លោក Klopp សម្លឹង​រក​ជោគជ័យ​បន្ថែមទៀត ក្រោយ Liverpool ទៅ​វគ្គ 8ក្រុម

លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​បញ្ជាក់ថា ការ​ឈានទៅ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League គឺជា​កន្លែង​ដែល​ក្រុម​របស់​ត្រូវ​ទៅ ក្រោយពី​បានបញ្ចប់​ការរង់ចាំរ​យៈ​ពេល 9ឆ្នាំ ដើម្បី​ឈានទៅ​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នេះ កាលពី​ថ្ងៃ​អង្គារ។

បើទោះបី​ត្រឹមតែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 0-0 ក្នុងការ​ប្រកួត​វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី2 នា​កីឡដ្ឋាន Anfield ក៏ដោយ ប៉ុន្តែ ក្រុម Liverpool បាន​យកឈ្នះ​លើ​ក្រុម Porto ដោយ​ងាយ​ក្នុង​លទ្ធផល​ទាំង 2ជើង 5-0 ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​ធំ​របស់​ពួកគេ​នៅលើ​ទឹកដី​របស់​ព័រ​ទុយ​ហ្គា​ល់ កាលពី៣សប្តាហ៍​មុន។

លោក Klopp ដែល​កំពុងតែ​ស្ថិតក្នុង​រដូវ​កាល​ទី2 របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ Liverpool នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​មាន​អារម្មណ៍ល្អ​ណាស់។ ខ្ញុំ​គិតថា ឆ្នាំនេះ យើង​មានកម្ម​សិទ្ធិ​ក្នុង​វគ្គ​នេះ ហើយ​វា​គួរតែ​មិនមាន​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ឡើយ»។

គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ បាន​បន្ថែមទៀតថា៖ «វគ្គ​បន្ទាប់ នឹង​លំបាក ក្រុម 7ផ្សេងទៀត​សុទ្ធសឹង​ជា​ក្រុម​ខ្លាំង ហើយ​ប្រហែលជា​ក្រុម 4ក្នុងចំណោម​នោះ គឺជា​ក្រុម​មកពី​អង់គ្លេស ដែល​នឹង​មិនមាន​ស្រួល​ឡើយ។ ខ្ញុំ​គិតថា យើង​នឹង​មានឱកាស​មួយ​សម្រាប់​ទៅ​វគ្គ 1/2ផ្តាច់ព្រ័ត្រ។ យើង​នឹងធ្វើ​ដំណើរ​ម្តង​មួយជំហានៗ ហើយ​នៅ​រាត្រី​នេះ​វា​ពិតជា​ផ្តល់នូវ​ការរំភើប​ណាស់»។

ស្របពេល​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo និង​ខ្សែបម្រើ Casemiro សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដូចគ្នា​សម្រាប់​ក្រុម Real Madrid ខណៈដែល​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ បាន​យកឈ្នះ​ក្នុង​លទ្ធផល 2-1 លើ​ក្រុម Paris Saint-Germain ដែល​អវត្តមាន Neymar ដើម្បី​កក់​កៅអី​របស់​ពួកគេ​ទៅកាន់​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​ថ្ងៃ​អង្គារ។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម Real ដណ្តើមបាន​ជ័យជម្នះ​ទាំង២ជើង​ក្នុង​លទ្ធផល 5-2 ក្រោយពី​ឈ្នះ 3-1 ក្នុងការ​ប្រកួត​ជើង​ទី1 កាលពី៣សប្តាហ៍​មុន៕

ប្រភពពី៖ The Straits Times

Advertisement