ខ្សែការពារ​អន្តរជាតិ​អ៊ីតាលី Astori ស្លាប់​ក្នុង​វ័យ 31ឆ្នាំ ដោយ​ជំងឺ​គាំងបេះដូង

ខ្សែការពារ​អន្តរជាតិ​អ៊ីតាលី Davide Astori ដែលជា​ប្រធាន​ក្រុម Fiorentina បាន​ស្លាប់​ក្នុង​វ័យ 31ឆ្នាំ។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្លិប​ស្ថិតក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី ​Serie A មួយ​នេះ កាលពី​ថ្ងៃអាទិត្យ។

Astori កំពុងតែ​ស្នាក់​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ជាមួយនឹង​មិត្ត​រួម​ក្លិប​របស់គេ នៅ​មុនពេល​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​នៅលើ​ទឹកដី​ក្រុម Udinese នៅពេលនោះ​រូបគេ​បាន​ស្លាប់ភ្លាមៗតែម្តង។ ខ្សែការពារ​រូបនេះ​បានបង្ហាញ​ខ្លួន 14លើក​សម្រាប់​ជម្រើសជាតិ​អ៊ីតាលី ក្នុង​អាជីព​មួយ​ដែល​បានចាប់ផ្តើម​ជាមួយនឹង​ក្លិប AC Milan បើទោះបី​រូបគេ​មិនបាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​សម្រាប់​ក្លិប​នេះ នៅមុន​ពេល​លក់​ទៅឱ្យ​ក្លិប Cagliari ក៏ដោយ។ ក្លិប Fiorentina បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «Fiorentina ពិតជា​មាន​ភាព​ស្រឡាំងកាំង​ណាស់​ក្នុង​ការប្រកាស​ពី​ការស្លាប់​របស់​ប្រធាន​ក្រុម Davide Astori ក្រោយពី​មាន​ជំងឺភ្លាម។

សម្រាប់​ស្ថានភាព​ដ៏​អាក្រក់​បែបនេះ និង​ក្រោម​ការគោរព​សម្រាប់​ក្រុមគ្រួសារ​របស់គេ យើង​សូម​ស្នើ​បណ្តាញសារព័ត៌មាន​ទាំងអស់​ឱ្យចេញ​ផ្សាយ​ប្រកបដោយ​ចំណេះដឹង»។ លោក Antonio de Nicolo មន្ត្រីប៉ូលិស​ក្នុង​ទីក្រុង Udine ត្រូវបាន​ដកស្រង់​សម្តី​ក្នុងពេល​និយាយ​ដោយ​បណ្តាញសារព័ត៌មាន​អ៊ីតាលី​ថា៖ «Astori បាន​ស្លាប់​ដោយ​ហេតុផល​ធម្មជាតិ ក្រោយពី​ដួល​ដោយសារតែ​ជំងឺ​គាំងបេះដូង»។

មន្ត្រី​រូបនេះ​បាន​បន្ថែមទៀតថា វា​ពិតជា​ចម្លែក​ណាស់​ដែល​បញ្ហា​បែបនេះ​បានកើត​ឡើង ដោយ​គ្មាន​សញ្ញា​អ្វី​ឱ្យដឹង​មុន​ទាំងអស់​ទៅលើ​កីឡាករ​អាជីព​ម្នាក់​ដែល​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់។ សាកសព​របស់ Astori ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Udine ដើម្បី​ធ្វើ​កោសល្យវិច័យ៕

ប្រភពពី៖ The Guardian

Advertisement