ប្រកាស​ស្តីពី​ការកែសម្រួល​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់​បង្កក្តី​បារម្ភ​ដល់​សហគ្រាស​អាជីវកម្ម

ក្រោយពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​សេចក្ដីប្រកាស​ថ្មី​មួយទៀត​ស្ដីពី​ការកែសម្រួល​ការប្រមូល​ពន្ធ​ប៉ាតង់ ដែល​អះអាង​ពី​បំណង​កែសម្រួល​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់​លើ​សកម្មភាព​អាជីវកម្ម​របស់​អ្នក​ជាប់ពន្ធ ដើម្បី​គ្រប់គ្រង និង​ប្រមូល​ចំណូល​ពន្ធ​ឱ្យមាន​ប្រសិទ្ធភាព​រួចមក​នោះ សមាគម​អាជីវកម្ម​ក្នុងស្រុក​បាន​សម្ដែង​ក្តីបារម្ភ​ចំពោះ​ផល​លំបាក​ផ្នែក​ហិរញ្ញវត្ថុ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកាស​ថ្មី​មួយ ចុះ​ថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2018 ដោយមាន​គោលដៅ​កែសម្រួល​វិធាន និង​នីតិវិធី គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់​ដែលមាន​ចែង​ក្នុង​ប្រកាស​ស្តីពី​វិធាន និង​នីតិវិធី​គ្រប់គ្រង​ប្រមូល​ពន្ធ​ប៉ាតង់ ស្របតាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចេញ​កាលពី​ថ្ងៃទី25 ខែធ្នូ ឆ្នាំ2015។

ប្រកាស​នោះ​អះអាងថា កម្មវត្ថុ​នៃ​ពន្ធ​ប៉ាតង់​គឺជា​ពន្ធ​ប្រចាំឆ្នាំ ដែល​ត្រូវ​បានកំណត់​លើ​សកម្មភាព​អាជីវកម្ម ដោយ​ផ្អែកលើ​ប្រភេទ​អ្នក​ជាប់ពន្ធ និង​កម្រិត​ផលរបរ។ តាម​ខ្លឹមសារ​នៃ​ប្រកាស​នោះ ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ​បានកំណត់​បែបបទ​នៃ​ការបង់ពន្ធ ជា 4ផ្នែកខុសៗគ្នា​ដូចខាងក្រោម៖

1) អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​ច្រើន ត្រូវ​បង់ពន្ធ​ប៉ាតង់​ផ្សេងគ្នា​ទៅតាម​សកម្មភាព​នៃ​អាជីវកម្មនីមួយ។ ឧទាហរណ៍៖ អ្នក​ជាប់ពន្ធ​ម្នាក់​ដែលមាន​សកម្មភាព​អាជីវកម្ម នីហរ័ណ​អាហរ័ណ ដឹកជញ្ជូន និង​សណ្ឋាគារ​ត្រូវ​បង់ពន្ធ​ប៉ាតង់​សម្រាប់ 3សកម្មភាព​ផ្សេងគ្នា។

2) សកម្ម​ភាពជា​ឧបសម្ព័ន្ធ​នានា​នៃ​សកម្មភាព​អាជីវកម្ម​ត្រូវបាន​ចាត់ទុកថា​ជា​សកម្មភាព​អាជីវកម្ម​តែមួយ។ ឧទាហរណ៍ សណ្ឋាគារ​ដទៃ​ដែលជា​ឧបសម្ព័ន្ធ​នៃ​សកម្មភាព​សណ្ឋាគារ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​អ្នក​ជាប់ពន្ធ​តែមួយ និង​ស្ថិតក្នុង​ទីតាំង​រួមជាមួយ​សណ្ឋាគារ​ត្រូវ​បង់ពន្ធ​ប៉ាតង់​តែមួយ។

3) អ្នក​ជាប់ពន្ធ​ដែលមាន​សាខា ឃ្លាំង រោងចក្រ រោង​ជាង សម្រាប់​សកម្មភាព​អា​ជី​កម្ម​តែមួយ នៅក្នុង​រាជធានី-ខេត្ត​តែមួយ ត្រូវ​បង់ពន្ធ​ប៉ាតង់​តែមួយ។

