ការអភិវឌ្ឍអគារប៊ូលឌីង-ស បានចាប់ផ្ដើមចេញដំណើរការហើយដោយមិនរង់ចាំអ្នកបដិសេធទេ

កាលពីព្រឹកមិញនេះអាជ្ញាធរនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានជួបជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុង”អគារប៊ូលឌីង-ស” ដើម្បីជជែកចរចារកដំណោះស្រាយបញ្ចប់បញ្ហា បន្ទាប់ពីការជួបជជែកគ្នាចរចាលើតម្លៃលក់លើកទី1ពុំបានសម្រេចម្តងរួចមក។

ប្រជាពលរដ្ឋទាំង 493គ្រួសារដែលរស់នៅលើ «អគារប៊ូលឌីង-ស» បានជួបជាមួយឯកឧត្ដមជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីជជែករកដំណោះស្រាយបញ្ចប់បញ្ហាឈានទៅដល់ការអភិវឌ្ឍអគារប៊ូលឌីង-ស។ ក្រោយពីមានការលើកឡើងនូវហេតុផលជាច្រើនពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគរួចមក ជាលទ្ធផលត្រូវបានប្រជាជនប្រមាណជាង 90%ទទួលយកការទិញកម្មសិទ្ធិឯកជននៅក្នុងអគារដ៏ចាស់មួយនេះក្នុងតម្លៃ 1400ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េដោយគិតទៅលើចំនួនការ៉េនៅក្នុងមួយយូនីត។ ទោះជាយ៉ាងនេះក្ដី ក៏គេសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនបានអះអាងថា ពួកគេពុំយល់ព្រមលក់កម្មសិទ្ធិឯកជនរបស់ខ្លួនក្នុងតម្លៃនោះឡើយ។

ទោះជាយ៉ាងណា ដើម្បីឈានទៅដល់ការបញ្ចប់បញ្ហា អាជ្ញាធរបានសម្រេចអោយអ្នកដែលយល់ព្រមលក់កម្មសិទ្ធិឯកជនរបស់ខ្លួនចាប់ផ្ដើមធ្វើកិច្ចសន្យាយល់ព្រមលក់ ដើម្បីទទួលបានប្រាក់នៅថ្ងៃទី06 ខែមិថុនា ឆ្នាំ2017។

ឯកឧត្ដមជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានលើកឡើងថា លោកមានសេចក្ដីរីករាយដោយសារតែសង្កេតឃើញមានប្រជាជនជាច្រើនសប្បាយចិត្ដជាមួយនឹងដំណោះស្រាយនេះ ដោយពួកគាត់យល់ព្រមទទួលយកនូវការទិញក្នុងតម្លៃ 1400ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ឯកឧត្ដមបន្ដថា បន្ទាប់ពីដំណើរការងារតាមនីតិវិធីនៃការទិញ-លក់អស់ហើយ ក្រុមការងារនឹងចាប់ផ្ដើមធ្វើការងារនេះចាប់ពីថ្ងៃទី06 ខែមិថុនា ដល់ថ្ងៃទី06 ខែកក្កដា ឆ្នាំ2017។
ក្នុងនោះខាងក្រុមហ៊ុនក៏នឹងជួយសម្រួលតម្លៃដឹកជញ្ជូនឥវ៉ាន់ដល់ប្រជាពលរដ្ឋនៅពេលដែលពួកគាត់រើឥវ៉ាន់ចេញពីអគារនោះចំនួន ១០០ដុល្លារទៀតផង។

ជាមួយគ្នានេះរដ្ឋមន្រី្ដក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា៖ «ចំពោះអ្នកដែលមិនទាន់ឯកភាព យើងមិនទាន់ច្បាស់ថាត្រូវធ្វើយ៉ាងណានោះទេ? ប៉ុន្ដែពេលខ្លះគាត់អាចនឹងយល់ព្រមហើយ តែគាត់ចេះតែនិយាយអ៊ីចឹងទៅ និងអ្វីដែលសំខាន់ គឺយើងរង់ចាំមើលតាមស្ថានភាពជាក់ស្ដែង»៕

Advertisement