ធនាគារ CIMB បានរៀបចំ​កម្មវិធី​ទិវា​នារី​អន្តរជាតិ ក្រោម​កិច្ច​ឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​ពី ក្រសួង​កិច្ចការនារី ដើម្បី​ជាការ​លើកកម្ពស់​សមត្ថ​ភាព និង​ការចូលរួម​របស់​ស្ត្រី ក្នុង​ស្ថាប័ន

ភ្នំពេញ៖ នៅ​ថ្ងៃទី07 ខែមីនា ឆ្នាំ2018 ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំ​កម្មវិធី​អបអរសាទរ​ព្រឹត្តិការណ៍ ទិវា​នារី​អន្តរជាតិ 08មីនា ខួប​លើក​ទី107 ក្រោម​ប្រធានបទ «ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ» ដោយមាន​ការអញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​របស់លោក​ជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី រួមជាមួយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ និង​បុគ្គលិក​គ្រប់លំដាប់​របស់​ធនាគា​រ CIMB ប្រមាណ​ជាង 80នាក់​ផងដែរ។

ក្រោម​កិច្ច​ឧបត្ថម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ក្រសួង​កិច្ចការនារី បាន​ញ៉ាំងឱ្យ​កម្មវិធី​ទាំងមូល​កាន់តែ​មាន​ភាព​អស្ចារ្យ និង​អធិកអធម​ក្រៃលែង បង្កលក្ខណៈ​ដល់​បុគ្គលិក​គ្រប់រូប​ដែល​បាន​អញ្ជើញ​ចូលរួម អាច​ស្វែងយល់​កាន់តែច្បាស់ ពី​សារៈសំខាន់​របស់​ស្ត្រី ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ក៏ដូចជា​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការដោះស្រាយ​បញ្ហា​នានា​របស់​ស្ត្រី​ទូទាំងប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​កម្មវិធី​ដ៏​ឱឡារិក​នេះ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា៖ «យើង​រៀបចំ​កម្មវិធី​ទិវា​នារី​អន្តរជាតិ​នេះ​ឡើង ដើម្បី​ចូលរួម​អបអរ​ដល់​ស្ត្រី នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា ហើយ​ជាពិសេស​បង្ហាញ​ពី​ការថ្លែងអំណរគុណ​ដល់​និយោជិត​ជា​ស្ត្រី​របស់​ធនាគារ​យើង។ ធនាគារ CIMB បាន​លើកទឹកចិត្ត និង​លើកកម្ពស់​ការអភិវឌ្ឍ​សមត្ថភាព​ស្ត្រី ក្នុង​វិស័យ​ធនាគារ។ យើងខ្ញុំ​មាន​និយោជិត​ស្ត្រី រហូតដល់ 55% នៃ​ចំនួន​បុគ្គលិក​សរុប​របស់​ធនា​គារ CIMB ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​ធ្វើឱ្យ​សេវាកម្ម​បម្រើ​អតិថិជន​កាន់តែ​ល្អ​បំផុត​ចំពោះ​អតិថិជន​របស់​យើង»។

ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួង​កិច្ច​នារី បានផ្តល់​អនុសាសន៍ នៅក្នុង​កម្មវិធី​នេះ​ថា៖ «ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ និង​ជា​កម្លាំងចលករ​មួយ​ដ៏​សំខាន់ សម្រាប់​ជំរុញ​ឱ្យ​ប្រទេសជាតិ​ទទួលបាន​នូវ​ការអភិវឌ្ឍ រីកចម្រើន វឌ្ឍនភាព ស្ថេរភាព និង​សន្តិភាព។ បច្ចុប្បន្ន មាន​ស្ត្រី​កាន់​ច្រើន​ដែល​ពោ​ពេញ​ទៅដោយ​សមត្ថភាព និង​ភាពជោគជ័យ​នៅក្នុង​ជីវិត នៅលើ​មុខ​ជំនួញ និង​ការងារ។ ខ្ញុំ​សូម​កោតសរសើរ​ដល់​ធនាគា​រ CIMB ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​លើកកម្ពស់​កា​រ​ចូលរួម​របស់​ស្ត្រី នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ ដែល​រួមមាន​គណៈ​គ្រប់គ្រង​ជា​ស្ត្រី រហូតដល់ 4នាក់ ក្នុងចំណោម​គណៈ​គ្រប់គ្រង​ទាំង11នាក់»។

