អ្នក​ពូកែ​សន្សំ​ឯកសារ ភាគច្រើន អាចបង្កើត​ស្នាដៃ​ថ្មី​ដោយ​ខ្លួនឯងបាន

លោកតា​បណ្ឌិត កុល ផេង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ

នៅក្នុង​ដំណើរ​ជីវិត​នៃ​ការសិក្សា មនុស្សម្នាក់ៗតែងតែ​ចង់​ក្លាយជា​បុគ្គល​ដែលមាន​តម្លៃ​សម្រាប់​មនុស្ស​ទូទៅ ឬ​ចង់​ក្លាយជា​មនុស្ស​ដែលមាន​ប្រយោជន៍​សម្រាប់​សាធារណជន។ ការបង្កើត​ស្នាដៃ​ថ្មី​លើ​ការសិក្សា​ស្រាវជ្រាវ ឬ​ការ​ចងក្រង​ជា​ឯកសារ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ជា​រឿង​សំខាន់​មួយ​ដែល​រុញច្រាន​ពួកគេ​ឱ្យ​ក្លាយជា​មនុស្ស​ដែលមាន​ការទទួលស្គាល់​ពី​មនុស្ស​ជុំវិញខ្លួន និង​សង្គម។

លោកតា​បណ្ឌិត កុល ផេង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បានលើកឡើង​នៅក្នុង​កម្មវិធី​មាគ៌ា​បុគ្គល​ឆ្នើម​ថា អ្នកសិក្សា ឬ​បុគ្គល​ដែល​ពូកែ​រក្សាទុក​ឯកសារសំខាន់ៗពី​ការរៀនសូត្រ គឺជា​មនុស្ស​ដែល​អាច​រកឃើញ​នូវ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ខ្លួនឯង។ អ្នក​ចូលចិត្ត​សន្សំ​ឯកសារ ក៏​ជា​អ្នក​ដែល​ចូលចិត្ត​កត់ត្រា​នូវ​អ្វីដែល​ខ្លួន​បាន​រៀនសូត្រ​ទុក​ដែរ ហេតុនេះ​នៅពេលដែល​ពួកគេ​ចងក្រង​ឯកសារសំខាន់ៗទាំងអស់នោះ​ចូលគ្នា ពួកគេ​នឹង​អាចបង្កើត​ស្នាដៃ​ថ្មី​មួយ ឬ​កម្រង​ឯកសារ​មួយ​សម្រាប់​ជាការ​សិក្សា​រៀនសូត្រ​ខ្លួនឯង និង​សម្រាប់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ដែល​កំពុង​ត្រូវការ​ប្រភព​ឯកសារ​សម្រាប់​ស្រាវជ្រាវ​ផងដែរ។

លោកតា​បណ្ឌិត កុល ផេង បាន​មានប្រសាសន៍ថា ៖ “អ្នករៀន​ដែល​ល្អ គេ​តែងតែ​កត់​ទុក​នូវ​អ្វីដែល​គេ​បានឃើញ បានឮ ឬ​បានដឹង​ពី​គ្រប់​មជ្ឈដ្ឋាន។ ប្រភព​ចំណេះដឹង​ទាំងអស់នោះ នៅពេលដែល​យើង​កត់​ទុក​បាន​ច្រើន វា​នឹង​ក្លាយជា​របស់​មានតម្លៃ។

អ្នកស្រាវជ្រាវ អ្នកនិពន្ធ និង​រៀបរៀង​សទ្ទានុក្រម​ពាក្យ​ខ្មែរ​ទំនើប លោក ឈិន សីហា បាន​លើកឡើងថា ការរក្សា​ទុក​ឯកសារ​គឺជា​រឿង​សំខាន់​ខ្លាំងណាស់​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ ព្រោះថា នៅលើ​ពិភពលោក​យើង​នេះ​មាន​ឯកសារ​ច្រើន​រាប់មិនអស់ តែ​មិន​ប្រាកដថា​ឯកសារ មានតម្លៃ​ទាំងអស់​នោះទេ។ ហេតុនេះ​សម្រាប់​អ្នកស្រាវជ្រាវ​គេ​តែងតែ​ដកស្រង់យក​ចំណុច​ដែល​គេ​ត្រូវការ​ទុក​ទាំងអស់ បន្ទាប់មក​ទើប​គេ​ចែក​បណ្តុំ​ឯកសារ​នោះ​ជា​ប្រភេទ​ទៅតាម​ជំនាញនីមួយៗ។

