Mark Zuckerberg ទទួលបាន​លុយ​ជិត 500លាន​ដុល្លារ​ពី​ការលក់​ហ៊ុន Facebook

សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ធំជាងគេ លើ​ពិភពលោក Facebook Inc លោក Mark Zuckerberg ត្រូវបាន​គេ​ដឹងថា ថ្មីៗនេះ​បាន​លក់​ភាគហ៊ុន Facebook ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹក​ដើម្បី​យកលុយ​ទៅ​ទំនុកបម្រុង​ក្នុងការ​វិនិយោគ​លើ​ក្រុមហ៊ុន​ថ្មី​មួយទៀត។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters។

តាម​ការចុះផ្សាយ​របស់ Reuters បានឱ្យដឹងថា កាលពី​ខែកុម្ភៈ កន្លងទៅនេះ​កំពូល​មហាសេដ្ឋី​វ័យក្មេង Mark Zuckerberg បាន​លក់​ភាគហ៊ុន​របស់ខ្លួន​ចំនួន 2ដង ដោយ​លើក​ទី1លក់​ចំនួន 685,000ហ៊ុន ដោយ​ទទួលបាន​ប្រាក់​ចំនួន 125.4លាន​ដុល្លារ​អាមេរិក និង​លើក​ទី2 លក់ 2.7លាន​ហ៊ុន​ថែមទៀត​ដោយ​សរុប​ទាំង​ពីរលើក​ទទួលបាន​ប្រាក់ 482.2លាន​ដុល្លារ​អាមេរិក។

លុយ​ដែល​បាន​ពី​ការលក់​ភាគហ៊ុន​ទាំងពីរ​លើក​នេះ មិនត្រូវ​បាន​លោក Mark Zuckerberg បញ្ជាក់ថា យកទៅ​ធ្វើ​អ្វី​នោះទេ ប៉ុន្តែ​ខាង​ក្រុម​អ្នកឃ្លាំមើល​បាន​លើកឡើងថា លុយ​ទាំងអស់នោះ គឺ Mark Zuckerberg យកទៅ​វិនិយោគ​បន្ថែម​ទៅលើ​ក្រុមហ៊ុន Chan Zuckerberg Initiative ដែល​បង្កើតឡើង​ដោយ​លោក​ជាមួយនឹង​ភរិយា ហើយ​ក្រុមហ៊ុន​មួយ​នេះ គឺ​ផ្ដោត​សំខាន់លើ​ការអភិវឌ្ឍ​ផ្នែក​វិទ្យាសាស្ត្រ​អប់រំ និង​វិស្វកម្ម។

កាលពី​ខែកញ្ញា ឆ្នាំ2017 លោក Mark Zuckerberg បានប្រកាសថា លោក​នឹង​លក់​ភាគហ៊ុន​ដែលមាន​នៅក្នុង​បណ្ដាញ​សង្គម Facebook ចន្លោះ​ពី 35 ទៅ 75លាន​ហ៊ុន នៅក្នុង​រយៈពេល 18ខែ​បន្ទាប់ ដែល​តាម​ការប៉ាន់ប្រមាណ​អាច​ប្រមូលប្រាក់​បាន​រហូតដល់ 13ពាន់​លាន​ដុល្លារ​អាមេរិក។

គួរ​បញ្ជាក់ដែរថា លោក Mark Zuckerberg គឺជា​បុគ្គល​តែ​ម្នាក់​គត់ ដែលមាន​ភាគហ៊ុន Facebook ច្រើនជាងគេ ដោយ​កាលពី​ឆ្នាំ2016 លោក​បាន​លក់​ភាគហ៊ុន​ដោយ​ទទួលបាន​លុយ 1.6ពាន់​លាន​ដុល្លារ​អាមេរិក​ម្ដង​រួចមកហើយ៕

Advertisement