គ្រាប់​បាល់​ដ៏​ល្អ​របស់ Matic បំពេញ​ការ​វាយបក​សម្រាប់ Man Utd លើទឹក​ដី Crystal Palace

Nemanja Matic បាន​បំពេញ​ការ​វាយបក​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម Manchester United ដែល​ដេញតាម​ពីក្រោយ​ក្រុម Crystal Palace 2គ្រាប់ ខណៈដែល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់​ខ្សែបម្រើ​អន្តរជាតិ​ស៊ែ​ប៊ី​រូបនេះ បានធ្វើឱ្យ Man Utd ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល 3-2 នៅលើ​ទឹកដី​ក្រុម Crystal Palace កាលពី​ថ្ងៃ​ចន្ទ។

ក្រុម​របស់លោក Jose Mourinho បាន​ដេញតាម​ពីក្រោយ​គ្រាប់​បាល់​បើកឆាក​របស់​ខ្សែបម្រើ Andros Townsend និង​គ្រាប់​បាល់​ក្នុង​តង់​ទី2 របស់​ខ្សែការពារ Patrick van Aanholt នា​កីឡដ្ឋាន​ Selhurst Park។

ប៉ុន្តែ ខ្សែការពារ ​Chris Smalling បាន​វាយបក 1គ្រាប់​វិញ​សម្រាប់​ក្រុម Man United មុននឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក RomeluLukaku បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​រយៈពេល 14នាទីចុងក្រោយ។ នៅពេល​ជិត​បញ្ចប់​ការប្រកួត ខ្សែបម្រើ​អន្តរជាតិ​ស៊ែ​ប៊ី Matic បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ជា​លើក​ទី1 របស់គេ​បានសម្រេច ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប Chelsea កាលពី​ឆ្នាំមុន តាមរយៈ​ការ​ស៊ុត​បាល់​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ។

លទ្ធផល​នេះ បានធ្វើឱ្យ​ក្រុម​របស់លោក Mourinho ឡើងទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ពីលើ​ក្រុម Liverpool នៅលើ​តារាង​ក្របខ័ណ្ឌ Premier League នៅមុន​ពេល​ក្រុម​យក្ស​របស់​អង់គ្លេស​ទាំង 2នេះ​ត្រូវ​ជួបគ្នា​នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ។ លោក Mourinho បាន​និយាយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ថា៖ «ការ​វាយបក​ដេញតាម​ពីក្រោយ 2-0 នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​មួយ​ដែល​កំពុងតែ​ចង់បាន 3ពិន្ទុ វា​ពិតជា​ផ្តល់ឱ្យ​យើង​នូវ​អារម្មណ៍​ដ៏​អស្ចារ្យ​មែន»៕

ប្រភពពី៖ Channel News Asia

Advertisement