សារៈសំខាន់​នៃ​ការចាយ​ប្រាក់រៀល​សម្រាប់​កម្ពុជា

ប្រាក់រៀល​ខ្មែរ​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ថ្ងៃទី20 ខែ​មិនា ឆ្នាំ1980កន្លងមក បន្ទាប់ពី​ការអាក់ខាន​ចរាចរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ក្រោយពី​កើតមាន​សង្គ្រាម​ក្នុងប្រទេស។ បច្ចុប្បន្ន​យើង​សង្កេតឃើញថា ការចាយ​ប្រាក់រៀល​រប​ស់​ប្រជាជន​ខ្មែរ​នៅ​មិនទាន់មាន​ភាពទូលំទូលាយ​គ្រប់​ទីកន្លែង​នោះទេ ភាព​ច្រើន​ជា​ប្រជាជន​សាមញ្ញ​ដែលមាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​អាច​ចាយប្រាក់​រៀល​លើស50%បើ​ធៀប​នឹង​ប្រាក់​ដុល្លារ។

តើ​ការចាយ​ប្រាក់រៀល​មាន​សារៈសំខាន់​ដល់​ប្រទេសជាតិ​យើង​ដូចម្តេចខ្លះ?

លោក​បណ្ឌិត ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល​កាន់តែ​ទូលំទូលាយ ធនាគារជាតិ​តែង រៀបចំ​កម្មវិធី​ទិវា​ប្រាករៀល ដើម្បី​អបអរសាទរ​ការដាក់​ឱ្យ​ចរាចរ​ប្រាក់រៀល​ឡើងវិញ​រៀងរាល់​ថ្ងៃទី20 ខែមីនា ជា​រៀងរាល់ឆ្នាំ ដែល​ការ​ធ្វើឡើង​នេះ​ដើម្បី​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​ភាគី​រដ្ឋាភិបាល​និង​វិស័យ​ឯកជន ព្រមទាំង​សាធារណជន​អាច​បាន​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ ដើម្បី​យល់ដឹង​ពី​វឌ្ឍនភាពថ្មីៗ ដែល​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​កំពុង​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ធ្វើ​កន្លងមក សម្រាប់​លើកកម្ពស់​ប្រាក់រៀល​ខ្មែរ បង្កើន​ការយល់ដឹង​ទៅដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​កាន់តែ​ទូលំទូលាយ។

ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​បង្កើតជា​សៀវភៅ​អប់រំ និង​ចំណេះដឹង​អំពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ប្រាក់រៀល (Booklet) ដែលមាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ការរក្សា​ស្ថិរភាព​តម្លៃ កាត់បន្ថយ​ថ្លៃដើម​លើ​ការចំណាយ​ប្រតិ​ប​តិ្ត​ការ ជំរុញ​ពាណិជ្ជកម្ម​និង​ការវិនិយោគ លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​សុខ​មាល​ព​សង្គម ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ គរ​ពូន​ប្រាក់​បម្រុង​អន្តរជាតិ ចំណូល​បោះពុម្ព​ក្រដាសប្រាក់ បង្ការ​ការ​ក្លែង​ក្រដាសប្រាក់​ជាដើម។ល។

លោក​បណ្ឌិត មានប្រសាសន៍ថា  ក្រសួងពាណិជ្ជកម្ម​ក៏បាន​ជំរុញ​ទៅដល់​ហាង​លក់ទំនិញ​គ្រប់​ប្រភេទ​ឱ្យ​បិទ​តម្លៃ​ទំនិញ​ជា​ប្រាក់រៀល ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ងាយស្រួល​ទិញ​ទំនិញ​ជា​ប្រាក់រៀល។ លើសពីនេះ​កាលពី​ឆ្នាំ2017 ធនាគារជាតិ​ក៏បាន​ចេញ​សេចក្តីប្រកាស​ដល់​គ្រប់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ផ្តល់​កម្ចី​ជា​ប្រាក់រៀល​យ៉ាងហោច​ឱ្យបាន10%នៃ​ប្រាក់កម្ចី​សរុប ដែល​សេចក្តីប្រកាស​នេះ​ត្រូវ​កំណត់ពេល​អនុវត្ត​ឱ្យបាន​ត្រឹម​ចុងឆ្នាំ2019ខាងមុខ។ ធនាគារជាតិ​ក៏បាន​លើកទឹកចិត្ត​ក្នុងការ​កាត់បន្ថយ​ថ្លៃដើម​ក្នុងការ​ផ្ទេរប្រាកផ្សេងៗ “យើង​បាន​ជួយ​សម្រួល​ច្រើន​មែនទែន ពេលណា​ឆ្លងកាត់​ធនាគារជាតិ យើង​ជួយ​ឱ្យ​ការចំណាយ​ថ្លៃដើម​ប្រតិបត្តិការ​ទាប​ជាង​ប្រាក់​ដុល្លារ។