លោក ឈិន សីហា បាន​និយាយថា៖ “ការបែងចែក​ប្រភព​ឯកសារ​ជាផ្នែកៗឱ្យមាន​សណ្តាប់ធ្នាប់​មាន​ប្រយោជន៍​ខ្លាំងណាស់ ព្រោះ​វា​ធ្វើឱ្យ​យើង​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក និង​យកមក​អាន ហើយ​វា​ក៏​អាច​ក្លាយជា​ប្រភព​ទុន​សម្រាប់​ចងក្រង​ឱ្យ​ក្លាយជា​បណ្តុំ​ឯកសារ​សម្រាប់​មនុស្ស​ទូ​ទៅ​ផងដែរ។

លោក សីហា បានលើកឡើង​ផងដែរ​ថា ឯកសារ​មួយចំនួន​ដែល​យើង​គិតថា​ល្អ យើង​ក៏​ចាំបាច់​ត្រូវ​រក្សា​វា​ទុក​ផងដែរ ព្រោះ​ថ្ងៃ​ណាមួយ​វា​អាច​ក្លាយជា​ទិន្នន័យ ឬ​ចំណុច​ដែល​ត្រូវការ​ជាក់​ជាមិនខាន។ ម្យ៉ាងវិញទៀត ទិន្នន័យចាស់ៗដែលមាន​នៅក្នុង​ដៃ​អាចជា​ប្រភព​យ៉ាងសំខាន់​មួយ​ក្នុងការ​ធ្វើជា​ឯកសារយោង ភ័ស្តុតាង ឬ​អាច​ធ្វើជា​ប្រភព​នៃ​ឯកសារ​សម្រាប់​ប្រៀបធៀប​ជាមួយនឹង​ស្ថានភាព​ជាក់ស្តែង​ដែល​កើត​មាននៅ​ថ្ងៃ​ណាមួយ។ គ្រប់ការ​វិភាគ និង​ការសរសេរ​ចេញ​ជា​ឯកសារ​ថ្មី គឺ​ត្រូវការ​បំផុត​នូវ​ឯកសារចាស់ៗដែលមាន​នៅក្នុង​ដៃ។

អ្នកសិក្សា​ដែល​ស្រឡាញ់​ការស្រាវជ្រាវ លោក សោម ចន្ទ​សុធា បាន​លើកឡើងថា សម្រាប់​លោក​ជា​អ្នកតស៊ូ​មតិ លោក​តែងតែ​ស្វែងរក​ប្រភព​ជាច្រើន​សម្រាប់​ធ្វើជា​អំណះអំណាង​នៅពេល​ជជែកពិភាក្សា ហើយ​ពេលខ្លះ​ប្រសិនបើ​គ្មាន​ប្រភព​ឯកសារ​ច្រើន​ទេនោះ យើង​អាច​នឹងមាន​ការលំបាក​ក្នុងការ​ដកស្រង់យក​ប្រភព​ដែល​គួរ​ទុកចិត្តបាន ហើយ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ចំណុច​គាំទ្រឱ្យបាន​ទូលំទូលាយ។ ហេតុនេះ​លោក​តែងតែ​រក្សាទុក​នូវ​ឯក​សារ​ទាំងអស់​ដែល​លោក​បាន​ជួប​ប្រសិនបើ​លោក​គិតថា វា​មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​លើ​ការនិយាយ​ជា​សាធារណៈ។

លោក សោម ចន្ទ​សុធា បាន​និយាយថា៖ “មិន​ថា​ព្រឹត្តិបត្រ​ព័ត៌មាន ឬ​ប្រភពព័ត៌មាន​ជា PDF  នោះទេ ខ្ញុំ​តែងតែ​រក្សាទុក​ជានិច្ច​នៅតាម​ផ្នែកសំខាន់ៗព្រោះ​ជា​ចំណុចខ្លាំង​ដែល​ពេលខ្លះ​យើង​មាន តែ​អ្នក​ដទៃទៀត​មិន​ប្រាកដថា​មាន​នោះទេ។

លោក សុធា បានលើកឡើង​ផងដែរ​ថា ប្រភពព័ត៌មាន​ពិតជា​សំខាន់​ខ្លាំងណាស់ សម្រាប់​មនុស្ស​គ្រប់គ្នា ព្រោះ​កាលណា​យើង​មាន​ព័ត៌មាន​ច្បាស់លាស់ យើង​អាចមាន​មូលដ្ឋាន​នៃ​គំនិតល្អ​ក្នុងការ​ប្រើប្រាស់​តាម​គ្រប់​លក្ខខណ្ឌ៕

Advertisement