Llorente ជួយ Spurs លត់ក្រុម Rochdale ចាស់ដៃ ដើម្បីចូលទៅវគ្គ 8ក្រុមនៃ FA Cup

ខ្សែប្រយុទ្ធ Fernando Llorente បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ក្នុងតង់ទី2 ហើយខ្សែបម្រើស្លាប Son Heung-min រកបាន 2គ្រាប់ ធ្វើឱ្យក្រុម Tottenham Hotspur លត់ក្រុម Rochdale យ៉ាងដំណំក្នុងលទ្ធផល 6-1 ក្នុងការប្រកួតពាន FA Cup ជុំទី 5ម្តងទៀត កាលពីថ្ងៃពុធ។
ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ពីការប្រកួតលើកទី1ក្នុងជុំទី5នេះរួច ក្រុម Tottenham បានបញ្ចប់ការសង្ស័យផ្សេងៗ ក្នុងការប្រកួតកាត់សេចក្តីនាកីឡដ្ឋាន Wembley បើទោះបីមានការរំខានដោយវីដេអូជំនួយការអាជ្ញាកណ្តាលក្នុងតង់ទី1 ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក៏ដោយ។លទ្ធផលនេះ មានន័យថា ក្រុម Spurs នឹងធ្វើដំណើរទៅជួបក្រុម Swansea ដែលជាគូប្រជែងស្ថិតក្នុងក្របខ័ណ្ឌ Premier League ដូចគ្នា ក្នុងការប្រកួតវគ្គ 8ក្រុមចុងក្រោយ។ ក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី3 Rochdale មិនបានធ្វើការផ្លាស់ប្តូរពីក្រុមដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយនឹងក្រុម Spurs ក្នុងការប្រកួតលើកទី1ឡើយ ស្របពេលដែលលោក Mauricio Pochettino គ្រូបង្វឹករបស់ Tottenhamបានផ្លាស់ប្តូរកីឡាករដល់ទៅ 9នាក់ពីក្រុមដែលបានយកឈ្នះលើក្រុម Crystal Palace 1-០ ក្នុងការប្រកួតក្របខ័ណ្ឌលីក កាលពីចុងសប្តាហ៍មុននេះ។ ទាក់ទងនឹងការប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្តាល លោក Pochettino បានឱ្យដឹងថា៖ «វាជាការប្រកួតមួយដែលយើងអាចដឹងពីរឿងផ្សេងគ្នាជាច្រើន។ វាពិតជាស្មុគស្មាញណាស់ ដោយសារតែប្រព័ន្ធថ្មីនេះ។ វាពិតជាលំបាកក្នុងការរក្សាការផ្តោតអារម្មណ៍ទៅលើការប្រកួត។ ខ្ញុំគិតថា យើងមានអាជ្ញាកណ្តាលដ៏ល្អបំផុតក្នុងទ្វីបអឺរ៉ុប ឬពិភពលោក ប៉ុន្តែ ខ្ញុំមិនដឹងថា ប្រព័ន្ធនេះវានឹងជួយដល់ពួកគេ ឬធ្វើឱ្យពួកគេកាន់តែច្របូកច្របល់ឡើយ»៕
ប្រភពពី៖ The Guardian

Advertisement