មួយវិញទៀត​ធនាគារជាតិ ក៏បានផ្តល់​ប្រតិបត្តិ​ការផ្តល់​សន្ទនីយ​ភាពជា​ប្រាក់រៀល ដោយមាន​ការធានា​ក្នុងការ​ដាក់ឱ្យ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាក់​ដេញថ្លៃ​ប្រាក់រៀល​ជា​រៀងរាល់ខែ ដោយ​កំណត់​អត្រា​ការប្រាក់​ទាប​សមស្រប ដើម្បី​យកប្រាក់​រៀល​ទៅធ្វើ​ប្រតិបត្តិការ​ផ្សេង។ តាមរយៈ​ប្រតិបត្តិការ​នេះ ធនាគារជាតិ​បាន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ទាំងអស់​អាច​យកប្រាក់​ដុល្លារ​មក​តម្កល់​ដើម្បី​យកប្រាក់​រៀល​ទៅប្រើ​ប្រាស់​នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ទាំងឡាយ ដោយ​លោក​បានបញ្ជាក់​ដូច្នេះ​ថា “អ៊ីចឹង​កន្លងមក​យើង​បាន​បោះពុម្ព​ក្រដាសប្រាក់ថ្មីៗដើម្បី​ជំនួស​ក្រដាសប្រាក់ចាស់ៗ ដើម្បីបង្កើន​សុវត្ថិភាព បង្កើន​សោភ័ណភាព និង​មានគុណ​ភាពល្អ​ជាង​មុន” ហើយ​ធនាគារជាតិ​ក៏មាន​បើក​ឱ្យ​ប្រជាពលរដ្ឋ​អាច​យក​ក្រដាសប្រាក់ចាស់ៗមក​ដូរ​យក​ក្រដាស់ប្រាក់​ថ្មី​ដោយ​ឥតគិតថ្លៃ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ផងដែរ។

ក្រៅពី​ការលើកទឹកចិត្ត​ឱ្យមាន​ការចាយ​ប្រាក់រៀល​នៅក្នុង​ប្រទេស​ឱ្យបាន​កាន់តែច្រើន​ធនាគារជាតិ ក៏បាន​សហការ​ជាមួយ​ធនាគារកណ្តាល​ចិន​នៅ​ខេត្ត​គ័ង​ស៊ី ក្នុង​ការផ្លាស់​ប្តូរប្រាក់​រៀល និងប្រាក់​យន់​ចិន ហើយ​កំពុង​សិក្សា​ជាមួយ​ធនាគារកណ្តាល​ថៃ​នៅពេល​ខាងមុខ។ លោក​ថា ការធ្វើ​ដូច្នេះ គឺជា​យុ​ទ្ឋ​សាស្ត្រ​មួយ​ក្នុង​ការពង្រីក​វិសាលភាព​នៃ​ចរាចរណ៍​ប្រាក់រៀល របស់​អ្នក​នាំចេញ និង​អ្នក​នាំចូល និង​ជួយ​សម្រួល​ដល់​អ្នកវិនិយោគ​បរទេស កុំឱ្យ​មានការ​ខាតបង់​ចំពោះ​អត្រា​ប្តូរប្រាក់ ដោយ​អ្នកវិនិយោគ​ចិន ឬ​ថៃ មិនចាំបាច់​យកប្រាក់​យន់​ឬ​ប្រាក់​បាត​ថៃ ទៅ​ប្តូរ​យក​ដុល្លារ​ជាមុន​នោះទេ តែ​អាច​ប្តូរ​ជាមួយ​ប្រាក់រៀល​បានតែ​ម្តង។

ក្រោយពី​ការប្រកាស និង​ដាក់​វិធាន​ការឱ្យ​ចរាចរ​ប្រាក់រៀល​នេះ នៅតាម​បណ្តា​ហាង​លក់ទំនិញផ្សេងៗ គេ​សង្កេតឃើញថា ម្ចាស់​ហាង​បាន​អនុវត្ត​ដោយបាន​បិទ​ថ្លៃទំនិញ​ជា​ប្រាក់រៀល​កាន់តែច្រើនឡើងៗដូចជា​នៅ​ហាង​លក់​នំ​បុ័ង Tous Les Jours និង​ផ្សារ​ទំនើប អ៊ី​អន(AEON) ក៏ដូចជា​ផ្សារ​ទំនើបឡាក់​គី (Lucky Super Market) ជាដើម។ល។ មកទល់​បច្ចុប្បន្ន​ការចាយ​ប្រាក់រៀល មាន​កំណើន​កើនឡើង​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ភាគច្រើន​ចាយ​ដោយ​ប្រជាពលរដ្ឋ​ជនបទ និង​ពលរដ្ឋ​មាន​ចំណូល​មធ្យម និង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ផងដែរ។

