ការបង្រៀន​កូន​ឱ្យ​ក្លាយជា មនុស្ស​មានគុណ​ភាពរ​បស់ មហាសេដ្ឋី លី កាស៊ី​ង (ត​ចប់)

3/ ចង់​ក្លាយជា​មនុស្ស​ជោគជ័យ ត្រូវ​ស្គាល់​វិធី​ការដាក់​ខ្លួន និង​ការប្រឈមមុខ​ក្នុងសង្គម​យ៉ាង​ស័ក្តិសម

កូនៗរបស់គាត់​តែង​ប្រាប់ថា ពួកគេ​បាន​រៀនសូត្រអ្វីៗច្រើនណាស់​ពី​ឪពុក អ្វីដែល​សំខាន់បំផុត​ដែល​ឪពុក​តែង​សង្កត់ធ្ងន់​នោះ​គឺ ត្រូវ​ធ្វើជា​អ្នកជំនួញ​ស្មោះត្រង់ ត្រូវ​ចេះ​ដាក់ខ្លួន និង​សាង​សម្ពន្ធភាពល្អៗជាមួយនឹង​អ្នក​រួម​ហ៊ុន។

លោក លី តែង​បង្រៀន​កូន​ថា ត្រូវ​នឹក​ដល់​ផលប្រយោជន៍​អ្នកដទៃ​ជានិច្ច និង​មិន​យក​ប្រៀប​លើ​គេ។ តាំងពី​កូន​ទាំងពីរ​នៅ​ក្មេង ពេល​មានការ​ប្រជុំ​របស់​អ្នកគ្រប់គ្រង​ក្រុមហ៊ុនម្ដងៗ គាត់តែង​រៀបចំ​កន្លែង​អង្គុយ​ពិសេស​ឱ្យកូនៗអង្គុយ​ស្ដាប់​មនុស្ស​ធំ​គេ​ប្រជុំ​ជជែក​ពិភាក្សាគ្នា។ ពេលខ្លះ​អាចមាន​ចំណុច​ប្រកែក​គ្នាខ្លាំងៗក្នុង​បន្ទប់​ប្រជុំ​រហូតដល់កូនៗភ្ញាក់ផ្អើល និង​ភិតភ័យ តែគាត់​អធិប្បាយ​ឱ្យកូនៗបានដឹង​បន្ទាប់ពី​នោះមក​ថា “ដែល​ត្រូវ​ប្រកែកប្រណាំង​គ្នា​នេះ គឺ​ដើម្បី​ផលប្រយោជន៍​ខ្ពស់បំផុត​របស់​ក្រុមហ៊ុន វា​ជា​រឿង​ប្រក្រតី ប្រៀបដូចជា ឈើ​បើ​យើង​មិន​ចោះយើង​ក៏​ទម្លុះ​វា​មិនបាន​ដែរ ហេតុផល​គឺ បើ​មិន​ប្រកែក​គ្នា ក៏​មិន​យល់​ពីគ្នា​ដែរ។

លោក លី ប្រាប់កូនៗថា វិធី​ការគ្រប់គ្រង​ចាត់ចែង​ធុរកិច្ច​ត្រូវ​សិក្សា​យក​គំរូ​តាមបែប​លោកខាងលិច គេ​មាន​គោលការណ៍​ដែលមាន​របៀបរបប តែ​ការ​រៀបចំខ្លួន​ចំពោះ​សង្គម ចំពោះ​មិត្តមនុស្ស​ដូចគ្នា ត្រូវ​សិក្សា​គោល​ប្រាជ្ញា​ដ៏​ស៊ីជម្រៅ​របស់​ចិន ព្រោះ​បាន​បង្រៀន​ឱ្យ​បណ្ដុះ​ឧបនិស្ស័យ​ឱ្យ​ចេះ​ដាក់ខ្លួន ឱនលំទោន ឧស្សាហ៍ អត់ធន់ និង​តស៊ូ​មិន​រាថយ។ បើ​ចង់​ធ្វើខ្លួន​ឱ្យ​អ្នកដទៃជឿជាក់​លើ​យើង យើង​ត្រូវជា​មនុស្ស​មាន​សច្ចៈ​រក្សា​ពាក្យសន្យា។ មុននឹង​សន្យា​ត្រូវ​សិក្សា​ឱ្យ​ល្អិតល្អន់ នៅពេល​សន្យា​ហើយ ទោះជា​ជួប​ឧបសគ្គ​លំបាកលំបិន​ប៉ុនណា ក៏​ត្រូវតែ​រក្សា​ពាក្យសន្យា​នោះ​ឱ្យដល់​ទីបំផុត​ដែរ។

