មុខងារ Explore Feed ត្រូវបាន​ដកចេញ​ពី​កម្ពុជា​ទាំងស្រុង

អាមេរិក៖ កាលពី​សប្ដាហ៍​មុន Facebook បានប្រកាស​នូវ​ដំណឹង​ល្អ​មួយ គឺ​ការធ្វើ​តេស្ដ​មុខងារ Explore Feed ត្រូវបាន​បញ្ចប់ ហើយ​ជាក់ស្ដែង​នៅថ្ងៃនេះ គេ​សង្កេតឃើញថា មុខងារ Explore Feed នៅលើ Facebook កម្ពុជា​ត្រូវបាន​ដកចេញ​ទាំងស្រុង ប៉ុន្តែ​សម្រាប់​នៅលើ App មាននៅ​សល់​ខ្លះ។

ការដកចេញ​នូវ​មុខងារ Explore Feed នេះ បានធ្វើឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មានការ​សប្បាយចិត្ត ព្រោះថា​មិន​ចាំ​បាច់​ត្រូវ​ជ្រើសរើស​បើក News Feed ឬក៏ Explore Feed នោះទេ ជាពិសេស​គឺ​សម្រាប់​អ្នកមាន Facebook Page ធំៗតែម្ដង។

កាលពីដើម​ខែមីនា​នេះ បណ្ដាញ​សង្គម​យក្ស Facebook បានប្រកាសថា ខ្លួន​នឹង​បញ្ចប់​ការងារ​ធ្វើតេស្ដ​ទៅលើ​មុខងារ Explore Feed ទាំង​ក្នុង 6ប្រទេស ដោយ​ក្នុងនោះ​មាន​កម្ពុ​ជាមួយ​ផងដែរ ហើយ​ការបញ្ចប់​ការធ្វើ​តេស្ដ ព្រមជាមួយ​ការដកចេញ​នូវ​មុខងារ Explore Feed នេះ ដោយសារតែ​លទ្ធផល​ដែល​ទទួលបាន​មិន​គាប់ប្រសើរ។

គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី Facebook ធ្វើតេស្ត​មុខងារ Explore Feed បានធ្វើឱ្យ​អ្នករក​ប្រាក់​តាមរយៈ Instant Articles ជួប​ការលំបាក ដោយ​ថយ​នូវ​ប្រាក់ចំណូល ព្រោះ Facebook បាន​ចែក​ការ Post នៅលើ Page ផ្សេង និង​នៅលើ Timeline ផ្សេង៕

Advertisement