ដើមឆ្នាំ2018 កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ជិត 2ម៉ឺន​តោន

កៅស៊ូ​ជា​ប្រភេទ​ដំណាំ​ក​សិ-ឧស្សាហកម្ម​ឈានមុខ​មួយ​ក្នុងចំណោម​ដំណាំ​ក​សិ-ឧស្សាហកម្មសំខាន់ៗផ្សេងទៀត​នៅ​កម្ពុជា​ដែល​បាន​ចូលរួម​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង។

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​បញ្ជាក់ថា នៅ​ខែមករា ឆ្នាំ2០18 កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​បាន 18,783តោន កើនឡើង 32ភាគរយ ដោយ​ក្នុង1តោន​លក់​ជា​មធ្យម​បាន​តម្លៃ 1,44០ដុល្លារ ដូច្នេះ​ក្នុង​ខែមករា ការនាំចេញ​មាន​ទឹកប្រាក់​សរុប​ជាង 27លាន​ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ចំនួន 436,34០ហិកតា ដែល​ក្នុងនោះ​ផ្ទៃដី​ដើម​កៅស៊ូ​ដែល​អាចចៀរ​ជ័រ​មាន​ចំនួន 17០,23០ហិកតា ស្មើនឹង 39ភាគរយ និង​ផ្ទៃដី​ដើម​កៅស៊ូ​កំពុង​ថែទាំ​មាន​ចំនួន 266,1០9ហិកតា ស្មើនឹង 61ភាគរយ។

រាជរដ្ឋាភិបាល​បានកំណត់​គោលដៅ​ផលិត​ជ័រកៅស៊ូ​ឱ្យបាន 29ម៉ឺន​តោន​នៅ​ឆ្នាំ2០2០ ហើយ​កម្ពុជា​កំពុងស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ16 ជា​ប្រទេស​ដែល​ផលិត​ជ័រកៅស៊ូ​ធម្មជាតិ​ច្រើន​លើ​ពិភពលោក៕

Advertisement