លោក Conte៖ Chelsea ត្រូវតែ​ត្រៀម​ឈឺចាប់​នៅលើ​ទឹកដី​ក្រុម Barcelona

ក្រុម​តោ​ខៀវ Chelsea ត្រូវតែ​ត្រៀម​ទទួល​ឱ្យបាន​នូវ​រាល់​ការ «ឈឺចាប់» ទាំងឡាយ​នៅលើ​ទឹកដី​ក្រុម Barcelona នៅ​រាត្រី​ថ្ងៃ​ពុធ​ស្អែក​នេះ ប្រសិនបើ​ពួកគេ​ចង់​ទទួលបាន​ឱកាស​មួយ​ក្នុងការ​ឈានទៅដល់​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់រ​ប​ស់លោក Antonio Conte ដែលជា​គ្រូបង្វឹក។

ក្រុម Barcelona បា​នរក​គ្រាប់​បាល់​តាម​ស្មើ​នៅ​នាទី​ទី75 តាមរយៈ​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ Lionel Messi ដើម្បី​លុបចោល​គ្រាប់​បាល់​បើកឆាក​របស់ Willian នៅ​ដើមតង់​ទី2 ក្នុងការ​ប្រកួត​ជើង​ទី1 នៃ​វគ្គ 16ក្រុម​ចុងក្រោយ រវាង​ក្រុម​ទាំងពីរ​នៅឯ​កីឡដ្ឋាន Stamford Bridge កាលពី​ខែ​មុន។

លោក Conte បាន​បញ្ជាក់ថា ក្រុម​របស់លោក​អាច​នឹង​ប្រឈមមុខ​នឹង​ការងារ​ដ៏​ធំ​មួយ​នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​ទ្វីប 5សម័យកាល Barcelona នា​កីឡដ្ឋាន Nou Camp។ លោក Conte បាន​ប្រាប់​គេហទំព័រ​របស់​ក្លិប Chelsea ថា៖ យើង​ត្រូវតែ​លេង​ឱ្យ​បានល្អ ប៉ុន្តែ​នៅពេលដែល​អ្នក​ត្រូវ​ប្រកួត​ជាមួយនឹង​ក្រុម​ខ្លាំង ដែល​ខ្ញុំ​គិតថា ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដ៏​ខ្លាំង​បំផុត​របស់​ពិភពលោក​នោះ អ្នក​ត្រូវតែ​ត្រៀម​ឱ្យបាន​រួចរាល់​ក្នុងការ​ទទួលយក​ការឈឺចាប់។

ក្នុងពេល​ជាមួយគ្នានេះ យើង​ធ្លាប់​ធ្វើបាន​រួចទៅហើយ​នៅក្នុង​ជើង​ទី1 ដោយ​កាលណោះ​យើង​បាន​លេង​យ៉ាង​ល្អឥតខ្ចោះ។

គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បន្ថែមទៀតថា៖ «នេះ​មិនមែនជា​ក្រុម Chelsea ដែលមាន​បទពិសោធ​ច្រើន​ឡើយ យើង​មាន​កីឡាករ​ជាច្រើន​ដែល​កំពុងតែ​លេង​ក្នុង​រដូវ​កាល​ទី1 និង​ទី2 របស់​ពួកគេ​ក្នុង​ក្របខ័ណ្ឌ Champions League»។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:45ទៀបភ្លឺ៕

ប្រភពពី៖ Reuters

Advertisement