ដាំ​មៀន​តៃវ៉ាន់ 1ហិកតា ប្រមូល​ផល​បាន​ជាង 10,000ដុល្លារ​ក្នុង​មួយឆ្នាំ

ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ ខណៈដែល​ដំណាំ​មៀន​តៃវ៉ាន់​ដែល​ទើបតែ​នាំ​ចូលមក​ដាំ​ដុះ​សាកល្បង​នៅក្នុង​ប្រទេស​កម្ពុជា​សោះ ស្រាប់តែ​ទទួលបាន​ផល​លើស​ការរំពឹងទុក ដោយ​ក្នុង​មួយ​ហិកតា​អាច​លក់​ទិន្នផល​បាន​ប្រាក់​ដល់​ទៅ​ជាង​មួយ​ម៉ឺន​ដុល្លារ និង​មាន​លក្ខណៈ​ងាយស្រួល​ដាំ​ជាង​ដើម​មៀន​ខ្មែរ​យើង និង​ថែមទាំង​ឆាប់​ទទួលបាន​ផល​ទៀតផង។

លោក ពេជ្រ ថុង អ្នកបច្ចេកទេស​កសិក​ម្ម​នៅក្នុង​កសិដ្ឋាន​បណ្តុះ​កូនឈើ​ខេត្តពោធិ៍សាត់​មានប្រសាសន៍ថា ដោយ​មើលឃើញ​លក្ខណៈ​អំណោយផល​ពី​អាកាសធាតុ​រវាង​ប្រទេស​តៃវ៉ាន់ និង​ប្រទេស​កម្ពុជា​ដែល​ស្ថិតក្នុង​តំបន់​អាស៊ី​មាន​លក្ខណៈ​ក្តៅ ហើយ​សើម​ដូចគ្នា​ដែល​អំណោយផល​ដល់​ផ្នែក​កសិកម្ម​ដាំ​ដុះ​នោះ លោក​បាន​នាំយក​ពូជ​មៀន​តៃវ៉ាន់​នេះ​មក​ដាំ​សាកល្បង​នៅ​ប្រទេស​កម្ពុជា​យើង ក៏​ស្រាប់តែ​ទទួលបាន​ផល​លើសពី​ការរំពឹងទុក​តែម្ដង។

លោក​មានប្រសាសន៍​បន្ថែ​ម​ថា ដើម​មៀន​តៃវ៉ាន់ មាន​លក្ខណៈ​ខុសពី​ដើម​មៀន​ខ្មែរ ដោយ​គិត​ចាប់តាំងពី​ពេល​ដាំ​ដុះ​រហូតដល់​ទទួលបាន​ផល គឺ​ចំណាយពេល​ត្រឹមតែ 2ឆ្នាំកន្លះ​ប៉ុណ្ណោះ ខណៈដែល​មៀន​ខ្មែរ​ត្រូវ​ប្រើពេល​យូរ​រហូតដល់3 ទៅ4ឆ្នាំ​ឯណោះ ទើប​ចាប់ផ្តើម​ឱ្យ​ផល​ដំបូង។ លោក​បញ្ជាក់​ដូច្នេះ​ថា “មៀន​នេះ​វា​ងាយស្រួល​ដាំ មិនសូវ​រើស​ដី​ទេ ហើយ​ដាំ​តែ 2ឆ្នាំកន្លះ យើង​អាច​ប្រមូល​ផល​លក់បាន​ហើយ។ ក្នុង​មួយ​ដើម​អាច​បេះ​បាន​ជាង15គីឡូក្រាម ហើយ​ក្នុង​មួយ​ហិកតា​យើង​អាច​ដាំ​បាន 400ដើម បើ​លក់​បោះ​ដុំ​មួយ​គីឡូ​បាន 2ដុល្លារ​ដូច្នេះ​យើង​អាច​ប្រមូល​ផល​បាន​ដល់​ទៅ 12,000ដុល្លារ​ឯណោះ​ក្នុង​មួយឆ្នាំ ប៉ុន្តែ​សម្រាប់​អ្នក​យកទៅលក់​បន្ត គេ​អាច​លក់បាន 15,000រៀល(ជិត 4ដុល្លារ)ឯណោះ​ក្នុង​មួយ​គីឡូក្រាម ពិសេស​ក្នុង​រដូវចូលឆ្នាំ​ចិន​តែម្តង លក់​មិនដែល​សល់​ទេ។