4/ កុំ​តាមចិត្ត​កូន​រហូតដល់​ខូច​មនុស្ស បង្រៀន​ឱ្យ​កូន​ឈរ​ដោយ​ខ្លួនឯង

លោក លី បញ្ជូន​កូន​ទាំងពីរ​ទៅ​រៀន​ត​នៅឯ​ក្រៅប្រទេស​តាំងពី​អាយុ​ត្រឹមតែ15ឆ្នាំ និង13ឆ្នាំ។ ក្មេង​ទាំងពីរ​ត្រូវ​ហ្វឹកហាត់​មើលថែទាំ​ខ្លួនឯង មិនចេះ​ធ្វើ​ម្ហូប​ញ៉ាំ​ក៏ត្រូវ​សិក្សា​ពី​កម្មវិធី​ក្នុងទូរទស្សន៍ រហូតដល់​ទាំងពីរ​នាក់​អាចធ្វើ​ម្ហូបអាហារ​ញ៉ាំ​ដោយ​ខ្លួនឯង​ដើម្បីឱ្យ​ជីវិត​រស់នៅ​បាន។

នៅពេល​គ្រប់យ៉ាង​ស្រួលបួល​ហើយ កូនៗត្រូវ​ចេញទៅ​រក​ការងារ​ស៊ីឈ្នួល​ទូទៅ​ធ្វើ។ ធ្វើ Part time នៅ​ថ្ងៃ​ឈប់សម្រាក ជីវិត​ដូចជា​បុថុជ្ជន​ទូទៅ។ អ្នក​ដែល​ដឹង​ពី​ប្រវត្តិ​របស់​គ្រួសារ​នេះនិយាយថា “ឪពុក​មាន​កប់​ពពក ហេតុ​អី​ត្រូវ​មក​លំបាក​បែបនេះ” តែ​បងប្អូន​ទាំងពីរ​នាក់​បានត្រឹមតែ​ញញឹម ហើយ​ឆ្លើយថា “មិន​អី​ទេ​បាទ។

5/ រៀន​ចប់​ហើយ ឪពុក​មិន​ជួយឧបត្ថម្ភ ឬ​នៅ​ពីក្រោយ​ខ្នង​ឡើយ “ចូរ​ទៅ​សាង​មុខ​ជំនួញ​ដោយ​ខ្លួនឯង”

ភាព​ដាច់ខាត​របស់ លី កាស៊ី​ង ដែលមាន​ចំពោះ​កូន គឺជា​ការសម្រេចចិត្ត​ដែល​ត្រឹមត្រូវ​បំផុត។ លុះ​កូន​ទាំងពីរ​រៀន​ចប់​មហាវិទ្យាល័យ ស្ទែ​ម​ហ្វ៉​ត ដោយ​ហ្ក្រេ​ត​មធ្យមភាគ​ល្អ​បំផុត ក៏តាំងចិត្ត​ត្រឡប់មក​ហុងកុង​វិញ ដើម្បី​ចូលធ្វើការ​នៅក្នុង​ក្រុមហ៊ុន​របស់​ឪពុក តែ លោក លី បដិសេធ​ក្នុង​ការឱ្យ​កូន​ចូលមក​ធ្វើការ គាត់​ឱ្យ​កូន​ទៅ​ដើររក​ការងារ​ធ្វើ និង​រកស៊ី​ដោយ​ខ្លួនឯង។

ទាំងពីរ​នាក់​ចាក​ចេញពី​ហុងកុង ធ្វើដំណើរ​ទៅ​ប្រទេស​កាណាដា ហើយ​ចាប់ផ្ដើម​ធុរកិច្ច​ពី​ចំណុចសូន្យ។ ដោយ​ក្ដី​ព្យាយាម​មិន​ព្រម​ចុះចាញ់ ទីបំផុត​កូនប្រុស​ច្បង​ក៏​ទទួលជោគជ័យ​ផ្នែក​ជំនួញ​អចលនវត្ថុ ចំណែក​កូន​ប្អូន​ក៏​ក្លាយជា​អ្នកវិនិយោគទុន​ផ្នែក​ធុរកិច្ច​ហិរញ្ញវត្ថុ។ ទាំងពីរ​នាក់​សុទ្ធតែ​ទទួលបាន​ភាពជោគជ័យ​រហូត​ក្លាយជា​បុគ្គល​ដែល​មនុស្ស​នៅក្នុង​ពិភព​ធុរកិច្ច​តាម​សង្កេតមើល និង​យក​ធ្វើជា​គំរូ… ព្រោះតែ​ភាព​ដាច់ខាត​របស់​ឪពុក ទើប​កូន​ទាំងពីរ​នាក់​អាច​ឈរ​ឡើង​បាន​ដោយ​ខ្លួនឯង និង​សុទ្ធតែ​ដំណើរការ​ទៅបាន​យ៉ាង​ល្អ​នៅលើ​ដំណើរ​ផ្លូវ​ខាង​ធុរកិច្ច។

6/ កូន​របស់ លី កាស៊ី​ង ធ្លាប់​ត្រូវ​ជនពាល​ចាប់ជំរិត​ទារប្រាក់ តែ​ទម្រាំ​ប៉ូលិស​ដឹង គឺ​ដប់​ឆ្នាំក្រោយ

