អ្នកភូមិ​កោះ​រំដួល​រកឃើញ​របរ​ថ្មី​មួយទៀត គឺ​ចាក់​ខ្សែដៃ​លក់​ឱ្យ​ភ្ញៀវទេសចរ

បន្ទាប់ពី​របរ​ដាំ​ដំណាំ​ធ្វើ​ចម្ការផ្សេងៗហើយ​នោះ អ្នកភូមិ​កោះ​រំដួល ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល មិន​ទុក​ពេលវេលា​ឱ្យ​ទំនេរ​ចោល​នោះទេ គឺ​ពួកគាត់​ឆ្លៀតពេល​ចាក់ខ្សែ​ដៃ​ពី​បំបែកក្រណាត់​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍ផ្សេងៗទុក​លក់​ទៅឱ្យ​ភ្ញៀវទេសចរ​បរទេស​ដើម្បី​ទទួលបាន​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ។

អ្នកស្រី ម៉ែ​ល សុខុន អាយុ 63ឆ្នាំ រស់នៅក្នុង​ភូមិ​កោះ​រំដួល​នោះបាន​ប្រាប់​ឱ្យដឹងថា នៅលើ​កោះ​រំដួល​នេះ អ្នកភូមិ​ប្រមាណ​ជាង​ពាក់កណ្តាល​ហើយ​ដែល​នាំគ្នា​ចាក់​ខ្សែដៃ និង​ផលិត​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​លក់​ឱ្យ​ភ្ញៀវ​បរទេស ដើម្បី​រក​កម្រៃ​បង្គ្រប់​ជីវភាព បន្ទាប់​ទំនេរ​ពី​ការងារ​ធ្វើ​ចម្ការ ហើយ​របរ​មួយ​នេះ​គឺ​បាននាំគ្នា​ធ្វើ​ច្រើន​ឆ្នាំ​មកហើយ​ដែរ និង​ចេះ​មកពី​ការបង្រៀន​ជំនាញ​របស់​អង្គការ​ហា​ហ្គា និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងទៀត។

អ្នកស្រី​បាន​បន្តថា ការងារ​នេះ​វា​មិន​ហត់នឿយ​ប៉ុន្មាន​នោះទេ គឺ​យើង​អាច​ឆ្លៀត​ពេលធ្វើ​វា​បណ្ដើរ ដាំ​ស្ល និង​មើល​កូនចៅ​បណ្តើរ​បាន និយាយ​រួម គឺ​ប្រសើរ​ជាង​ទុកពេល​ឱ្យ​ទំនេរ​ចោល​អត់​ប្រយោជន៍ ហើយ​ប្រសិនបើ​ទីផ្សារ​ទូលំទូលាយ​ទៀតផង​នោះ គឺអាច​រកចំណូលបាន​យ៉ាង​ស្រួល ប៉ុន្តែ​ទាស់​តែ​ទីផ្សារ​រំពឹង​ទៅលើ​តែ​ភ្ញៀវ​បរទេស​ដែល​ធ្វើដំណើរ​មកលេង​នៅលើ​កោះ​ប៉ុណ្ណោះ និង​លក់ដាច់​តែ​ក្នុងអំឡុង​ខែធ្នូ និង​ខែមករា​ទេ ព្រោះ​សម្បូរ​ភ្ញៀវទេសចរ ក្រៅពីនោះ​យកទៅលក់​នៅ​ភ្នំពេញ និង​ដាក់លក់​ពេល​មាន​បុណ្យជាតិផ្សេងៗ ដូចជា​បុណ្យអុំទូក​ជាដើម។

អ្នក​ចាក់​ខ្សែដៃ​ក្រណាត់​រូបនេះ​បាន​បន្តថា ក្រៅ​អំពី​ខ្សែដៃ​ហើយ យើង​នៅមាន​បូស​ក់ បន្តោង​សោ​រូប​ត្រី រូប​បង្កង និង​អាច​កុម្ម៉ង់​បាន​ច្រើនបែប​ទៀត​ដូចជា​ចង់​សរសេរ​ឈ្មោះ​នៅលើ​ខ្សែដៃ ឬ​នៅលើបូស​ក់ ក៏​យើង​អាចធ្វើ​បានដែរ ហើយ​ក្នុង​អំបោះ1គីឡូក្រាម​តម្លៃ 25,000រៀល​នោះ យើង​អាច​ចាក់​បាន​ពី100 ទៅ200សម្រាប់ និង​លក់បាន​ប្រមាណ​ពី 8 ទៅ10ម៉ឹ​ន​រៀល​ដែរ។

លោក ចេង សុខា​វុ​ធ មេភូមិ​កោះ​រំដួល បាន​មានប្រសាសន៍ថា នៅលើ​កោះ​រំដួល​នេះ មាន​ផ្ទៃដី​សរុប​ជាង 78ហិកតា ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន 155គ្រួសារ​ដែលជា​ប្រជាកសិករ​ពឹង​លើ​របរ​ធ្វើ​ចម្ការ​ដំណាំ​ជា​មូលដ្ឋាន ហើយរ​បរចាក់​ខ្សែដៃ​នេះ​ជា​របរ​ទី2 ដែល​អាចរួមចំណែករ​ក​ចំណូល​ជួយ​ឱ្យ​ជីវភាព​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​ឡើង។ លោក​បាន​បន្តថា អ្នក​ប្រក​បរបរ​ក្នុងភូមិ​ប្រមាណ 40%ដែលមាន​ទីផ្សារ គឺ​រំពឹង​លើ​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​លើ​កោះ​ជួយ​ទិញ និង​ពួកគាត់​លក់​នៅពេល​មានបុណ្យ​ទានផ្សេងៗ ប្រសិនបើ​ទីផ្សារ​កាន់តែ​ទូលាយ​ផង​នោះ ពួកគាត់​ពិតជា​សប្បាយ​ចិត្តខ្លាំង​មិន​ខាន ព្រោះ​អាច​រកចំណូលបាន​កាន់​តែ​ច្រើន។ ការដែល​ពួកគាត់​មាន​មុខរបរ​បន្ថែម​នេះ វា​មិន​ត្រឹមតែ​អាចជួយ​ឱ្យ​ជីវភាព​បាន​ធូរធារ​ឡើង​នោះទេ ថែមទាំង​បាន​កាត់បន្ថយ​នូវ​ល្បែងស៊ីសង​នានា និង​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង ។

គួរបញ្ជាក់​ផងដែរ​ថា កោះ​រំដួល​កាលពី​ដើមឡើយ​មាន​ឈ្មោះថា កោះគរ និង​ជា​អតីត​មន្ទីរឃុំឃាំង08របស់​របប​ខ្មែរក្រហម​ដែល​នៅពេលនោះ​មាន​ប្រជាជន​ជាង 2ម៉ឺន​នាក់​ត្រូវបាន​ពួកវា​យកមក​សម្លាប់​នៅលើ​កោះ​នេះ៕

Advertisement