លោក​បញ្ជាក់ថា អ្វីដែល​ពិសេស​លើសពីនេះ គឺ​កសិករ​អាច​បញ្ជា​ឱ្យចេញ​ផ្លែ​តាម​ការចង់បាន​របស់​ខ្លួន​ទៀតផង ដូចជា​ចម្ការ​របស់លោក​ផ្ទាល់ លោក​បាន​ដាំ​ដើម​មៀន​តៃវ៉ាន់​នេះ​លើ​ផ្ទៃដី​ទំហំ​ជាង 3ហិកតា​នៅក្នុង​ខេត្តពោធិ៍សាត់ ហើយ​បាន​បញ្ជា​ឱ្យ​វា​ចេញ​ផ្លែ​នៅ​រដូវ​កាលផ្សេងៗគ្នា ពិសេស​រដូវចូលឆ្នាំ​ខ្មែរ និង​រដូវចូលឆ្នាំ​ចិន។ ដើម្បីឱ្យ​ផ្លែ​វា​លក់បាន​ថ្លៃ ហើយ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ និង​លក់​មិន​ខ្លាច​សល់ គឺ​ត្រូវឱ្យ​វា​ចេញ​ផ្លែ​ទៅតាម​រដូវ​កាល។ ចំណែក​មៀន​ខ្មែរ​យើង​វិញ បើសិនជា​ដល់រ​ដូ​វប្រ​មូល​ផល គឺ​ធ្វើឱ្យ​សម្បូរ និង​មាន​ដាក់លក់​ច្រើន​នៅលើ​ទីផ្សារ​ធ្វើឱ្យ​តម្លៃ​របស់​វា​ត្រូវ​ធ្លាក់ចុះ។

ឯ​រសជាតិ​របស់​ផ្លែ​មៀន​តៃវ៉ាន់​វិញ មាន​លក្ខណៈ​មិនសូវ​ខុសពី​មៀន​ខ្មែរ​យើង​ប៉ុន្មាន​ទេ ដោយ​វា​មាន​សាច់​ក្រាស់​ល្អ​ដូច​សាច់មៀន​តា​ង៉ែ​ន​នៅ​ខេត្ត​ប៉ៃលិន​ដែរ តែ​សាច់មាន​លក្ខណៈ​សើម​ជាង​មៀន​តា​ង៉ែ​ន ហើយ​មាន​ក្លិនក្រអូប​ជាង​មៀន​របស់​ខ្មែរ​យើង។

ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ ភាគច្រើន​មុននឹង​ដាំ គេ​កាប់​មែក​យកមក​ផ្សាំ​ក្នុង​រយៈពេល​មួយខែ​កន្លះ​ដោយ​ត្រូវ​រើស​កូន​ណា​ដែលមាន​ការលូតលាស់​ល្អ និង​ត្រូវ​យកទៅ​ដាំ​នៅក្នុង​រណ្តៅ​ចន្លោះ​ពីគ្នា 5ម៉ែត្រ​ក្នុង​មួយ​ដើម។ កសិករ​អាច​ដាំ​ដំណាំ​ហូប​ផ្លែ​នេះ​នៅតាម​ចន្លោះ​រងនីមួយៗរបស់​ដំណាំផ្សេងៗបាន ដូចជា​ពោត សណ្តែក​ជាដើម។ មុននឹង​ដាំ​កសិករ​ត្រូវ​រៀបចំ​ដី​ឱ្យបាន​ល្អ ត្រូវ​ភ្ជួរ​ដី​ហាល និង​កាប់​រណ្តៅ​ទុកចោល ហើយ​ដាក់ឱ្យ​ត្រូវ​កម្ដៅថ្ងៃ​ចន្លោះ​ពី 5ថ្ងៃ​ទៅមួយ​សប្តាហ៍​ដើម្បី​សម្លាប់​មេរោគ​ចោល​ជាមុន រួច​ទើប​ចាប់ផ្តើម​ដាក់​ដាំ និង​ត្រូវ​មើលថែទាំ ដូចជា​ស្រោច​ទឹក ជម្រះ​ស្មៅ ដាក់​ជី​ឱ្យ​កូន​មៀន​លូតលាស់​ល្អ។ រហូត​បាន​អាយុ 6ខែ​ទើបត្រូវ​កាត់​មែក​ចេញ​ខ្លះ​កុំឱ្យ​ដើម​លូត​ខ្ពស់​ពេក ដោយ​ទុក​ឱ្យមាន​កម្ពស់​ត្រឹមតែ 2ម៉ែត្រ ឬ2ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ​ដើម្បី​ងាយស្រួល​បាញ់ថ្នាំ​ថែទាំ និង​ប្រមូល​ផល។

