“8មីនា ទិវាស្ត្រីពិភពលោក” ឧត្តមភាពនៃស្ត្រីកម្ពុជាទាក់ទងនឹងគ្រួសារ

ស្ត្រី​គឺជា​សសរទ្រូង​សុភមង្គល​ដែល​គ្រួសារនីមួយៗមិនអាច​ខ្វះ​បាន ព្រោះ​ស្ត្រី​អាច​ដើរតួ​ជា​ម្តាយ​ល្អ​ម្នាក់​ទាំង​នៅក្នុង​សង្គម ក្នុង​ក្រុមហ៊ុន និង​ក៏ដូចជា​នៅក្នុង​ក្រុមគ្រួសារ​ដែលមានតួនាទី​មើលថែក្មេងៗជំនាន់​ក្រោយ បុគ្គលិក ក៏ដូចជាកូនៗរបស់ខ្លួន​ដែរ។

មាន​ពាក្យស្លោក​មួយ​ពោលថា “បុរស​ជា​អ្នក​ដឹក ស្ត្រី​ជា​អ្នក​នាំ” ស្ត្រី​អាចធ្វើ​រឿង​ជាច្រើន​ក្នុងពេល​តែមួយ​បាន ស្ត្រី​មាន​ភាព​អត់ធ្មត់​ខ្លាំង​ជាង​បុរស ជាហេតុ​ដែលនាំឱ្យ​ស្ត្រី​អាច​ជម្នះ​ឧបសគ្គ​បាន​គ្រប់យ៉ាង និង​អាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ។

អគ្គនាយិកា​ក្រុមហ៊ុន D’ Furniture លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​លើកឡើងថា ស្ត្រី​មាន​តួនាទី​សំខាន់​ខ្លាំងណាស់​សម្រាប់​គ្រួសារ​របស់ខ្លួន ស្ត្រី​អាចធ្វើឱ្យ​គ្រួសារ​មាន​សុភមង្គល ជួយ​លើ​ការងារ​អប់រំ មើលថែទាំ​បុត្រ​ធីតា និង​ការតម្រង់ទិស​ដល់​បុត្រ​ធីតា​សម្រាប់​ថ្ងៃ​អនាគត ស្ត្រី​អាចមាន​លទ្ធភាព​ក្នុង​ការជួយ​ដល់​កិច្ចការ​របស់​ស្វាមី ក្រៅពីនេះ​ស្ត្រី​ក៏​ជា​អ្នក​ដែល​អាចធ្វើឱ្យ​មនុស្ស​ជុំវិញខ្លួន​មាន​ភាព​រីករាយ និង​មាន​ស្នាមញញឹម​គ្រប់ពេល។ លោកជំទាវ​បញ្ជាក់​ផងដែរ​ថា ប្រសិនបើ​យើង​ចេះ​បែងចែក​ពេលវេលា​បានច្បាស់លាស់ នោះ​យើង​នឹង​ក្លាយជា​បុគ្គល​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា។

លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​មានប្រសាសន៍ថា៖ “ការរក្សា​តុល្យភាព​រវាង​គ្រួសារ និង​ការធ្វើ​អាជីវកម្ម ក៏ដូចជា​ការរក្សា​ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​ភ័ក្តិ​គឺជា​រឿង​សំខាន់​សម្រាប់​ស្ត្រី ហេតុនេះហើយ​ទើប​នាង​ខ្ញុំ​ចំណាយពេល​ជា​រៀងរាល់​ព្រឹក​សម្រាប់​ការរៀបចំ និង​មើល​ការខុសត្រូវ​លើ​របប​អាហារកូនៗ ហើយ​ជូន​ពួកគាត់​ទៅ​សាលារៀន បន្ទាប់មក​ត្រូវ​ទៅ​ក្រុមហ៊ុន​រៀបចំ​ចាត់ចែង​ការងារ ចំណែក​ពេលបាយ​ថ្ងៃត្រង់​ជា​ពេលវេលា​សម្រាប់​ជួប​ជាមួយ​មិត្ត​ភ័ក្តិ ពេល​ល្ងាច​ជា​ពេលវេលា​សម្រាប់​ផ្តល់ជូន​ឪពុកម្តាយ ចំពោះ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ គឺជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​កំដរកូនៗ និង​ស្វាមី។

