បច្ចេកវិទ្យា​ដើរតួនាទី​សំខាន់​សម្រាប់​អាជីវកម្ម​បច្ចុប្បន្ន

បច្ចុប្បន្ននេះ ពិភពលោក​បាន​ឈាន​មួយ​ជំហាន​មកដល់​យុគសម័យ​ប្រើប្រាស់​បច្ចេកវិទ្យា​លើ​គ្រប់ផ្នែក រួមមាន​ការរស់នៅ ក៏ដូចជា​ការធ្វើ​អាជីវកម្ម​ផងដែរ គឺ​សុទ្ធតែ​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​ទំនើប​ទាំងអស់។

ឯកឧត្តម សុក ស៊ីផាន់ណា បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​បច្ចេកវិទ្យា​បាន​ជំរុញ​ឱ្យ​វិស័យផ្សេងៗជាច្រើន​ទៀត​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ស្រប​ពេលដែល​កម្ពុជា​យើង​បាន​ចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ប្រជាជន​ខ្មែរ​អាចបង្កើត​ទំនាក់ទំនង និង​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​ដៃគូ​បរទេស​បាន​ច្រើន។

នា​សម័យ​បច្ចុប្បន្ននេះ នៅ​ប្រទេស​អភិវឌ្ឍន៍​មាន​បច្ចេកវិទ្យា​ទំនើប កម្ពុជា​ក៏មាន​បច្ចេកវិទ្យា​ទំនើប​ដូចគ្នា នៅ​ប្រទេស​អភិវឌ្ឍន៍​មាន​ផលិតផល Apple ប្រើ យើង​ក៏មាន​ផលិតផល Apple ប្រើ​ដូចគ្នា ហេតុនេះ​ការធ្វើការ ការរៀនសូត្រ ឬ​ការរកស៊ី​យើង​អាច​ប្រើប្រាស់ បច្ចេកវិទ្យា​ដើម្បី​បង្ហាញ​ពី​សក្តានុពល​របស់ខ្លួន និង​ទាញយក​ប្រយោជន៍​ពី​ចរន្ត​មួយ​នេះ​បាន​ដូចគ្នា។

បើតាម​អ្នកជំនាញ​បានបង្ហាញ​ឱ្យឃើញថា ដោយសារ​ទីផ្សារ​បច្ចេកវិទ្យា​មាន​តម្រូវការ​ខ្លាំង​សម្រាប់​កម្ពុជា និង​ដោយសារ​ចរន្ត​នៃ​ការផ្លាស់ប្តូ​រលើ​វិស័យ ជាច្រើន​នៅ​កម្ពុជា អាជីវកម្ម​បច្ចេកវិទ្យា (E-Commerce) អាចជា​ប្រភេទ​អាជីវកម្ម​ល្អ​មួយ​ដែលមាន​និរន្តរភាព​ទៅ​ថ្ងៃ​អនាគត។

លោក ស៊ឹម ចាន់​គី​រី​រ័ត្ន Accounting Partner នៃ​ក្រុមហ៊ុន REACHS & Partner Co., Ltd បាន​លើកឡើងថា នៅ​ថ្ងៃ​អនាគត បច្ចេកវិទ្យា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​អាជីវកម្ម ដែល​វា​អាចជួយ​ជំរុញ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល ខណៈ​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​កំពុង​រីកចម្រើន។

លោក ស៊ឹម ចាន់​គី​រី​រ័ត្ន បាន​និយាយថា៖ “កន្លងមក​គេ​និយាយថា បើ​ជិះ​យន្តហោះ​ពី​សិង្ហ​បុរី​មក​ស្រុក​ខ្មែរ គឺ​ដូច​រូបអ្នក​បាន​ត្រឡប់​ទៅក្រោយ​វិញ 20ឆ្នាំ​អ៊ីចឹង មានន័យថា ស្រុក​យើង​នៅ​ចាញ់​គេ 20ឆ្នាំ។ ការគិត​បែបនេះ​ដោយសារ​ប្រជាជន​សិង្ហ​បុរី​មួយចំនួន​មិនទាន់​ស្គាល់​កម្ពុជា​ច្បាស់ តែ​ឥឡូវនេះ​ទំនោរ​នោះ​ត្រូវបាន​ផ្លាស់ប្តូ​រហើយ ព្រោះ​បច្ចេកវិទ្យា​បាន​កាត់បន្ថយ​គម្លាត​នៃ​ប្រទេសនីមួយៗយ៉ាងច្រើន។

អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថា នាពេល​បច្ចុប្បន្ននេះ បើ​និយាយ​ពី​ធនាគារ​វិញ ប្រហែលជា 67% នៃ​ធនាគារពាណិជ្ជ​បាន​បង្កើត​សេវា​ធនាគារ​តាម​អ៊ី​ន​ធើ​ណិ​ត (Internet Banking) ហើយ​មាន​ច្រើនជាង 21% ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទដៃ (Mobile Banking) ដែល​ចរន្ត​នេះ​បានបង្ហាញ​ឱ្យឃើញថា នៅ​កម្ពុជា​គឺ​កំពុងតែ​ធ្វើឱ្យ​សេវាកម្ម​ធនាគារ​ទៅជា​សេវា​ឌីជីថល (Digitizing Bank Services)។

អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា លោក​ឈុន ហស្ស​បញ្ញា​រិ​ទ្ធ បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ ការងារ​គ្រប់បែបយ៉ាង រួមទាំង​ការធ្វើ​អាជីវកម្ម​ផង​នោះ គឺមាន​ភាពងាយស្រួល​ជាង​មុន ព្រោះអ្វីៗគ្រប់យ៉ាង​ត្រូវបាន​កត់ត្រា​ដោយ​ប្រព័ន្ធ​ឆ្លាត​វៃ ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា។ កាលពីមុន​ការគិត​បញ្ជី ឬ​ការ​បូកលេខ​លើ​ទិន្នន័យមួយខែៗ គឺ​យើង​ត្រូវ​ចំណាយពេល​ច្រើន​ថ្ងៃ តែ​បច្ចុប្បន្ននេះ​សម្រាប់​អ្នករកស៊ី គឺអាច​គិត​បញ្ជី​បាន​ត្រឹម​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

ក្រៅពីនេះ ការរក្សា​ទុក​ឯកសារសំខាន់ៗក៏មាន​សុវត្ថិភាព​ខ្ពស់ជាង​មុន​ដែរ ព្រោះ​ពីមុន​យើង​ទុក​ឯកសារ​នៅក្នុង​ទូ ឬ​ទុក​ឯកសារ​នៅក្នុង​ឃ្លាំង​ដែល​យូរ​ឆ្នាំទៅ​វា​អាច​នឹង​ខូចខាត ហើយ​ក្រោយមក​អ្នករកស៊ី​គេ​អាច​រក្សា​ឯកសារ​បាន​ច្រើន​ឆ្នាំ​នៅក្នុង​កុំព្យូទ័រ​ឬ External Hard Disk តែ​តាមរយៈ​បណ្តាញ​បច្ចេកវិទ្យា​ឥឡូវ យើង​អាច​រក្សា​ឯកសារធំៗមួយចំនួន​នៅលើ​អាកាស (Clould) បាន​ទៀតផង ហេតុនេះ​វត្ត​មាននៃ​បណ្តាញ​បច្ចេកវិទ្យា​អាចធ្វើឱ្យ​អ្នករកស៊ី​ធ្វើការ​ងារ​បាន​លឿន មាន​សុវត្ថិភាព ចំណេញ​ពេល​ច្រើន​ក្នុង​ការធ្វើការងារសំខាន់ៗផ្សេងទៀត​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន។