ជាមួយគ្នានេះ លោកជំទាវ​បានបញ្ជាក់​ផងដែរ​ថា ការចូលរួម​របស់​ក្រសួង​កិច្ចការនារី ក្នុង​ព្រឹត្តិការណ៍​អបអរ​ស​សាទរ​ទិវា​នារី​អន្តរជាតិ ជាមួយ​ធនាគារ CIMB នេះ គឺជា​លើកដំបូង​ហើយ ដែល​ក្រសួង​ប្រា​ព្ធ​ធ្វើជា​មួយក្រុម​ហ៊ុន​មក​វិស័យ​ឯកជន។ ហើយ​ក្រសួង​កិច្ចការនារី​សង្ឃឹមថា នឹងមាន​កម្មវិធី​បែបនេះ​កាន់តែ​ធំ​ជាង​នេះ ជាមួយ​ធនាគារ CIMB ក៏ដូចជា​នឹងមាន​ការចូលរួម​កាន់​តែ​ច្រើនឡើង ពី​ស្ថាប័ន និង​ក្រុមហ៊ុន​នានា ក្នុងការ​លើកកម្ពស់ និង​លើកទឹកចិត្ត​ស្ត្រី នៅក្នុង​ស្ថាប័ន​ការងារ ដែល​ស្ត្រី​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គមជាតិ។

គួរបញ្ជាក់​ផងដែរ ទិវា​អន្តរជាតិ​នារី 8មីនា ជា​ទិវា​សកល​មួយ ដែល​រំលឹក​អំពី​វីរភាព​នៃ​ការតស៊ូ​របស់​នារី នៅ​ទូទាំង​សកលលោក ដើម្បី​ទាមទារ​ឲ្យ​មានការ​លើកកម្ពស់​ស្ថានភាព ជីវភាព សិទ្ធិសេរីភាព ឋានៈ តួនាទី​របស់​ស្ត្រី នៅក្នុង​សង្គម។

ជា​រៀងរាល់ឆ្នាំ នៅតាម​បណ្តា​ប្រទេសនីមួយៗ តែងតែ​លើកយក​ប្រធានបទផ្សេងៗគ្នា ដែល​ទាក់ទង​នឹង​ស្ត្រី ដើម្បី​ដាក់ចេញ​ជា​សកម្មភាព ឱ​ញយ​ស្របទៅនឹង​បរិបទ​របស់​ប្រទេសនីមួយៗ ហើយដោយ​ឡែក ប្រធានបទ «ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ» ត្រូវបាន​លើកឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​តថភាព​បច្ចុប្បន្ន​ក្នុង សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​យកចិត្តទុកដាក់​ខ្ពស់​លើ​សិទ្ធិសេរីភាព និង​ការចូលរួម​ដោយ​ស្មើភាព​ក្នុង​ភារកិច្ច កសាង​សង្គម​របស់​ស្ត្រី។ ជាមួយគ្នានេះ ធនាគារ CIMB ដែលជា​ធនាគារពាណិជ្ជ​ថ្នាក់​តំបន់​ឈានមុខ​គេ នៅ​ប្រទេស​កម្ពុជា មាន​មោទនភាព ដែល​តែងតែ​លើកកម្ពស់​សមត្ថ​ភា​ពបុ​គ្គ​លិ​ក​ជនជាតិខ្មែរ ជាពិសេស​លើកទឹកចិត្ត​ដល់​បុគ្គលិក​ស្ត្រី ក្នុង​វិស័យ​ធនាគារ៕

Advertisement