Real វាយបក​ផ្តួល Leganes ដោយ​គ្មាន Ronaldo  

ការវិល​ទៅរក​ទម្រង់​លេង​ល្អ​វិញ​ក្នុង​ឆ្នាំ2018 របស់​ក្រុម Real Madrid នៅតែ​បន្ត ខណៈដែល​ពួកគេ​បាន​វាយបក​ពី​ការ​ដេញតាម​ក្រោយ 1គ្រាប់​ដើម្បី​ផ្តួល​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ Leganes ក្នុង​លទ្ធផល 3-1 ក្នុង​ការប្រកួត​ក្របខ័ណ្ឌ La Liga របស់​ពួកគេ​កាលពី​ថ្ងៃ​ពុធ។

ខ្សែការពារ UnaiBustinza បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​មាន​គ្រាប់​បាល់​នាំមុខ​ដ៏​មិន​នឹកស្មាន​ដល់ ក្រោយពី​លេង​បានត្រឹមតែ​រយៈពេល 6នាទី​ដំបូង តាមរយៈ​ការដណ្តើមយក​ប្រៀប​ពី​ការធ្វេសប្រហែស​ក្នុង​តំបន់​ការពារ​របស់​គូប្រកួត​ដើម្បី​តែ​តបាល់​បញ្ចូល​ទី​តែម្តង។

ប៉ុន្តែ គ្រាប់​បាល់​នាំមុខ​នេះ​មាន​រយៈពេល​ត្រឹមតែ 5នាទី​ប៉ុណ្ណោះ នៅពេលដែល​កីឡាករ Lucas Vazquez បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​សម្រាប់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid  តាមរយៈ​ការ​ឆ្កឹះ​បាល់​ផុតដៃ​អ្នកចាំទី Ivan Cuellar នៃ​ក្រុម Leganes បញ្ចូល​ទី​យ៉ាង​ល្អ។ គ្រាប់​បាល់​ទី 2របស់​ក្រុម Real បាន​កើតឡើង​មុនពេល​ឈានដល់​នាទី​ទី30 ហើយ​វា​ជា​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ពី​សំណាក់ Casemiro មុនពេល Sergio Ramos បាន​បំពេញ​ជ័យជម្នះ​ដល់​ក្រុម​ជាមួយនឹង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​នៅពេល​ជិត​បញ្ចប់​ការប្រកួត។

Real Madrid ដែល​លេង​ដោយ​គ្មាន​តារា​ឆ្នើម​ដូចជា Cristiano Ronaldo , KeylorNavas , Luka Modric និង Toni Kroos បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ពោលគឺ រឹងមាំ​ជាង​ក្រុម​ដែល​ធ្លាក់​ចេញពី​ពាន Copa del Rey ក្រោម​ស្នាដៃ​ក្រុម Leganes កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។ ជ័យជម្នះ​នេះ គឺជា​ជ័យជម្នះ​ជា​លើក​ទី5របស់ Real ក្នុងចំណោម​ការប្រកួត 6លើក ខណៈដែល​ពួកគេ​បាន​បន្ត​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ដើមឆ្នាំ​ថ្មី​នេះ។

ប៉ុន្តែ ក្រុម​ឈរ​លេខ1 Barcelona នៅតែ​នាំមុខ​រហូតដល់​ទៅ 14ពិន្ទុ​ដាច់​លើ​ក្រុម Real។ លោក Zinedine Zidane គ្រូបង្វឹក​របស់​ក្រុម Real បានឱ្យដឹងថា៖ «យើង​ពិតជា​រីករាយ​ណាស់ យើង​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3 នៅលើ​តារាង ហើយ​នោះ​ជា​លទ្ធផល​ដ៏​សំខាន់​សម្រាប់​យើង។ យើង​ចង់​បន្ត​បែបនេះ យើង​មាន​ពេលវេលា​ដ៏​លំបាក​ជាច្រើន ហេតុនេះ យើង​ចង់​ដណ្តើមយក​ប្រៀបផ្សេងៗពី​ដំណាក់កាល​ដ៏​ល្អ​នេះ»៕

ប្រភពពី៖ The Sun

Advertisement