្រេចបាន​គោលដៅ​រួម​ទាំងបី​គឺ សមាហរណកម្ម​ហិរញ្ញវត្ថុ បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ស្ថិរភាព​ហិរញ្ញវត្ថុ ក្រោម​ផែនការ​សកម្មភាព​យុទ្ធសាស្ត្រ​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ2025។

អង្គប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ដែល​សម្រេចបាន និង​បានផ្តល់​អនុសាសន៍​ឱ្យ​ក្រុមការងារ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​នានា​ដែល​អាច​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការធ្វើសមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន រួមមាន​ដូចជា ការគ្រប់គ្រង​លំហូរ​មូលធន និង​ការជំរុញ​សេរីភាវូបនីយកម្ម​លំហូរ​មូលធន​ក្នុង​តំបន់ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech)។

អង្គ​ប្រជុំបាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ជា​សមាជិក​ពង្រឹង​សុវត្ថិភាព​បច្ចេកវិទ្យា​ចំពោះ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ (Cyber Security) និង​បាន​ស្នើឱ្យ​ក្រុមការងារ​អាស៊ាន​ពីរ​គឺ ក្រុមការងារ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ក្រុមការងារ​ប្រព័ន្ធ​ទូទាត់ សិក្សា​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ចំពោះ​កំណើន និង​ស្ថិរភាព​ហិរញ្ញវត្ថុ​តំបន់។ ម្យ៉ាងទៀត​កិច្ចប្រជុំ​គណៈកម្មការ​កសាង​សមត្ថភាព​អាស៊ាន​បានបង្ហាញ​ពី​លទ្ធផល​នៃ​ការលើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស​សម្រាប់​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឡាវ ម៉​យ៉ាន់​ម៉ា និង​វៀតណាម (BCLMV) នា​ឆ្នាំ2017កន្លងទៅ និង​បាន​ប្តេជ្ញា​បន្តការងារ​នេះ​ថែមទៀត​សំដៅ​កាត់បន្ថយ​គម្លាត​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន 5 ទៀត ដែលមាន​កម្រិត​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​ខ្ពស់ជាង។

គូរ​បញ្ជាក់ថា មុននឹង​បញ្ចប់ អង្គ​ប្រជុំបាន​បោះឆ្នោត​សម្រេច​ផ្តល់​សេចក្តីទុកចិត្ត​ជូន​ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ម៉ាឡេស៊ី ធ្វើជា​សហប្រធាន​គណៈកម្មាធិកា​រ​ជាន់ខ្ពស់​នៃ​ក្របខ័ណ្ឌ​សមាហរណកម្ម​ហិរញ្ញវត្ថុ​អាស៊ាន សម្រាប់​អាណត្តិ​បន្ទាប់​ដែលមាន​រយៈពេល 2ឆ្នាំ (2018-2020)៕

Advertisement