កម្ពុជា​ត្រូវការ​លំនៅឋាន​លក្ខណៈ​គ្រួសារ​ជិត100 ម៉ឺន​ខ្នង​ទៀត​នៅត្រឹម​ឆ្នាំ2030

ទោះបី​ការផ្គត់ផ្គង់​សំណង់​អគារ​លំនៅឋាន បាន​រីកដុះដាល​ព្រោងព្រាត នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក៏ដោយ ប៉ុន្តែ​តម្រូវការ​នៃ​ការ​ស្នាក់​នៅផ្ទះ​ផ្ទាល់ខ្លួន នៅតែមាន​ការកើនឡើង បន្តទៀត​ទៅ​ថ្ងៃ​អនាគត ដែល​នៅត្រឹម​ឆ្នាំ2030 យ៉ាងហោចណាស់​ក៏ត្រូវ​ការ 80ម៉ឺន​ខ្នង​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់​លើ​តម្រូវការ​ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា។

ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មានប្រសាសន៍ថា ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដែល​អាច​រក្សាបាន​ក្នុង​រង្វង់​ចន្លោះ7%ជា​រៀងរាល់ឆ្នាំ​នោះ​វិស័យ​នគរូបនីយកម្ម​ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ផងដែរ ព្រោះថា បើ​ផ្អែក​តាម​ការសិក្សា​របស់​ក្រសួង​អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​បាន​រកឃើញថា ចំនួន​ប្រជាជន​រស់នៅក្នុង​រាជធានី​និង​ទីប្រជុំជន​កាលពី​ឆ្នាំ 2014 មាន​ចំនួន 4.5លាន​នាក់ ស្មើនឹង 27.1ភាគរយ នឹង​បន្ត​កើនឡើង​ដល់ 7.92លាន​នាក់​នៅ​ឆ្នាំ 2030 ស្មើនឹង 44ភាគរយ នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប។

ទិន្នន័យ​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើ បាន​រកឃើញថា ក្នុង​រយៈពេល 15ឆ្នាំ​ទៀត រាប់​គិត​ចាប់ពី​ឆ្នាំ 2015 ដល់ 2030 ខាងមុខនេះ តម្រូវការ​លំនៅ​ឋានស​ម្រា​ប់រាជ​ធានី និង​ទីប្រជុំជន​មាន​ប្រមាណ 80ម៉ឺន​លំនៅឋាន បន្ថែមទៀត ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​ជា 5ម៉ឺន​លំនៅឋាន ក្នុង​មួយឆ្នាំ។

ឆ្លើយតប​នឹង​បញ្ហា​នេះ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាននិងកំពុង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី​ក្នុង​ការកសាង​ផែនការ​រៀបចំ​ដែនដី​ប្លង់គោល និង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅឋាន ពិសេស​លំនៅឋាន ដែលមាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ ។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ2017កន្លងទៅ ការវិនិយោគ​វិស័យ​សំណង់​បាន​កើនឡើង​ជាង 22% ដែលមាន​តម្លៃ​ទឹកប្រាក់​ប៉ាន់ស្មាន​ប្រមាណ​ចំនួន​ជាង6,428 លាន​ដុល្លារ លើ​គម្រោង 3,052 ខណៈដែល​ឆ្នាំ2016មាន​ត្រឹម 5,256 លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ៕

Advertisement