លោកជំទាវ បានបញ្ជាក់​ផងដែរ​ថា ប្រសិនបើ​យើង​អាចបែងចែក​ពេលវេលា​បានល្អ​សម្រាប់​អ្នក​ទាំងអស់គ្នា យើង​នឹង​ទទួលបាន​នូវ​ទំនាក់ទំនង​ល្អ ភាពស្និទ្ធស្នាល ហើយ​ថែមទាំង​អាចធ្វើឱ្យ​អ្នក​រាល់គ្នា​ទទួលបាន​នូវ​ភាព​រីករាយ​គ្រប់ពេលវេលា។ មាន​មនុស្ស​មួយចំនួន​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម តែ​មិន​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​គ្រួសារ​នោះទេ ព្រោះ​ពួកគាត់​អាច​គិតតែ​មួយផ្នែក ដោយ​មិនបាន​ធ្វើការ​បែងចែក​ពេល​វេលា​ឱ្យ​បានល្អ។

សម្រាប់​លោកជំទាវ គឺ​ប្រើប្រាស់​ភាពជា​អ្នកដឹកនាំ​ក្នុង​ភាពជា​ម្តាយ​សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​អ្នក​នៅ​ជុំវិញខ្លួន​យើង​សុទ្ធតែជា​មនុស្ស​សំខាន់។ ភាពជា​ម្តាយ​គឺ​ត្រូវតែ​យកចិត្តទុកដាក់​ចំពោះកូនៗទាំងអស់គ្នា ហើយ​ព្យាយាម​ប្រើ​ភាពទន់ភ្លន់​ដើម្បី​អប់រំ ណែនាំ និង​តម្រង់ទិស​ដល់កូនៗឱ្យបាន​ល្អ។ បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ទាំងអស់​ក៏​ចាត់ទុកថា​ជា​កូន បងប្អូន​សាច់ញាតិ​ក៏​រាប់​ថា​ជា​កូន ហេតុនេះ​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា វាសនា​របស់​អ្នក​ទាំងអស់នោះ​គឺ​នៅក្នុង​ដៃ​របស់​យើង យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ក្នុងការ​រៀបចំ ចាត់ចែង និង​ផ្តល់​ក្តី​ស្រឡាញ់ ផ្តល់​គំនិត​វិជ្ជមាន​ដើម្បីឱ្យ​អ្នក​ទាំងអស់គ្នា​ទទួលបាន​នូវ​ភាពកក់ក្តៅ។ ការដឹកនាំ​បែបនេះ​អាចធ្វើឱ្យ​ស្ត្រី​ក្លាយជា​មនុស្ស​ដ៏​គួរឱ្យ​គោរព​ស្រឡាញ់​ពី​ក្រុមគ្រួសារ​ផង ពី​បុគ្គលិក​ក្រោមបង្គាប់​ផង និង​ពី​មិត្ត​ភ័ក្តិ​ផងដែរ។

លោកជំទាវ​បានលើកឡើង​ផងដែរ​ថា នៅក្នុង​ជីវិត​ប្តី​ប្រពន្ធ​តែងតែ​មានរឿង​ឈ្លោះប្រកែក​គ្នា​ខានមិនបាន នៅពេលដែល​យើង​ឈ្លោះ​គ្នា​អត់​មាន​ផលចំណេញ​ទេ ផ្ទុយទៅវិញ​យើង​ទាំង2នាក់​ប្តី​ប្រពន្ធខាតបង់​ច្រើន ខាត​ទាំង​ពេលវេលា ខាត​ទាំង​អារម្មណ៍​ខឹង​មួម៉ៅ ប៉ុន្តែ​លោកជំទាវ​បាន​ប្រាប់ថា មាន​ថ្នាំ​ម្យ៉ាង​សម្រាប់​បន្សាប​កំហឹង​បាន​នោះ​គឺ ក្តី​អាណិត​ក្នុងនាម​យើង​ជា​ភរិយា​ល្អ​ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ដោយ​ប្រើ​មនោសញ្ចេតនា ក្តី​អាណិត និង​ក្តី​ស្រឡាញ់​ជាធំ គឺ​ប្រើ​នយោបាយ​ម្តាយ​ស្រឡាញ់​កូន ព្រោះ​ជាក់ស្តែង​បើ​យើង​ខឹង​កូន​យើង គឺ​ខឹង​តែមួយ​ភ្លែត​ទេ ចុះ​ហេតុ​អី​ចំពោះ​ស្វាមី​របស់​យើង ជា​មនុស្ស​ដែល​យើង​ស្រឡាញ់​ខ្លាំង​បំផុត​នោះ យើង​មិនអាច​លើកលែង​ឱ្យ​គាត់​បាន? យើង​ត្រូវ​គិត​ឡើងវិញ​ថា រឿងរ៉ាវ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​យើង​ឈ្លោះ​គ្នា ជួនកាល​រឿង​ខ្លះ​វា​ជា​រឿង​តូច​បំផុត ពាក់ព័ន្ធ​នឹង​ការទាមទារ​របស់​យើង​ខ្ពស់​ពី​ស្វាមី​ពេក​ទេ​ដឹង? យើង​ត្រូវ​ព្យាយាម​ហាត់ពត់​ខ្លួនឯង​ឡើងវិញ ដោយ​កាត់បន្ថយ​ការទាមទារ ព្យាយាម​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ជាមួយគ្នា ហើយ​ត្រូវ​ចេះ​ធ្វើ​ហី​ខ្លះ​ទើបបាន ទើប​មិន​ធ្វើឱ្យ​យើង​ឈ្លោះ​គ្នាច្រើន ហើយ​ប្រសិនបើ​កំហុស នោះ​កើតឡើង​ដោយសារ​ខ្លួន​យើង​វិញ កុំ​ខ្លាច​ពាក្យ​ថា​សុំទោស មិនមែន​ការសុំ​ទោស ធ្វើឱ្យ​យើង​អន់​នោះទេ តែ​ផ្ទុយទៅវិញ​វា​បានផ្តល់​តម្លៃ​កាន់តែខ្លាំង​ដល់​ខ្លួន​យើង​ថែម​ទៀតផង ព្រោះ​ពាក្យ​សុំទោស​ចំពោះ​អ្នកដទៃ​វា​ជាការ​បញ្ជាក់​ពី​ការទទួលខុសត្រូវ​ខ្ពស់​របស់​យើង។