កសិករ​អាចដាក់​ជីលា​មក​គោ ឬ​ជីកំប៉ុស​សម្រាប់​ការដាំ​ជា​លក្ខណៈ​គ្រួសារ ប៉ុន្តែ​បើ​ដាំ​ច្រើន​សម្រាប់ធ្វើ​អាជីវកម្ម​វិញ​ទៅ​ត្រូវ​ប្រើ​ជីគីមី​ផងដែរ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងណា​ប្រើប្រាស់​ទៅតាម​ស្តង់ដារ​សុវត្ថិភាព មិនឱ្យ​ប៉ះពាល់​ដល់​សុខភាព​ដើម​មៀន ឬ​សុខភាព​មនុស្ស​នៅពេល​ទទួលទាន។ ត្រង់ចំណុច​នេះ​លោក ពេជ្រ ថុង បញ្ជាក់ថា ករណីនេះ​កសិករ​ត្រូវដាក់​ជី​ម្តង​មួយ​ស្លាបព្រា​បាយ និង​ដាក់ឱ្យ​ឆ្ងាយ​ពី​គល់​ចម្ងាយ25សង់ទីម៉ែត្រ ចៀសវាង​ដាក់​ក្បែរ​គល់​ខ្លាំងពេក​នាំឱ្យ​ខ្លោច​សម្បក​ដើម​មៀន។

ជាទូទៅ​ដើម​មៀន​ប្រភេទ​នេះ​ត្រូវបាន​គេ​ដាំ​នៅ​កន្លែង​ដែលមាន​ប្រភពទឹក​គ្រប់គ្រាន់ ដែល​អាច​ស្រោចស្រព​បាន​ទាំង​រដូវប្រាំង និង​រដូវវស្សា និង​ដាំ​នៅលើ​ដី​ដែល​មិន​ជាំ​ទឹក។ បើសិនជា​កសិករ​មាន​ចំណាប់អារម្មណ៍ និង​ចង់​ដាំ​ដុះ សូម​ទាក់ទង​ទៅ​កសិដ្ឋាន​បណ្តុះ​កូនឈើ​ខេត្តពោធិ៍សាត់​ដែលមាន​អ្នកជំនាញ​បច្ចេកទេស​ចាំ​ផ្តល់​ប្រឹក្សា​ជូន​បន្ថែម។

លោក​ថា កសិករ​គួរតែ​ផ្លាស់ប្តូរ​ទម្លាប់​ដាំ​ដំណាំចាស់ៗបែប​បុរាណ ដូចជា​ដំឡូង​មី​ជាដើម ដែល​ជួន​បាន​ថ្លៃ ជួន​មិនបាន​ថ្លៃ ហើយ​គួរ​ងាក​មក​ដាំ​មៀន​ប្រភេទ​នេះ​វិញ​ម្ដង ព្រោះ​ប្រើពេល​ត្រឹមតែ 2ឆ្នាំកន្លះ​ប៉ុណ្ណោះ វា​នឹង​ផ្តល់​ផល​ឱ្យ​វិញ បាន​រហូតដល់​ទៅ 20ឆ្នាំ​ឯណោះ​ទើប​វា​ងាប់​ដើម៕

Advertisement