ហាង​កាហ្វេ Inthanin ចុះ​អនុស្សារណៈ​យោគយល់​ផ្តល់​សិទ្ធិ​អាជីវកម្ម​នៅ​ទីផ្សារ​កម្ពុជា

អនុស្សារណៈ​យោគយល់​ក្នុងការ​ផ្តល់​សិទ្ធិ​អាជីវកម្ម រវាង​ក្រុមហ៊ុន Bangchak Retail និង ក្រុមហ៊ុន RCG Retail Group (Cambodia) ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី6 នៃ​គណៈកម្មាធិការ​ពាណិជ្ជក​ម្ម​រួម រវាង​កម្ពុជា និង​ថៃ ក្នុង​គោលបំណង​ពង្រីក​ទីផ្សារ​ហាង​កាហ្វេ Inthanin នៅក្នុង​ប្រទេស​កម្ពុជា ដែល​ការចុះ​អនុស្សារណៈ​យោគយល់​នេះ​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ2018 នៅ​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​ភ្នំពេញ​ភូ​គី​ត្រា។

លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន RCG Retail Group (Cambodia) និង​ជា​អ្នកលក់​បន្ត​សិទ្ធិ​អាជីវកម្ម​ម៉ាក​សញ្ញា​ហាង​កាហ្វេ Inthanin បាន​ប្រាប់​ឲ្យ​ដឹងថា លោកស្រី​មាន​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​ការចុះ​អនុស្សារណៈ​នេះ ដោយសារតែ​លោកស្រី​មើលឃើញ​ពី​ការនិយម​ទទួលទាន​កាហ្វេ​ពី​សំណាក់​ប្រជាជន​កម្ពុជា ហើយ​មួយវិញទៀត Inthanin គឺជា​ហាង​កាហ្វេ​មានគុណ​ភាពល្អ ដែល​អាចអោយ​ប្រជាជន​កម្ពុជា​អាច​ទទួលទាន​កាហ្វេ​ដែលមាន​រសជាតិ​ឆ្ងាញ់ និង​មានតម្លៃ​សមរម្យ។

«នៅពេលដែល​អនុស្សារណៈ​បានបញ្ចប់ យើង​នឹង​រៀបចំ​ទទួល​ពាក្យ​អ្នក​ដែល​ចាប់អារម្មណ៍​ចង់​ធ្វើ​ធុរកិច្ច​ទិញ​សិទ្ធិ​អាជីវកម្ម មានន័យថា​ចង់​ធ្វើការ​សហការ​ជាមួយគ្នា ដើម្បី​បន្តដំណើរ​ទៅមុខ​ជាមួយគ្នា ហើយ​នៅ​ថ្ងៃទី15 ខែមីនា​នេះ យើង​នឹង​រៀបចំ​ការប្រជុំ​មួយ​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​ដើម្បី​ផ្តល់ព័ត៌មាន​បន្ថែម​ពី​សិទ្ធិ​អាជីវកម្ម​ហាង​កាហ្វេ Inthanin»។

ក្នុងនោះដែរ លោក Viboon Wongsakul នាយក​គ្រប់គ្រង​ក្រុមហ៊ុន Bangchak Retail Company Limited បានឱ្យដឹងថា ហាង​កាហ្វេ Inthanin គឺជា​ហាង​កាហ្វេ​ដែល​ធំជាងគេ​លំដាប់​ទី2 នៅក្នុង​ប្រទេស​ថៃ ហើយ​ក្នុងនោះ​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​ដំបូង​ដែល​ហាង​កាហ្វេ Inthanin បានធ្វើ​ការពង្រីក​ទីផ្សារ​របស់ខ្លួន​នៅក្រៅ​ប្រទេស ដោយសារតែ​លោក​មើលឃើញ​ពី​ឱកាស និង​តម្រូវការ​ទីផ្សារ​កាហ្វេ​នៅ​កម្ពុជា ដោយ​លោក​ជឿជាក់ថា​ក្រុមហ៊ុន​មួយ​នេះ​នឹង​អាចធ្វើ​ការផ្គត់ផ្គង់​កាហ្វេ​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​អតិថិជន​កម្ពុជា។

គួរ​បញ្ចាក់​ផងដែរ​ថា ហាង​កាហ្វេ Inthanin គឺជា​ហាង​ចំនុះ​ក្រុមហ៊ុន​ឥន្ធនៈ​បាង​ចាក ដែលមាន​សាខា​ប្រមាណ​ជា500ទីតាំង នៅក្នុង​នោះ ហាង​កាហ្វេ Inthanin ក៏មាន​គម្រោង​ពង្រីក​ទីផ្សារ​របស់ខ្លួន​ឲ្យ​បាន​ចំនួន1000ទីតាំង​ត្រឹម​រយៈពេល 3ឆ្នាំ​ខាងមុខ ហើយ​នៅពេលឆាប់ៗខាងមុខនេះ ហាង​កាហ្វេ Inthanin នឹង​បើក​សាខា​ដំបូង​របស់ខ្លួន​នៅ​ខេត្តសៀមរាប និង​មួយទៀត​នៅ​ភ្នំពេញ​ផងដែរ៕

Advertisement