និង 4) អ្នក​ជាប់ពន្ធ​ដែលមាន​សកម្មភាព​អាជីវកម្ម​នៅក្នុង​រាជធានី-ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់​ទៅតាម​រាជធានី-ខេត្ត​ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ។

ជាមួយគ្នានេះ កម្រិត​ប្រាក់​ពន្ធ​ប៉ាតង់​ដែល​ត្រូវ​បង់ ត្រូវ​បានកំណត់​ដូចតទៅៈ

1) អ្នក​ជាប់ពន្ធ​តូច ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន 40ម៉ឺន​រៀល។

2) អ្នក​ជាប់ពន្ធ​មធ្យម ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន 1លាន 2សែន​រៀល។ និង3) អ្នក​ជាប់ពន្ធ​ធំ​ដែលមាន​ផលរបរ លើសពី 4,000លាន​រៀល ដល់ 1ម៉ឺន​លាន​រៀល ត្រូវ​បង់

ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន 3លាន​រៀល។ រីឯ​អ្នកមាន​ផលរបរ​លើសពី 1ម៉ឺន​លាន​រៀល ត្រូវ​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន 5លាន​រៀល។

អ្នក​ជាប់ពន្ធ​ដែលមាន​សាខា ឃ្លាំង រោងចក្រ រោង​ជាង​សម្រាប់​សកម្មភាព​អាជីវកម្ម​តែមួយ​ដែល​ស្ថិតនៅតាម​រាជធានី-ខេត្ត​ផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់ អប្បបរមា​សម្រាប់​ប្រភេទ​អ្នក​ជាប់ពន្ធនីមួយៗ ទៅតាម​រាជធានី-ខេត្ត​ដែល​អាជីវកម្ម​នោះ​ស្ថិតនៅ។

សេចក្ដីប្រកាស​នោះ​ក៏បាន​ចែង​ដែរ​ថា ពន្ធ​ប៉ាតង់​ត្រូវ​បង់​ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី1 ខែមករា​ដល់​ថ្ងៃទី31 ខែមីនា ជា​រៀងរាល់ឆ្នាំ។ ប្រកាស​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី 24 ខែមករា ឆ្នាំ2018នេះ បាន​កំណត់ថា អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ត្រូវបាន​បែងចែក​ជា 3ប្រភេទ​គឺ​អ្នក​ជាប់ពន្ធ​តូច អ្នក​ជាប់ពន្ធ​មធ្យម និង​អ្នក​ជាប់ពន្ធ​ធំ ដោយ​អ្នក​ជាប់ពន្ធ​តូច គឺជា​សហគ្រាស​ឯក​ត្ត​បុគ្គល​ឬ​សហគ្រាស​សហកម្មសិទ្ធិ មាន​ផលរបរ​ប្រចាំឆ្នាំ​ចាប់ពី 250លាន​រៀល ដល់ 700លាន​រៀល។

ដោយឡែក អ្នក​ជាប់ពន្ធ​មធ្យម​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​លើសពី 700លាន​រៀល​ដល់ 4,000លាន​រៀល និង​អ្នក​ជាប់ពន្ធ​ធំ​ជា​សហគ្រាស​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ លើសពី 4,000លាន​រៀល ឬ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ពហុ​ជាតិ​សាខា​ក្រុមហ៊ុន​បរទេស ឬ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់។

លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បានឱ្យដឹងថា លោក​មិនទាន់​បានឃើញ និង​ដឹង​ពី​ខ្លឹមសារ​នៃ​សេចក្ដីប្រកាស​ថ្មី​ស្តីពី​ការកែសម្រួល​វិធាន និង​នីតិវិធី​ប្រមូល​ពន្ធ​ប៉ាតង់​នោះ​នៅឡើយ​ទេ​ប៉ុន្តែ​លោក​ឧកញ៉ា​ហាក់​បាន​សម្តែង​នូវ​ក្តីបារម្ភ​រួចទៅហើយ​ចំពោះ​ផល​លំបាក​ដែល​នឹង​កើតឡើង​ពី​ការបន្ថែម​វិធាន​ទៀត​នេះ។

លោក​ឧកញ៉ា​បាន​អះអាងថា “បើ​ធ្វើ​តឹងតែង​ពេក សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​នឹង​ស្លាប់​អស់ហើយ!”៕

Advertisement