វិស័យ​ភតិសន្យា​រីកចម្រើន​យ៉ាង​ឆាប់ រហ័ស​នៅ​ប្រទេស​កម្ពុជា

ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញ​ឱ្យឃើញ​នូវ​វឌ្ឍនភាព​នៃ​វិស័យ​ភតិសន្យា​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ខណៈដែល​អ្នកផ្តល់​សេវា​ភតិសន្យា បានកត់សម្គាល់​ឃើញថា តម្រូវការ​កើនឡើង​ក្នុង​បរិបទ​សេដ្ឋកិច្ច​រីកចម្រើន បាន​នាំទៅដល់​តម្រូវការ​សេវា​ភតិសន្យា​នេះ។

ធនាគារជាតិ​នៃ​កម្ពុជា បាន​កត់សម្គាល់ថា វិស័យ​ភតិសន្យា​ហិរញ្ញវត្ថុ​ជា​វិស័យ​ថ្មី​មួយ​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ​វិស័យនេះ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ រដ្ឋសភា​កម្ពុជា បានអនុម័ត​សេចក្ដីស្នើច្បាប់​ស្ដីពី​ភតិសន្យា កាលពី​ថ្ងៃទី6 ខែកក្កដា ឆ្នាំ2015។ ច្បាប់​ភតិសន្យា​នេះ​មាន 4ជំពូក និង11មាត្រា។

យោងតាម​របាយការណ៍ ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​មាន​ចំនួន 11កន្លែង​បានផ្តល់​សេវា​ភតិសន្យា​លើ​ចលនទ្រព្យ រួមមាន៖ ម៉ូតូ រថយន្ត គ្រឿងយន្ត​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម គ្រឿងចក្រ​សាងសង់ គ្រឿង​អេឡិចត្រូនិក គ្រឿងសង្ហារិម សម្ភារ​ប្រើប្រាស់​ក្នុង​គ្រួសារ និង ចលនវត្ថុផ្សេងៗទៀត​ដល់​អតិថិជន។ របាយការណ៍​ដដែល​បាន​បង្ហាញថា វិស័យចម្បងៗ ដែល​ទទួលបាន​សេវា​ភតិសន្យា ហិរញ្ញវត្ថុ​រួមមាន កសិកម្ម25% ក្រុមគ្រួសារ40% ពាណិជ្ជកម្ម10% និង​សំណង់10%។ ទ្រព្យសកម្ម​សរុប​ក្នុង​វិស័យនេះ​បាន​កើនឡើង19.5% ដល់0.7ទ្រី​លាន​រៀល (ក្នុង​រយៈពេល​ឆ្នាំ​លើ​ឆ្នាំ) និង ឥណទាន​ភតិសន្យា​ហិរញ្ញវត្ថុ​សរុប​បាន​កើនឡើង1.8% ដល់0.5ទ្រី​លាន​រៀល និង​មាន​អតិថិជន​ចំនួន 67,791នាក់។

ធនាគារជាតិ​បាន​បញ្ជាក់ថា៖ “តម្រូវការ​ប្រើប្រាស់​រប​ស់​អតិថិជន បាន​ជំរុញ​ឱ្យ​ទីផ្សារ​ភតិសន្យា​ហិរញ្ញវត្ថុ​ទទួលបាន​ការចាប់អារម្មណ៍​ពី​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស។ ធនាគារ​អេស៊ីលីដា​ដែល​បានផ្តល់​សេវា​ភតិសន្យា​ដល់​អតិថិជន​របស់ខ្លួន បានបង្ហាញ​ហេតុផល​មួយចំនួន​ដែល​បណ្តាលឱ្យ​វិស័យនេះ​ទទួលបាន​ការគាំទ្រ​យ៉ាង​ឆាប់​ពី​អ្នកមាន​តម្រូវការ​ហិរញ្ញវត្ថុ។

លោកស្រី​បណ្ឌិត សូ ផន​ណា​រី អនុប្រធាន​ប្រតិ​ប​តិ្ត និង​ជា​ប្រធាន​មន្ត្រី​ប្រតិ​ប​តិ្ត​ការ នៅ​ធនាគារ​អេស៊ីលីដា បាន​អះអាងថា កំណើន​ក្នុង​វិស័យចម្បងៗនៃ​សេដ្ឋកិច្ចកម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គួបផ្សំ​នឹង​ស្ថានភាព​ល្អប្រសើរ​នៃ​សេដ្ឋកិច្ចពិភពលោក និង​ក្នុង​តំបន់ និង​ការបន្ត​អនុវត្ត​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​រា​ជ​រដ្ឋាភិបាល​នៅតាម​វិស័យនីមួយៗបានធ្វើឱ្យ​វិស័យ​ភតិសន្យា​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​ឆាប់រហ័ស និង​គួរឱ្យកត់សម្គាល់​តាមរ​យៈ​ការពង្រីក​សេវា​លើ​ចលនទ្រព្យ ដូចជា​រថយន្ដ ម៉ូតូ គ្រឿងយន្ដ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម គ្រឿងចក្រ​សំណង់ គ្រឿង​អេឡិចត្រូនិក គ្រឿងសង្ហារិម សម្ភារ​ប្រើប្រាស់​ក្នុង​គ្រួសារ និង​សម្ភារផ្សេងៗទៀត តាម​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន។

លោកស្រី​បណ្ឌិត​បាន​អះអាងថា ភតិសន្យា​ហិរញ្ញវត្ថុ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបាន​ផ្តល់ជូន​អតិថិជន​ជា​លក្ខណៈ​ឯកត្តជន និង​នីតិបុគ្គល​ដើម្បី​ផ្តល់​ជម្រើស​ថ្មី​ដល់​អ្នកប្រើប្រាស់ផ្ទាល់ខ្លួន អាជីវករ ពាណិជ្ជករ និង​ក្រុមហ៊ុន​ក្នុងប្រទេស​កម្ពុជា​មានលទ្ធភាព​ពង្រីក​អាជីវកម្ម ឬ​ប្រើប្រាស់​ផ្ទាល់ខ្លួន។

លោកស្រី​បណ្ឌិត​បាន​បន្ថែមថា ភតិសន្យា​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្តល់ជូន​អតិថិជន​ជា​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក និង​ថ្លៃដើម​ចលនវត្ថុ​ជួល ផ្អែក​ទៅតាម​តម្រូវការ​ជាក់ស្តែង​រប​ស់​អតិថិជន​ដែល​ទំហំ​អតិបរមា​មាន​រហូតដល់ 250,000ដុល្លារ​អាមេរិក​ក្នុង​មួយ​ឯក​តា​ចលនវត្ថុ។ រយៈពេល​ជួល​អប្បបរមា 12ខែ និង​អតិបរមា​មិន​លើសពី​អាយុកាល​នៃ​ចលនវត្ថុ​ដែល​ត្រូវ​ជួល។

លោកស្រី​បណ្ឌិត សូ ផន​ណា​រី បាន​អះអាងថា៖ “ដោយសារ​កំណើន​តម្រូវការ​ប្រើប្រាស់​របស់​អតិថិជន បាន​ជំរុញ​ឱ្យ​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​មានការ​ចាប់អារម្មណ៍ និង​វិនិយោគ​លើ​ទីផ្សារ​ភតិសន្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា”៕

Advertisement