តារា​ឆ្នើម​ប្រេ​ស៊ី​ល Neymar នឹងត្រូវ​អវត្តមាន​ដល់​ទៅ3ខែ ក្រោយ​ការវះកាត់​ប្រអប់ជើង

ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar នឹងត្រូវ​អវត្តមាន​ពី​ការប្រកួត​រហូតដល់​ទៅ​រយៈពេល3ខែ ពោលគឺ​ជិត​ដល់​យុទ្ធនាការ World Cup ក្រោយពី​បានទទួល​ការវះកាត់​ទៅលើ​ឆ្អឹង​ប្រអប់ជើង​ដែល​បាក់​របស់គេ។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​បស់​វេជ្ជបណ្ឌិត​របស់គេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ព័ត៌មាន​ដ៏​ខកចិត្ត​ជាង​ការគិត​មួយ​នេះ បានកើត​ឡើង ក្រោយពី​ខ្សែប្រយុទ្ធ​វ័យ២៦ឆ្នាំ​របស់​ក្លិប Paris Saint-Germain រូបនេះ បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Rio de Janeiro តាមរយៈ​ការ​យន្តហោះ Air France 1គ្រឿង ពី​ទីក្រុង​ប៉ារីស ដើម្បី​ទទួល​ការវះកាត់​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក Rodrigo Lasmar វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ដែល​បានធ្វើ​ដំណើរ​ជាមួយនឹង Neymar បាន​បញ្ជាក់ថា៖ «រយៈពេល​នៃ​ការ​សម្រាក​ព្យាបាល គឺមាន​រយៈពេល​ប្រមាណ​ជា2ខែ​កន្លះ ទៅ3ខែ»។

ការរង​របួស​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កីឡាករ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​របស់​ពិភពលោក​មួយ​នេះ ត្រូវ​អវត្តមាន​ក្នុង​ការប្រកួត​កាត់សេចក្តី​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League របស់​ក្រុម PSG ជាមួយនឹង​ក្រុម Real Madrid នា​ថ្ងៃទី6 ខែមីនា ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ផ្តល់នូវ​ការព្រួយបារម្ភ​ដ៏​ធំ​មួយ​ដល់​អ្នកគាំទ្រ​ដែល​ឆ្កួត​នឹង​បាល់ទាត់​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ផងដែរ ខណៈដែល​រូបគេ​អាច​នឹង​មិនមាន​ពេលវេលា​ក្នុងការ​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​យុទ្ធនាការ World Cup ក្នុងប្រទេស​រុស្ស៊ី ដែល​នឹង​ចាប់ផ្តើម​ប្រកួត​នា​ថ្ងៃទី14 ខែមិថុនា ឆ្នាំនេះ៕

ប្រភពពី៖ Sport24

Advertisement