ការវិនិយោគ​លើ​ខ្លួនឯង​ជា​វិធី​សំខាន់បំផុត​ដើម្បី​សម្រេច​គោលដៅ​ជីវិត

ការវិនិយោគ​លើ​ខ្លួនឯង​ជា​រឿង​សំខាន់បំផុត​មួយ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដែលមាន​សក្តានុពល និង​ក្លាយជា​មនុស្ស​ដែល​សង្គម ឬ​ស្ថាប័ន​ត្រូវការ​បំផុត​នាពេល​បច្ចុប្បន្ននិង​នៅ​ថ្ងៃ​អនាគត។ ការវិនិយោគ​លើ​ខ្លួនឯង មិន​ប្រាកដថា​ត្រូវ​វិនិយោគ​តែ​លើ​ថវិកា ចំណេះដឹង និង​ពេលវេលា​នោះទេ​តែ​ការវិនិយោគ​ក្នុង​ពិភព​ការងារ ក៏​ជា​វិធីសាស្ត្រ​ល្អ​បំផុត​មួយ​ដែរ ដើម្បី​ធ្វើឱ្យ​យើង​អាច​សម្រេច​ជោគជ័យ​ក្នុង​ជីវិត។

លោក ទីន សុខ​លីម ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​ឯកជន​ម្នាក់​បាន​លើកឡើងថា លោក​បាន​ចំណាយ​ពេលវេលា​ច្រើន​បំផុត​នៅក្នុងពេល​សិក្សា​ដើម្បី​បង្កើត​ក្រុមយុវជន​សម្រាប់​ធ្វើការ​ងារសំខាន់ៗមួយចំនួន ដូចជា​ការបង្កើត​សិក្ខាសាលា​អភិវឌ្ឍន៍​សមត្ថភាព​យុវជន អញ្ជើញ​ពាណិជ្ជករ​មក​ធ្វើជា​វាគ្មិនដើម្បី​ចែករំលែក​ចំណេះដឹង​ពី​គន្លឹះ​ពាណិជ្ជកម្ម និង​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ដែល​សង្គម​កំពុង​ត្រូវការ។

លោក​ថា ការងារ​ទាំងអស់នោះ​ដំបូង​ឡើយ​វា​គ្រាន់តែ​អាច​បង្រៀន​ឱ្យ​រូបលោក​ផ្ទាល់ និង​ក្រុមការងារ​របស់លោក​ទ​ទួលបាន​ចំណេះដឹង​ក្នុងការ​រៀបចំ​គម្រោង និង​ការងារ​ទំនាក់ទំនង​មួយចំនួន​តែប៉ុណ្ណោះ តែ​ក្រោយមក​លោក​ឃើញថា ការងារ​ទាំងអស់នោះ​គឺមាន​សារៈសំខាន់​សម្រាប់​ការ​រ​ស់​នៅ​ច្រើនជាង​ការដែល​គ្រាន់តែ​រៀនសូត្រ។ លោក ទីន សុខ​លីម បាន​និយាយថា ៖ “ដំបូងឡើយ​គោលបំណង​របស់ខ្ញុំ គឺ​គ្រាន់តែ​ចង់​ប្រើប្រាស់​ពេលវេលា​របស់​ខ្លួនឯង​សម្រាប់​បង្កើត​កម្មវិធី​អ្វី​ម្យ៉ាង​ដែល​គិតថា​មាន សារៈសំខាន់​សម្រាប់​យុវជន​និង​ខ្លួនឯង​ផ្ទាល់​តែប៉ុណ្ណោះ​តែ​ក្រោយមក​ខ្ញុំ​បានមើលឃើញថា ការងារ​ទាំងអស់នោះ​អាចធ្វើឱ្យ​ខ្ញុំ និង​ក្រុមការងារ​អាច​រក​ការងារ​ដែល​ខ្លួន​ពេញ​ចិត្តបាន​ក្រោយពេល​បញ្ចប់​ការសិក្សា ព្រោះ​ពួកយើង​មាន​ទំនាក់ទំនង​ល្អ​ក្នុងសង្គម និង​ក្លាយជា​មនុស្ស​ដែល​ទទួលបាន​ព័ត៌មាន​ច្រើន។

លោក ទីន សុខ​លីម បានលើកឡើង​ផងដែរ​ថា នៅពេលដែល​លោក​សម្រេចចិត្ត​ធ្វើការ​ងារ​នៅ​កន្លែង​ណាមួយ លោក​មិន​ផ្តោត​សំខាន់​តែ​លើ​ប្រាក់ចំណូល​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​លោក​សម្លឹងមើល​ពី​ឱកាស​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ឆ្ពោះទៅរក​គោលដៅ​ដែល​លោក​ចង់ទៅ។ លោក​ថា ការដែល​វិនិយោគ​លើ​ខ្លួនឯង​ជាមួយនឹង​ការងារ​ស្ម័គ្រចិត្ត និង​ការចំណាយ​ពេលវេលា​បង្កើត​ក្រុមការងារ​ធ្វើ​រឿង​ដែលមាន​ប្រយោជន៍ អាចធ្វើឱ្យ​យើង​ស្គាល់​ពី​ពិភព​ជាក់ស្តែង​ក្នុង​ការរស់នៅ​ក្នុងសង្គម ហើយ​បានដឹង​រឿង​ជាច្រើន​ដែល​សាលា​មិនបាន​បង្រៀន។