លោកជំទាវ​បាន​មានប្រសាសន៍ថា នៅក្នុង​សង្គម​យើង​បច្ចុប្បន្ន យើង​សង្កេតឃើញថា​ជីវិត​គ្រួសារក្មេងៗជំនាន់​ក្រោយ ពួកគាត់​មិនសូវ​ចេះ​អត់ធ្មត់​ក្នុង​ការរស់នៅ​ជាមួយគ្នា​ទេ អត្រា​នៃ​ការ​លែងលះ​មាន​ចំនួន​ច្រើន ដែល​បញ្ហា​នេះ​កើតឡើង​ដោយសារ​ការមិន​ព្រម​ព្យាយាម​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ជាមួយគ្នា ព្រោះតែ​ពួកគាត់ ភាគច្រើន​កើតមក​មិនបាន​ឆ្លងកាត់​ការលំបាក ឪពុកម្តាយ​គាត់​ជា​អ្នកធូរធារ​មាន​លុយកាក់​ផ្គត់​ផ្គត់​ជួយ​ដល់​គាត់​គ្រប់​រឿង ដូច្នេះ​ពួកគាត់​មិន​យល់​ទេ​ពាក្យ​ថា ទ្រាំ និង​ទ្រាំ​ដើម្បី​អ្វី ជាហេតុ​ធ្វើឱ្យ​ពួកគាត់​បែក​គ្នា។

លោកជំទាវ​បញ្ជាក់ថា “មកទល់​បច្ចុប្បន្ននេះ​ខ្ញុំ​បាន​ជួយ​ប្តី​ប្រពន្ធ4គូ​ដែល​ប្រុង​ដឹក​ដៃ​គ្នា​ទៅ​លែងលះ បន្ទាប់ពី​ជួប​ជាមួយ​ខ្ញុំ​រួចមក ខ្ញុំ​បាន​សួរនាំ និង​ផ្តល់យោបល់ល្អៗ បានធ្វើឱ្យ​ពួកគាត់​ភ្ញាក់ខ្លួន​ពីទង្វើ​របស់គាត់​កន្លង​មក ហើយ​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ចិត្ត​ពី​ការ​លែងលះ មក​រួម​រស់នៅ​ជាមួយគ្នា​ឡើងវិញ។ លោកជំទាវ​បាន​បន្តថា “អ្វីដែល​ខ្ញុំ​សប្បាយចិត្ត​ជាងគេ គឺ​ខ្ញុំ​មានមុខ​របរ​មួយ អត់​ចំណេញ​ប្រាក់​ទេ តែ​ជា​មុខរបរ​ដែល​ខ្ញុំ​ស្រឡាញ់​ជាងគេ គឺ​ការលើកទឹកចិត្ត​អ្នកដទៃ និង​បាន​ជួយ​គេ​ជា​រៀងរាល់ថ្ងៃ។

