អស់​បញ្ហា​រឿង​អង្កែ ជាមួយនឹង​វិធី 3យ៉ាងងាយៗ

នៅពេលដែល​សង្កេតឃើញ​ថា ស្បែកក្បាល​កំពុងតែ​ទម្លាក់​ចុះ​នូវ​កម្ទេចសៗ ឬ​ដែល​ភាសាងាយៗហៅថា អង្កែ នោះ ឡា​រ៉ែ​ន ជឿជាក់ថា​រឿង​ដំបូង​បំផុត​ដែល​លោកអ្នក​តែងតែ​គិត​ឃើញនោះ​គឺ ការស្វែងរក​សាប៊ូកក់​សក់​ណា​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​អង្កែ។ វា​ជា​រឿង​ល្អ​ណាស់​បើ​អ្នក​អាច​រកឃើញ​សាប៊ូកក់សក់​ណា​ដែល​អាច​កម្ចាត់​អង្កែ​លើ​ស្បែកក្បាល​របស់​អ្នក​បាន ប៉ុន្តែបើ​សំណាង​មិនល្អ​រក​មិនបាន​វិញ​នោះ ឡា​រ៉ែ​ន ចង់​ស្នើឱ្យ​អ្នកងា​កមក​សាកល្បង​វិធី​ព្យាបាល​បែប​បុរាណ​វិញ​ម្តង។

វិធី​កម្ចាត់​អង្គែ ដោយ​ប្រេង​អូ​លីវ

ក្រៅពី​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​រាងកាយ​ហើយ​នោះ ប្រេង​អូ​លីវ​ក៏​អាច​យកមក​ម៉ាស្សា​លើ​ស្បែកក្បាល​ដើម្បី​កម្ចាត់​អង្កែ​ផងដែរ។ ការ​ម៉ាស្សា​ក្បាល​ជាមួយនឹង​ប្រេង​អូ​លីវ អាចជួយ​ប​ន្ថូ​រ​អារម្មណ៍​តានតឹង បន្ថែម​ការ​សម្រាក​ដល់​ខួរក្បាល ហើយក៏​ជា​វិធី​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​បំបាត់​អង្កែ និង​បញ្ហា​របកស្បែក​ក្បាល​ផងដែរ។ ភាពសម្បូរ​បែប​នៃ​វីតាមីន E សារធាតុចិញ្ចឹម និង antioxidants ដែលមាន​នៅក្នុង​ប្រេង​អូ​លីវ នឹង​ចូលទៅ​ជួយ​កម្ចាត់​អាការ​រលាក​ស្បែកក្បាល រមាស់ និង​បន្ថែមសំណើម​ដល់​ស្បែកក្បាល ព្រមទាំង​បន្ថយ​សភាព​ស្បែកស្ងួត​ផងដែរ។ យក​ប្រេង​អូ​លីវក្តៅៗបន្តិច​មក​ដាក់​លើ​ស្បែកក្បាល ហើយ​ម៉ាស្សាថ្នមៗលើ​ស្បែកក្បាល​ប្រហែល20នាទី។ ទុកចោល​រយៈពេល​មួយ​ម៉ោង រួច​សឹម​កក់​សម្អាត​សក់​ចេញ​ជាការស្រេច។

វិធី​កម្ចាត់​អង្គែ ដោយ​ទឹក​ក្រូចឆ្មារ

ប្រសិនបើ​ប្រេង​អូ​លីវ​ធ្វើឱ្យ​អ្នកមាន​ការបារម្ភ​ថា​នឹង​ពិបាក​ស្វែងរក​នោះ សូម​សាកល្បង​វិធី​ងាយ​បំផុត​មួយទៀត​គឺ ទឹកក្រូច​ឆ្មារ។ ទឹកក្រូច​ឆ្មារ​ដែល​ទើបតែ​ច្របាច់​ចេញពី​ផ្លែថ្មីៗមានប្រសិទ្ធភាព​ណាស់​ក្នុងការ​កម្ចាត់​អង្កែ។ យក​ទឹកក្រូច​ឆ្មារ​មកចាក់​លើ​ស្បែកក្បាល ហើយ​ប្រើ​ម្រាមដៃ​អេះ​ម៉ាស្សាតិចៗ រួច​ទុកចោល​មួយសន្ទុះ​សឹម​លាង​សម្អាត​ចេញ។

វិធី​កម្ចាត់​អង្គែ ដោយ​ស្លឹក​ស្តៅ

នៅមាន​វិធី​មួយទៀត​ដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ​ការព្យាបាល​ស្បែកក្បាល​ពី​ការកើត​អង្កែ​ដោយ​ស្លឹក​ស្តៅ។ ដោយ​គ្រាន់តែ​យក​ស្លឹក​ស្តៅ​ប្រមាណ 2ក្បង់​ដៃ​ទៅ​ដាក់​ក្នុង​ទឹក​ក្តៅ4-5ពែង រួច​ត្រាំ​ទុកចោល​ពេញ​មួយ​យប់។ លុះ​ព្រឹក​ឡើង យក​ទឹក​ដែល​ត្រាំ​ស្លឹក​ស្តៅ​នោះមក​កក់សក់ រួច​ទុកចោល 1ម៉ោង មុនពេល​សម្អាត​ចេញ​ដោយ​ទឹកស្អាត។

ឡា​រ៉ែ​ន បានត្រឹមតែ​ធ្វើជា​អ្នក​ណែនាំ ចំណែក​ការអនុវត្ត​គឺជា​ទង្វើ​របស់​អ្នក! ដូច្នេះ​សូម​សាកល្បង​វិធីងាយៗ ចំណាយ​ប្រាក់​តិច មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក ហើយ​បើ​វា​មានប្រសិទ្ធភាព​ចំពោះ​ស្បែកក្បាល​របស់​អ្នកនោះ ទុក​ថា​ជា​រឿង​ដែល​ប្រសើរ​បំផុត​ហើយ៕

Advertisement