Recky ម្ចាស់បទ«ផ្ញើរសង្សារផង» ព្រោះស្រលាញ់សុខចិត្ដចំណាយទុនអស់ច្រើន

ទោះបីមានតារាចម្រៀងជើងចាស់លោកមាស សាម៉ន បានច្រៀងបទ«កកាកិកី» រួចហើយក៏ដោយ ក៏គ្រូបង្ហាត់ក្បាច់គុនប្រដាល់ ពិធីករ និងតារាចម្រៀងRecky ម្ចាស់បទ«ផ្ញើរសង្សារផង» ប្រឹងប្រែងបង្កើតទំនុកថ្មី ភ្លេងថ្មីមានចំណងជើង«កកាកិកី» ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងប្រព្រឹត្ដិចូលមកដល់នាពេលខាងមុខនេះ។

លោកRecky បញ្ជាក់ថា កន្លងមកលោកមានបទចម្រៀងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្ដែជាប្រភេទបទមនោសញ្ចេតនា លើកនេះលោកចង់ផលិតបទចម្រៀងដែលមានទំនុកថ្មី បទភ្លេងថ្មីដែលអាចរំលេងកំសាន្ដ ដើម្បីយកមកចែកជូនប្រជាពលរដ្ឋខ្មែរស្ដាប់និងរាំកំសាន្ដ។ លោកបន្ថែម បទនេះលោកចង់ដាស់អារម្មណ៍អ្នកស្ដាប់ដែលមានវ័យកណ្ដាលឱ្យបាននឹកឃើញដល់ទិដ្ឋភាពទាំងឡាយកាលពីវ័យកុមារ គ្រាដែលពួកគាត់រៀន ព្យញ្ជនៈខ្មែរកកាកិកីដោយម្នាក់ៗមានអនុស្សាវរីយផ្សេងគ្នា។

តារាចម្រៀងរូបនេះប្រាប់ទៀតថា បទចម្រៀងនេះនឹងចេញជាMVក្នុងពេលឆាប់ៗខាងមុខនេះ ធ្វើយ៉ាងណាលោកនឹងប្រឹងផលិតឱ្យចេញបានមុនបុណ្យចូលឆ្នាំខ្មែរ ។ អតីតកូនសិស្សសំណព្វចិត្ដផ្នែកសិល្បៈរបស់លោកប៊ីអាយជី បានលើកឡើងតទៀត ថា ៖«បទចម្រៀងមាននេះខ្ញុំបានចំណាយថវិកា និងពេលវេលាក្នុងការផលិតអស់ច្រើនគួរសមដែរ។ ខ្ញុំដឹងថាមានតារាចម្រៀងជាច្រើនកំពុងតែត្រៀមខ្លួនបញ្ចេញបទចម្រៀងក្នុងឱកាសចូលឆ្នាំ ដូច្នេះខ្ញុំគ្មានបំណងចង់ប្រកួតប្រជែងជាមួយតារាចម្រៀងដទៃទេ ពោលគឺដោយសារខ្ញុំស្រលាញ់លើវិស័យចម្រៀងខ្លាំង ព្រមទាំងចង់រួមចំណែកទាំងអស់គ្នាធ្វើយ៉ាងណា ដើម្បីធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។ ពិសេសកាន់តែគាំទ្រនូវស្នាដៃកូនខ្មែរទាំងអស់ឱ្យពួកគាត់កាន់តែមានទឹកចិត្ដផលិតបទផ្ទាល់ខ្លួនបន្ថែមទៀត»៕

Advertisement