លោក ឈុន ហស្ស​បញ្ញា​រិ​ទ្ធ បាន​និយាយថា ៖ “តាមរយៈ​បច្ចេកវិទ្យា ហាង​ទំនិញ ស្ថានីយប្រេងឥន្ធនៈ កន្លែង​លក់ដូរ និយាយ​រួម​ពី​ក្រុមហ៊ុន​ខ្នាតតូច ដល់​ខ្នាត​ធំ គឺ​ត្រូវបាន​កត់ត្រា​គ្រប់យ៉ាង​នៅក្នុង​កុំព្យូទ័រ​រួមទាំង​មាន​ប្រព័ន្ធ​គណនេយ្យ​រួចជាស្រេច។ ម្ចាស់​អាជីវកម្ម​នាពេល​បច្ចុប្បន្ននេះ​នឹង​កាន់​តែមាន​ភាពងាយស្រួល​កាន់តែខ្លាំង ដោយ​គាត់​មិនចាំបាច់​ឈឺក្បាល​ក្នុងការ​កត់ត្រា រាប់​លុយ គិត​បញ្ជី​ខាត​ចំណេញ​រៀងរាល់​ល្ងាច​ទៀត​នោះទេ។

លោក បញ្ញា​រិ​ទ្ធ បានលើកឡើង​ផងដែរ​ថា បច្ចេកវិទ្យា​ក៏បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្តល់នូវ​របាយ​ការណ៍​ហិរញ្ញវត្ថុ​បានជា​រៀងរាល់​ពេល​ថែម​ទៀតផង ហេតុនេះ​សហគ្រិន ឬ​ពាណិជ្ជករ អាច​នឹងមាន​សេរីភាព​ច្រើន​ក្នុងការ​ដើរហើរ​ឆ្ងាយ​ពី​អាជីវកម្ម ព្រោះ​ប្រសិនបើ​គាត់​ប្រើ​កម្មវិធី​គ្រប់គ្រង​អាជីវកម្ម​តាម​បណ្តាញ​បច្ចេកវិទ្យា គាត់​ថែមទាំង​ដឹង​ពី​ប្រតិបត្តិការ​សាច់ប្រាក់​រប​ស់​អាជីវកម្ម​គាត់​តាមរយៈ​ទូរស័ព្ទដៃ​របស់គាត់ បើទោះបីជា​គាត់​នៅទីណា​ក៏ដោយ។

ការប្រតិបត្តិ​ការងារ​ក្នុង​ក្រុមហ៊ុន​មួយ បច្ចេកវិទ្យា​មិន​ត្រឹមតែ​បាន​ជួយ​លើ​ផ្នែក​ការកត់ត្រា​បញ្ជី​គណនេយ្យ និង​ការ​រក្សាទុក​ឯកសា​រយ៉ា​ង​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ វា​បាន​ជួយ​សឹងតែ​គ្រប់ផ្នែក ដូចជា​ផ្នែក​ធនធានមនុស្ស ការជ្រើសរើស​បុគ្គលិក​តាម online ចំណេញ​ពេល និង​មិន​ចំណាយ​ថវិកា​ច្រើន ការងារ​ផ្នែក Marketing ផ្សព្វ​ផ្សាយបាន​លឿន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំណែក​ការងារ​ផ្នែក​លក់ យើង​អាច​លក់​តាម online ក៏​អាចជួយ​បង្កើន​ចំណូល​បន្ថែម​ពីលើ​ការចុះ​លក់​ផ្ទាល់​បាន​ទៀតផង។

ហេតុនេះ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ចាំបាច់​ត្រូវតែដើរ​ឱ្យទាន់​បច្ចេកវិទ្យា ព្រោះ​ប្រសិនបើ​យើង​ដើរ​មិនទាន់​របត់​នៃ​បច្ចេកវិទ្យា​ទេ អាជីវកម្ម​របស់​យើង​អាច​នឹង​ដើរ​ក្រោយ​គេ ឬ​យឺត​ជាងគេ និង​មិនអាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ដ៏​សែន​ចង្អៀត​នេះ​បានឡើយ៕

Advertisement