ព័ត៌មាន​មិន​ពិត​ប្រហែល 70% ត្រូវបាន​ផ្សព្វផ្សាយ​តាម Twitter

ព័ត៌មាន​មិន​ពិតជា​ច្រើន​ត្រូវបាន​ផ្សព្វផ្សាយ និង​ចែករំលែក​យ៉ាង​រហ័ស និង​ច្រើនសន្ធឹក​តាមរយៈ​បណ្ដាញ​សង្គម Twitter ទៅកាន់​ពិភពលោក។ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​បានបង្ហាញ​នាពេលថ្មីៗនេះ និង​ត្រូវបាន​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters។

វិទ្យាស្ថាន​ស្រាវជ្រាវ Massachusetts Institute of Technology’s Media Lab បានបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​របស់ខ្លួន ដោយនៅ​ក្នុងនោះ​បានឱ្យដឹង​ថា នៅ​ចន្លោះ​ឆ្នាំ2006 ដល់ 2017 មាន​ព័ត៌មាន​មិន​ពិតជា​ច្រើន​ត្រូវបាន​បង្ហោះ​នៅលើ Twitter ហើយ​បើ​គិត​ទៅ គឺ​ស្មើនឹង 70% នៃ​ព័ត៌មាន​ទាំងអស់​ដែល​បានបង្ហាញ​នៅលើ​ប្រព័ន្ធ​ទំនាក់ទំនង​មួយ​នោះ។

ប្រភព​ដដែល​បានបញ្ជាក់​បន្ថែមទៀតថា ព័ត៌មាន​មិន​ពិត​ទាំងនោះ ភាគច្រើន​ត្រូវបាន​បង្ហោះ​ដោយ​ជនអនាមិក និង​ជា​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ហើយ​ជាពិសេស គឺ​អ្នកប្រើប្រាស់ Twitter បាននាំគ្នា​ចែករំលែក​នូវ​ព័ត៌មាន​ទាំងនោះ​ថែម​ទៀតផង ដោយ​មិនបាន​គិតពិចារណា​ឱ្យបាន​ល្អិតល្អន់​ថា វា​ជា​រឿង​ពិត ឬ​ក្លែងក្លាយ​នោះឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង Twitter ក៏​ធ្លាប់បាន​ចេញមុខ​បញ្ជាក់​ជាច្រើនលើក​ច្រើនសា​មកហើយ​ដែរ ជាពិសេស​ថែមទាំង​បានចាប់ផ្ដើម​រឹតបន្តឹង​លើ​ការត្រួតពិនិត្យ​សកម្មភាព​នៃ​ការ​បង្ហោះ​សារ​របស់​អ្នកប្រើប្រាស់​ទៀតផង ខណៈដែល​ពេលនេះ Facebook និង YouTube ក៏បាន​បន្ថែម​កម្លាំង​មនុស្ស​ដើម្បី​ត្រួតពិនិត្យ​លើ​បញ្ហា​នេះដែរ៕

Advertisement