ដប់ឆ្នាំ​ដែល​កន្លងមក មនុស្ស​នៅក្នុង​ត្រកូល​នេះ​មិន​ដែលមាន​នរណាម្នាក់​ធ្វើឱ្យ​លេចឮ​ដំណឹង​នេះ​ឱ្យ​អ្នក​ក្រៅ​បានដឹង​ឡើយ​តែ​រឿង​ចាប់ផ្ដើម​ផ្ទុះឡើង​ដោយសារតែ​ជនល្មើស​ដែល​ចាប់ជំរិត​កូនប្រុស​របស់ លី កាស៊ី​ង ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​ចាប់ជំរិត​អ្នកដទៃ​នៅឯ​ទីក្រុង​ម៉ា​កាវ។ ក្នុងអំឡុង​ពេលដែល​ប៉ូលិស​កំពុង​ស៊ើបសួរ​ជនល្មើស ប៉ូលិស​បាន​សួរថា “ក្នុង​ជីវិត​ឧក្រិដ្ឋ​កម្មនេះ ធ្លាប់​បង្ក​បទល្មើស​អ្វីដែលធំៗបំផុត​ខ្លះ?” ជនល្មើស​ឆ្លើយថា “កាលពី​ដប់​ឆ្នាំមុន ធ្លាប់​ហាមាត់​សុំ​លុយ លី កាស៊ី​ង មក​ចាយ​មួយ​ពាន់​លាន​ដុល្លារ (ហុងកុង) លី កាស៊ី​ង ឆ្លើយ​អូ​ខេភ្លាម។

អ្នកសារព័ត៌មាន​សួរ លោក លី ថា ហេតុ​អី​បាន​មិន​ប្ដឹង​ប៉ូលិស​ពេល​កើតរឿង? លោក លី ប្រាប់​ទៅវិញ​ថា ក្នុង​ហេតុការណ៍​នោះ គាត់ និង​ជនល្មើស​ទំនាក់ទំនង​គ្នា​ក្នុង​បរិយាកាស​មិត្តភាពគាត់​សន្យា​នឹង​ជនល្មើស​ថា នឹងមិន​ប្ដឹង​ប៉ូលិស​ជាដាច់ខាត។ នោះ​គឺជា​ហេតុផល​ដែល​គាត់​រក្សា​ពាក្យសន្យា​រហូតមក។ លី កាស៊ី​ង បាន​ប្រាប់ថា ការរក្សា​ពាក្យសម្ដី​ជា​ជីវិត​ទី​ពីរ​របស់គាត់។ អ្នកសារព័ត៌មាន​សួរ​ទៀតថា ខឹង​នឹង​ជនល្មើស​ដែរឬទេ? លោក លី ឆ្លើយ​ទៅវិញ​ថា “ខ្ញុំ​តែងតែ​បង្រៀន​កូន​ថា មនុស្ស​យើង​ត្រូវមាន​បេះដូង​ដែល​ពុះពារ​ព្យាយាម​ដូច​បេះដូង​រាជសីហ៍ តែ​ត្រូវមានទឹកចិត្ត​ដែល​ពេញប្រៀប​ដោយ​ក្ដីមេត្តា​ដូច​ព្រះ​ពោធិសត្វ។

7/ លី កាស៊ី​ង ជា​មនុស្ស​ស្រឡាញ់​កូន ជា​សេចក្ដីស្រឡាញ់​ដូច​ឪពុក​ទាំងឡាយ​ដែលមាន​ចំពោះ​កូន

តែ​សម្រាប់​វិធី​ការចិញ្ចឹម​មើលថែ​អប់រំ​ប្រដៅ​កូន​វិញ​នោះ លី កាស៊ី​ង ជា​មនុស្ស​មាន​សតិ​ស្មារតី តែ​ដាច់ខាត។ ភាព​មាន​សតិ​ស្មារតី តែ​ដាច់ខាត​របស់គាត់​គឺ​ដើម្បី​បង្កប់​លុប​សេចក្ដីស្រឡាញ់​ដ៏​ធំធេង​របស់គាត់​ដែលមាន​ចំពោះ​កូន តែ​អ្វីដែល​គាត់​បង្ហាត់បង្រៀន​កូន​វិញ សុទ្ធតែ​ស៊ីជម្រៅ​បែប​មាន​ទស្សនៈ​ដែល​បង្កប់​ជ្រៅ នេះ​គឺ​វិធី​ការចិញ្ចឹម​មើលថែ​កូន​ដែល​គួរឱ្យ​គោរព​របស់​មហាសេដ្ឋី​លំដាប់​ពិភពលោក លី កាស៊ី​ង។

“ទោះជា​អ្នកទទួល​ជោគជ័យ​លើ​ផ្នែក​ជំនួញ​ខ្លាំង​ប៉ុនណា​ក៏ដោយ តែបើ​អ្នក​មិនអាច​បណ្ដុះបណ្ដាល​កូន​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​បានទេ​នោះ វា​គ្មានអ្វី​អាចមក​ជំនួស​ភាពខុស​ឆ្គង​មួយ​នេះ​បានឡើយ”   -លី កាស៊ី​ង-

ការបង្រៀន​កូន​ឱ្យ​ក្លាយជា មនុស្ស​មានគុណ​ភាពរ​បស់​មហាសេដ្ឋី លី កាស៊ី​ង វគ្គ1

Advertisement