អ្នក​ដែល​បាន​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការងារ​សង្គម ទាំង​ការស្ម័គ្រចិត្ត និង​ក្រុមហ៊ុន​ឯកជន​លោក ហម សុខ​នី ជា​អ្នកនិពន្ធ និង​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន Sromoach Trading បាន​លើកឡើងថា លោក​បានចាប់ផ្តើម​វិនិយោគ​ខ្លួនឯង​ច្រើន​ឆ្នាំ​ជាមួយនឹង​ការងារ​នៅ​គ្រប់​ទីកន្លែង​ដែល​លោក​ពេញចិត្ត។ លោក​បាន​ចំណាយ​ពេលវេលា​ច្រើន​ជាមួយនឹង​ការងារ​ស្ទើរតែ​គ្មាន​ពេល​សម្រាប់​សប្បាយរីករាយដូចជា​យុវជន​ដទៃ តែ​អ្វីដែល​លោក​ទទួលបាន គឺ​ប្រជាប្រិយភាព​នៅក្នុង​ចំណោម​យុវជន។

លោក​បានចាប់ផ្តើម​ចំណាយពេល​ដំបូង​ពី​ការធ្វើការងារ​ស្ម័គ្រចិត្ត​ជាមួយនឹង​ក្រុម ក៏ដូចជា​សមាគម​មួយចំនួន​ដែល​មិនទាន់មាន​អ្នកណា​ស្គាល់​រូបលោក​នៅឡើយ បន្ទាប់មក​ក៏បាន​បង្កើត​ក្រុម​អ្នកអាន​មួយ​នៅក្នុង​វិទ្យាស្ថាន​ដែល​លោក​សិក្សា​ដើម្បី​ប្រមូលផ្តុំ​យុវជន​បង្កើត​សកម្មភាព​នានា​លើ​វិស័យ​ទេសចរណ៍​ដែល​លោក​កំពុង​សិក្សា បន្ទាប់មក​ក៏​ចាប់ផ្តើម​អភិវឌ្ឍក្រុម​នោះ​ឱ្យ​កាន់តែខ្លាំង​ឡើង ខណៈ​លោក​ប្រើប្រាស់​ពេលវេលា​ជាច្រើន​ផ្សេងទៀត​ដើម្បី​ជំរុញ​ការអាន​ជាមួយនឹង​អាជីវកម្ម​ដែល​កំពុងមាន​ទំនាក់ទំនង​ខ្លាំង​ជាមួយនឹង​យុវជន​ជាដើម។

លោក ហម សុខ​នី បាន​ថ្លែងថា៖ “តាមពិតទៅ យុវជន​មានឱកាស​ច្រើនណាស់​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង​ឆ្ពោះទៅរក​កន្លែង​ដែល​ខ្លួន​ចង់ទៅ។ កុំ​ផ្តេកផ្តួល​តែ​លើ​សកម្មភាព​របស់​សាលា​តែមួយ​មុខ តែត្រូវ​ចេះ​ស្វែងរក​ឱកាស និង​បង្កើត​ឱកាស​សម្រាប់​ខ្លួនឯង​ឱ្យបាន​ច្រើន​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន ព្រោះថា នៅពេលដែល​យើង​ប្រមូលបាន​នូវ​ឱកាស​ច្រើន ប៉ុនណា​យើង​ក៏​នឹង​ក្លាយជា​មនុស្ស​ដែលមាន​សារៈសំខាន់​សម្រាប់​មនុស្ស​ដទៃ​ជុំវិញខ្លួន​ច្រើន​ប៉ុន​នោះដែរ។

