ទុន​ចុះបញ្ជី​នៃ​គម្រោង​វិនិយោគ​​ជប៉ុន​ប្រមាណ $1,600លាន​​ក្នុង​ឆ្នាំ2017

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ការ​ចុះបញ្ជី​ទុនវិនិយោគ​របស់​ជប៉ុន​ប្រមាណ 1,600លាន​ដុល្លារ​នៅ​ឆ្នាំ2017 ដែល​ទើប​កន្លងផុត​ទៅនេះ ដោយ​ភាគច្រើន​ផ្តោតលើ​ការវិនិយោគ​បង្កើត​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

របាយការណ៍​របស់ CDC ក៏បាន​បង្ហាញ​ដែរ​ថា ការចុះបញ្ជី​គម្រោង​វិនិយោគ​សរុប​របស់​ជប៉ុន​ចំនួន 130គម្រោង​ដែល​គ្រោង​ទឹកប្រាក់​វិនិយោគ​ប្រមាណ1,600លាន​ដុល្លារ​អាមេរិក​ក្នុង​វិស័យ​មួយចំនួន​រួមមាន៖ ធនាគារ ឧស្សាហកម្ម ក​សិ-ឧស្សាហកម្ម សេវាកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

តាម​របាយការណ៍​ដដែល​នោះបាន​បង្ហាញថា ក្នុងចំណោម​គម្រោង​វិនិយោគ​នានា មាន​គម្រោង​វិនិយោគ​ជប៉ុន​ចំនួន9 ដែលមាន​ទឹកប្រាក់​ប្រមាណ 63លាន​ដុល្លារ​អាមេរិក ហើយ​ក្នុងចំណោម​នោះ​មាន​គម្រោង​វិនិយោគ​ចំនួន8 ដែលមាន​ទឹកប្រាក់ 59លាន​ដុល្លារ​អាមេរិក បានជ្រើសរើស​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា។

កម្ពុជា​រំពឹងថា នៅក្នុង​ឆ្នាំ2018នេះ គម្រោង​វិនិយោគ​ជប៉ុន​នឹង​កើនឡើង​បន្ថែមទៀត ខណៈដែល​ជប៉ុន​នឹង​បើក​ឱ្យ​ដំណើរការ​នូវ​ផ្សារ​ទំនើប​អុីអន សាខា​ទី2 ដែល​ស្ថិតក្នុង​ដំណាក់កាល​សាងសង់​នៅឡើយ។ មានប្រសាសន៍​កាលពីពេល​កន្លងមក លោក ជំទាវ លឹម ឈីវហូ អគ្គនាយិកា​ក្រុមហ៊ុន LCH ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ1990 ព្រមទាំង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ទៀត​ក្នុង​វិស័យ​ជំនួញ អចលនទ្រព្យ អប់រំ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ជាដើម បាន​កោតសរសើរ​ចំពោះ​គម្រោង​វិនិយោគ​របស់​ជប៉ុន​ដែលមាន​ភាពច្បាសលាស់​ក្នុងការ​ប​ណា្ត​ក់​ទុន​ប្រកប​អាជីវកម្ម​ដោយ​ចាប់​ដៃគូ​ចូល​ហ៊ុន​គ្នា។

លោកជំទាវ លឹម ឈីវហូ បាន​អះអាងថា ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មានសំណាង ហើយ​អាច​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លួត​លាស់ ជីវភាព​របស់​ប្រជាជន​កម្ពុជា​នឹង​ផ្លាស់ប្តូរ​ក្លាយជា​អ្នកមាន បើ​កម្ពុជា​ទទួលបាន​វិនិយោគិន​ជប៉ុន​ត្រឹមតែ​បន្តិចបន្តួច ធៀប​ជាមួយ​ការវិនិយោគ​របស់​ប៉ុន​នៅ​ប្រទេស​ថៃ​នោះ។ លោកជំទាវ បាន​បញ្ជាក់ថា៖ “បើសិនជា​ក្រុមហ៊ុន​ជប៉ុន​ចំនួន​តែ 2%នៃ​ក្រុមហ៊ុន​ជប៉ុន​ដែល​វិនិយោគ​នៅ​ប្រទេស​ថៃ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​វិញ​នោះ ប្រជាជន​ខ្មែរ​អាច​ធ្វើជា​អ្នកមាន​ទាំងអស់គ្នា​បាន ហើយ​ពួកគាត់​នឹងមាន​ការងារ​ធ្វើ​ទាំងអស់គ្នា”។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​បាន​ច្រើន​សម្រាប់ធ្វើ​សកម្មភាព​វិនិយោគ​នៅ​តំបន់​នោះ ដោយមាន​ក្រុមហ៊ុន​ជប៉ុន​ជាង 50%ក្នុងចំណោម​ក្រុមហ៊ុន​ជិត100 ដែល​បាន​ចូលមក​បោះ​ទីតាំងនៅ​តំបន់​នោះ។ ជប៉ុន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​ដូចជា វិស័យ​រោងចក្រ​ឧស្សាហកម្ម​មិនមែន​វាយ​ន​ភណ្ឌ ដូចជា ការ​ផ្គុំ​ដំឡើង​សម្ភារ​បរិក្ខារ​អេឡិចត្រូនិក និង​អគ្គិសនី ការផលិត​គ្រឿងបន្លាស់​រថយន្ត និង​ការ​ផ្គុំ​ដំឡើង​មធ្យោបាយ​ដឹកជញ្ជូន​ជាដើម ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​គាំទ្រ​ដល់​ការពង្រឹង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍ​ធនធានមនុស្ស និង​ជាពិសេស​ការចូលរួម​អនុវត្ត​ឱ្យសម្រេចបាន​តាម​គោលដៅ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ2015-2025៕

Advertisement