ចំពោះ​ការអប់រំ​ដល់​បុត្រ​ធីតា លោកជំទាវ​បាន​មានប្រសាសន៍ថា យើង​ត្រូវមាន​វិធីសាស្ត្រ​ក្នុងការ​និយាយ​ជាមួយ​ពួកគាត់ លោកជំទាវ​បន្តថា “កូន​ខ្ញុំ​អាយុ8ឆ្នាំ ខ្ញុំ​ព្យាយាម​និយាយ​ជាមួយ​គាត់​មិន​ឱ្យលើស10នាទី​ទេ ព្រោះ​បើ​យើង​និយាយ​យូរ​ជាង​នេះ​គាត់​នឹង​ស្តាប់​មិន​ចូល​ទេ” យើង​ត្រូវមាន​ចិត្តសាស្ត្រ​ក្នុងការ​និយាយ​ជាមួយ​ពួកគាត់​ដោយ​ធ្វើយ៉ាងណា​ឱ្យ​គាត់​ចាត់ទុក​យើង​ជា​មិត្ត​ភ័ក្តិ​ជិតស្និទ្ធ ទើប​គាត់​អាច​ប្រាប់​យើង​នូវ​រឿង​គ្រប់យ៉ាង​របស់គាត់​បាន ដូច្នេះ​បន្ទាប់ពី​យើង​បានដឹង​រឿងរ៉ាវ​របស់គាត់​ហើយ យើង​នឹង​រិះរក​វិធី​ដើម្បី​ជួយ​ដោះស្រាយ​គាត់​មួយ​ជំហានម្តងៗ គឺ​មិន​អាចធ្វើ​ដោយ​បង្ខំ​បានទេ។

សហគ្រិនស្រ្តីកម្ពុជា ថតរូបជុំគ្នានៅក្នុងកម្មវិធីមួយ

ជា​ចំណងដៃ​សម្រាប់​ថ្ងៃ8 មិនា​នេះ លោកជំទាវ​ក៏បានផ្តល់​អនុសាសន៍​ដ​ល់​ស្ត្រី​ទាំងឡាយ ឱ្យ​ចេះ​ស្រឡាញ់​ខ្លួនឯង​ឱ្យបាន​ច្រើន កុំ​ធ្វើបាប​ខ្លួនឯង​ដោយ​ការខឹង ព្រោះ​ការខឹង​ធ្វើឱ្យ​យើង​ខូច​អារម្មណ៍ខូច​ទាំង​សម្រស់ ខូច​ទាំង​សុខភាព ខូច​ទាំង​មនោសញ្ចេតនា​ដែល​យើង​ខំ​សាង​ពីមុនមក។ ត្រូវ​ចាំ​ថា​ស្ត្រី​គឺជា​បេះដូង​របស់​គ្រួសារ ដូច្នេះ​យើង​ត្រូវតែ​ធ្វើជា​អ្នកបង្កើត​នូវ​សកម្មភាពល្អៗដើម្បីឱ្យ​គ្រួសារទទួលបាន​នូវ​សេចក្តីសុខ​សុភមង្គល យើង​ត្រូវតែមាន​ភាពទន់ភ្លន់ ក្រមិចក្រមើម ញ៉េះញ៉ោះ លួងលោម​ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស​អាប់​អួ​ឱ្យទៅជា​រីករាយ វា​មិនមែនជា​ភាព​អៀនខ្មាស់​ដែល​យើង​ត្រូវធ្វើ​ដូច្នេះ​នោះទេ តែ​ផ្ទុយទៅវិញ វា​ជា​តួនាទី​របស់​យើង​ដែលជា​ភរិយា​ក្នុងនាម​ជាម​នុស្ស​ស្រី ព្រោះ​ធម្មជាតិ​របស់​មនុស្ស​ប្រុស​ទូទៅ​មិនអាច​ធ្វើ​ចំណុច​នេះ​បានល្អ​ដូច​យើង​ជា​ស្ត្រី​ឡើយ។ ដូច្នេះ​ស្ត្រី​ត្រូវ​ដឹង​ខ្លួនឯង​ថា តួនាទី​របស់​យើង គឺជា​អ្នកផ្តល់​សេចក្តីសុខ​សុភមង្គល​ដល់​មនុស្ស​ជុំវិញខ្លួន មិនមែន​ត្រូវ​រង់ចាំ​ឱ្យគេ​ជា​អ្នកផ្តល់​សេចក្តីសុខ​សុភមង្គល​មកឱ្យ​យើង​វិញ​នោះទេ បើ​យើង​គិត​ដូច្នេះ​នោះ​គ្រួសារ​របស់​យើង​នឹង​មិនមាន​សេចក្តីសុខ​នោះឡើយ៕

Advertisement