លោក ហម សុខ​នី បាន​លើកឡើងថា ជីវិត​ជា​និស្សិត​កុំ​ខ្លាច​ជាមួយនឹង​ការធ្វើការងារ​លំបាក​ហើយក៏​កុំ​ខ្វល់​ថា​យើង​កំពុងធ្វើការ​ងារ​ឱ្យ​ស្ថាប័ន​ណាមួយ​ក្នុងតម្លៃ​ទាប តែ​អ្វីដែល​ត្រូវ​គិត គឺ​ត្រូវ​ដឹងឱ្យ​ច្បាស់​ថា ខ្លួនឯង​កំពុង​ត្រូវការ​អ្វី។ យើង​ធ្វើ​សកម្មភាព​លំបាក​នៅពេល​នេះ តែ​យើង​អាច​នឹង​ប្រមូលបាន​នូវ​ប្រយោជន៍​ជាច្រើន​ក្រោយ​ពេលដែល​យើង​បញ្ចប់​ការសិក្សា ហើយ​យើង​ធ្វើការ​ដែល​គេ​ផ្តល់​កម្រៃ​មិនទាន់​ខ្ពស់​មិនមែនជា​រឿង​ដែល​ត្រូវ​ខឹង​នោះទេ តែ​យើង​គួរ​គិតថា យើង​កំពុង​ទទួលបាន​ឱកាស​ក្នុងការ​រៀនសូត្រ​ដែល​ថែមទាំង​ទទួលបានប្រាក់ខែ​ទៀតផង ហេតុនេះ​អ្វីដែល​ត្រូវធ្វើ គឺ​ខិតខំ​ប្រឹងប្រែង​រៀន​ពី​ការងារ​នោះ ហើយ​បន្ត​អភិវឌ្ឍ​រហូត​ក្លាយជា​មនុស្ស​ដែល​សំខាន់​ម្នាក់​ក្នុង​ស្ថាប័ន នោះ​យើង​នឹង​អាច​ទទួលបាន​ការងារ​សំខាន់​នៅ​ថ្ងៃក្រោយ។

បង្ហាញ​ពី​គុណសម្បត្តិ​នៃ​ការវិនិយោគ​លើ​ខ្លួនឯង លោក ឆែម សុ​ភី ជា​បុគ្គលិក​ផ្នែក​រចនា​ម៉ូដ​នៃ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​លើកឡើងថា ខុសពី​យុវជន ដទៃ​ដែល​ចូលចិត្ត​ធ្វើការ​ងារ​ស្ម័គ្រចិត្ត​ជាមួយនឹង​ក្រុមយុវជន ឬ​ក្រុម​នានា លោក​បាន​ស្វែងរក សក្តានុពល​របស់ខ្លួន​តាមរយៈ​ការដាក់​ពាក្យ​ធ្វើ​ការងារ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ជាច្រើន​ផ្សេងគ្នា។ ជា​គោលបំណង​របស់លោក សុ​ភី គឺ​ចង់​ក្លាយជាម្ចាស់​អាជីវកម្ម​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ម្នាក់​ហេតុនេះហើយ ជា​វិធីសាស្ត្រ​សម្រាប់​រូបលោក គឺ​លោក​ព្យាយាម​គ្រប់​លទ្ធភាព​ដាក់ពាក្យ​ធ្វើការ​នៅ​គ្រប់​ទីកន្លែង​ដើម្បី​សិក្សា​ពី​អាជីវកម្ម។

លោក ឆែម សុ​ភី បាន​និយាយថា ៖ “ខ្ញុំ​បានដាក់​ពាក្យ​ធ្វើ​ការងារ​ហាត់​ការ​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដោយ​រាប់ទាំង​ម៉ា​តតូចៗ ហាងតូចៗ ក្រុមហ៊ុន​ស្តង់ដារធំៗ និង​ស្ថាប័ន​មួយចំនួនទៀត​ដែលមានប្រជាប្រិយភាព​លើ​ផ្នែក​អាជីវកម្ម​ដោយ​មិន​ខ្វល់​ពី​ប្រាក់ខែ​តិចតួច​ប៉ុនណា​ឡើយ។ ជា​លទ្ធផល ខ្ញុំ​បាន​មើលឃើញ​ពី​រឿង​ជាច្រើន​ដែល​មនុស្ស​ទូទៅ​មើលមិនឃើញ ដូចជា​ការគ្រប់គ្រង​សាច់ប្រាក់ ការគ្រប់គ្រង​បុគ្គលិក និង​ការធ្វើ​ទីផ្សារ​របស់​ក្រុមហ៊ុន​ទាំងអស់នោះ។

លោក ឆែម សុ​ភី បានលើកឡើង​ផងដែរ​ថាបើ​ចង់​សម្រេច​គោលដៅ ឱ្យតែ​យើង​ធ្វើ​ការងារ​ត្រឹមត្រូវ​កុំ​ខ្លាច​គេ​ថា​អន់ សូម​ចាប់ផ្តើម​ពី​ចំណុច​តូច​បំផុត ហើយ​បើក​ចិត្ត​ឱ្យ​ទូលាយ​ទទួលយក​ចំណេះដឹង​ជាក់ស្តែង​នៅ​ពិភព​ខាងក្រៅ​ឱ្យបាន​ច្រើន ហើយ​យក​វា​ធ្វើជា​ជំនាញ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​នោះ​យើង​នឹង​អាច​ទៅដល់​គោលដៅ​មិន​ខាន៕

Advertisement