សារាយ សក្កណា ត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញទាំងអាល័យ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី សារាយ សក្កណា  កាលពីថ្ងៃទី11 ខែមីនា ឆ្នាំ2018ម្សិលមិញបានឱ្យដឹងថា តារាស្រីរូបនេះបានធ្វើដំណើរត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារវិញហើយ ខណៈដែលប្រជាប្រិយភាពរបស់នាងកំពុងតែហក់ឡើងខ្ពស់ត្រដែតនៅក្នុងពិភពសិល្បៈជាថ្មីម្ដងទៀត។

បើតាមការបង្ហោះសាររបស់មិត្តសំណព្វចិត្តរបស់តារាស្រីរូបនេះ គឺលោក ប៉ែន ចំរ៉ុង ដែលបានទៅចូលរួមជូនដំណើរនាងដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ហើយថែមទាំងជូនពររូបនាងផងថា «សូមជូនពរឱ្យប្អូនស្រី សារាយ សក្កណា និងក្រុមគ្រួសារត្រឡប់ទៅសហរដ្ធអាមេរិកវិញបានទទួលតែសេចក្ដីសុខសុវត្ថិភាព សុខសុភមង្គល គិតប្រាថ្នាអ្វីសូមឱ្យសម្រេចដូចប្រាថ្នា សង្ឃឹមបានជួបគ្នាលើកក្រោយទៀតក្នុងពេលឆាប់ៗ»។

សូមជម្រាបបន្ថែមដែរថា ជាច្រើនខែមកហើយដែលអ្នកនាង សារាយ សក្កណា ចំណាយពេលវេលានៅក្នុងស្រុកខ្មែរដើម្បីបើកហាងរកស៊ីក៏ដូចជាថតរឿងថ្មី និងបានដើរលេងជួបជុំគ្រួសារទៅតាមបណ្តាខេត្ត-ក្រុងនានាតាមតំបន់កម្សាន្តជាច្រើន។ ជីវិតអ្នកនាងជាមួយស្វាមី និងកូនទាំងពីរ មានសេចក្ដីសុខសុភមង្គលខ្លាំងណាស់ ហើយអ្នកនាងនៅតែស្រស់ស្អាត មានមន្តស្នេហ៍គួរឱ្យទាក់ទាញចិត្តទស្សនិកជនជានិច្ច អ្នកគាំទ្រសង្ឃឹមថា អ្នកនាងនឹងវិលត្រឡប់មកកម្ពុជាវិញ ហើយនៅតែបម្រើអារម្មណ៍ទស្សនិកជនតាមរយៈទេពកោសល្យសម្ដែងរបស់អ្នកនាងជាបន្ដទៅទៀតផងដែរ៕

Advertisement