Alves ៖ ទោះ​គ្មាន Neymar ក៏​ក្រុម PSG ត្រូវតែ​ក្រោក​ឡើង និង​បន្ត​ទៅមុខ​ដែរ

ខ្សែការពារ Dani Alves បាន​បញ្ជាក់ថា ក្រុម Paris Saint-Germain មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ផ្តួល​ក្រុម Real Madrid ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​នៅ​រាត្រី​នេះ បើទោះបី​គ្មាន​តារា​ឆ្នើម Neymar ដែល​កំពុងតែ​រងរបួស​ក៏ដោយ។

នៅពេលដែល​ត្រូវបាន​ចោទសួរ​អំពី​ការ​អវត្តមាន​មិត្ត​រួម​ជាតិ​របស់គេ ដែល​វិល​ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល​វិញ​ដើម្បី​សម្រាក​ព្យាបាល​ពី​ការវះកាត់​ប្រអប់ជើង​នោះ Alves បានឱ្យដឹងថា៖ «យើង​តែងតែមាន​ជម្រើស2 ជានិច្ច ពោលគឺ​ត្រូវតែ​អង្គុយ​ចុះ និង​យំសោក​ស្តាយ ឬក៏​យើង​ត្រូវតែ​ក្រោក​ឡើង និង​ធ្វើ​អ្វីដែល​យើង​ត្រូវតែ​ធ្វើ​តទៅទៀត»។

Alves ដែល​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ចន្ទ បាន​ប្រាប់​បន្តថា៖ «ជាមួយនឹង​ការ​មាន Neymar យើង​កាន់តែខ្លាំង​ជាង​មុន តែបើ​គ្មាន Neymar ក៏​យើង​នៅតែ​ខ្លាំង ពីព្រោះ​យើង​មាន​កីឡាករ​ផ្សេងទៀត​ជាច្រើន»។ ខ្សែការពារ​ជើងចាស់​រូបនេះ បាន​បន្ថែមទៀតថា៖ «ពិតណាស់ យើង​សោកស្តាយ​ចំពោះ​ការ​អវត្តមាន​របស់គេ។ ប៉ុន្តែ ខ្ញុំ​បានបញ្ជាក់​ហើយ​ថា រវាង​ការ​អង្គុយ​ចុះ និង​ស្រែកយំ និង​ការ​ក្រោកឈរឡើង ហើយ​បន្តដំណើរ​ទៅមុខ ខ្ញុំ​តែងតែ​ជ្រើស​រើសយក​ជម្រើស​ទី2 ជានិច្ច»។

ប៉ុន្តែ ដើម្បី​ឈានទៅដល់​ការប្រកួត​វគ្គ 8ក្រុម​ចុងក្រោយ​នៅ​ខែមេសា ពួកគេ​ត្រូវតែ​ធ្វើការ​ស្រោចស្រង់​ពី​ការ​ចាញ់​ក្នុង​ជើង​ទី1 ក្នុង​លទ្ធផល 3-1 នៃ​ការប្រកួត​ក្របខ័ណ្ឌ​វគ្គ16ក្រុម​ចុងក្រោយ​របស់​ពួកគេ នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Real ក្រោយពី​ការរង​បរាជ័យ​របស់​ពួកគេ នា​កីឡដ្ឋាន Bernabeu កាលពី​ខែ​មុន។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Sport24

Advertisement