Neymar នឹងត្រូវ​អវត្តមាន​ពេល​ប៉ះ Real ខណៈ PSG បញ្ជូន​រូបគេ​ឱ្យទៅ​វះកាត់​នៅ​ប្រេ​ស៊ី​ល

តារា​ឆ្នើម​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar របស់​ក្លិប Paris Saint-Germain នឹងត្រូវ​ទទួល​ការវះកាត់​ប្រអប់ជើង​ដែល​រងរបួស​នៅ​ចុង​សប្តាហ៍​នេះ​ក្នុងប្រទេស​ប្រេ​ស៊ី​ល ខណៈដែល​រូបគេ​នឹងត្រូវ​អវត្តមាន​ក្នុងពេល​ក្រុម​របស់គេ​ប៉ះ​ជាមួយនឹង​ក្រុម Real Madrid ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League នៅ​ពាក់កណ្តាល​សប្តាហ៍​ក្រោយ។

ខ្សែប្រយុទ្ធ​វ័យ 26ឆ្នាំ​រូបនេះ បាន​រងរបួស​បាក់ឆ្អឹង​ប្រអប់ជើង និង​គ្រេច​កជើង​របស់គេ អំឡុងពេល​ក្រុម PSG បាន​យកឈ្នះ​លើ​ក្រុម Marseille ក្នុង​លទ្ធផល 3-០ កាលពី​ថ្ងៃអាទិត្យ។ Neymar បាន​ចាក​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក ហើយ​ក្រោយពី​បានធ្វើការ​ពិភាក្សា​ជាមួយនឹង​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បច្ចុប្បន្ន​វា​មាន​ភាពច្បាស់លាស់​ហើយ​ថា រូបគេ​ត្រូវតែ​ទទួល​ការវះកាត់។

សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់​ក្លិប បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា៖ «ក្រោយពី​ការព្យាបាល​រយៈពេល 3ថ្ងៃ​ដំបូង ក្រោម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ការពិភាក្សា​រួមគ្នា​មួយ​ត្រូវបាន​ធ្វើឡើង​រវាង​ទាំង​បុគ្គលិក​គ្រូពេទ្យ​ពី​ក្លិប Paris Saint-Germain និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល»។ PSG បាន​បន្ថែមទៀតថា៖ «ដោយ​ផ្អែកទៅលើ​ស្ថានភាព​របស់​កីឡាករ​រូបនេះ​ត្រូវបាន​គេ​សម្រេច​ថា Neymar Jr នឹង​ទៅ​ទទួលយក​ការវះកាត់​ក្នុងប្រទេស​ប្រេ​ស៊ី​ល នៅ​ចុង​សប្តាហ៍​នេះ។

រូបគេ​នឹងត្រូវ​វះកាត់​ដោយ​លោក​វេជ្ជបណ្ឌិត Rodrigo Lasmar រួមជាមួយ​នឹង​លោក Saillant ដែល​តំណាងឱ្យ​ក្លិប PSG។ នៅ​មុនពេល​ការប្រកាស​របស់​ក្លិប PSG ឪពុក​របស់ Neymar បាន​និយាយថា៖ «PSG ដឹងថា ពួកគេ​នឹងមិន​អាចដាក់​ក្តី​សង្ឃឹមលើ Neymar បានឡើយ​សម្រាប់​ការប្រកួត​ពេលខាងមុខ​នេះ។ ការព្យាបាល​របស់គេ​នឹងមាន​រយៈពេល​ពី6 ទៅ 8សប្តាហ៍ មិន​ថា មានការ​វះកាត់ ឬ​អត់​ក៏ដោយ»៕

ប្រភពពី៖ Daily Mail

Advertisement