ដោយឡែក​សម្រាប់​អ្នកវិនិយោគធំៗដូចជា អ្នកជំនួញ​ផ្នែក​ពាណិជ្ជកម្ម និង​អចលនទ្រព្យ​ជាដើម​គឺ​ពួកគាត់​ភាគច្រើន​ចាយ​ជា​ប្រាក់​ដុល្លារ ប៉ុន្តែ​ទោះ​យ៉ាងនោះ​ក្តី​ការចាយ​ប្រាក់រៀល​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​នៅតែមាន​ចំនួន​ច្រើនជាង 50% បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ ដែល​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន។

លោក​បណ្ឌិត មានប្រសាសន៍ថា​ប្រសិនបើ​ប្រជាពលរដ្ឋ​យើង​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការចាយ​ប្រាក់​ដុល្លារ​មក​ចាយ​ប្រាក់រៀល​សុទ្ធ៖ ទី1ធ្វើឱ្យ​យើង​ចំណេញ​លើ (Seigniorage) គឺ​ចំណេញ លើ​តម្លៃ​នៃ​ការបោះពុម្ព ឧទាហរណ៍​តម្លៃ​ចារិក​លើ​ក្រដាសប្រាក់ 10,000 រៀល យើង​ចំណាយ ថ្លៃដើម​នៃ​ការបោះពុម្ព​អស់ 10 រៀល ចឹ​ង​នៅសល់ 9,990 រៀល​គឺជា​ការ​ចំណេញ (Seigniorage) ដូច្នេះ​បើ​យើង​បោះពុម្ព​ប្រាក់រៀល ហើយ​យើង​ចាយ​ប្រាក់រៀល​កាន់តែច្រើន​ធ្វើឱ្យ​រដ្ឋាភិបាល​យើង​ចំណេញ​កាន់តែច្រើន ដែល​យើង​ត្រូវយកប្រាក់​ចំណេញ​នេះ​ទៅ​ជួយ​លើ​ការចំណាយ​លើ​វិស័យ​អាទិភាព​នានា ដូចជា​វិស័យ​សុខាភិបាល វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធផ្សេង។

ទី2 គឺ​គោលការណ៍​ជា​លក្ខណៈ​ម៉ាក្រូ មានន័យថា​ប្រសិនបើ​យើង​ចាយ​ប្រាក់រៀល ធនាគារជាតិ​អាច​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ឧទាហរណ៍​ប្រសិនបើ​មាន អតិផរណា​ប្រែប្រួលខ្លាំង​ធនាគារជាតិ​អាច​បញ្ចុះ​បាន​ដោយមាន​ប្រសិទ្ធភាព ឬ​បើសិនជា​ស្ថានភាព​សេដ្ឋកិច្ច​យើង​ជាប់គាំង​ហើយ​ថវិកា​រដ្ឋាភិបាល​មានកំណត់ ហើយ​បើ​យើង​ចាយលុយ​រៀល ធនាគារជាតិ​អាចជួយ​ស្ថានភាព​ហ្នឹង​បាន ដូចជា​អ្វីដែល​កើតឡើង​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ក្នុងអំឡុងពេល និង​ក្រោយពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល។

ទី3 បើ​យើង​ចាយប្រាក់​រៀល​សុទ្ធ ធនាគារជាតិ​អាច​បញ្ចុះ​អត្រា​ការប្រាក់​លើ​ប្រាក់កម្ចី​បាន ព្រោះ​ពេលនោះ​ធនាគារពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នឹង​ផ្តល់​កម្ចី​ជា​ប្រាក់រៀល ដែល​ធនាគារជាតិ​ជា​អ្នក​បោះពុម្ព​ប្រាក់រៀល អ៊ីចឹង​ធនាគារជាតិ មាន​ឥទ្ធិពល​ធ្វើឱ្យ​អត្រា​ការប្រាក់​របស់​ធនាគារ​ពាណិជ្ជ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ថយចុះ​បាន។

ទី4 ការចាយ​ប្រាក់រៀល​គឺ​បង្ហាញ​ពី​អធិបតេយ្យភាព​ជាតិ ព្រោះ​បើ​យើង​ចាយប្រាក់​ដុល្លារ ហើយ​បើ​ប្រាក់​ដុល្លារ​មាន​បញ្ហា ឫ​បាត់បង់​តម្លៃ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ប្រទេសជាតិ​របស់​យើង ឧទាហរណ៍ បើ​យើង​នាំចេញ​ទំនិញ​ជា​ប្រាក់​ដុល្លារ ហើយ​ប្រាក់​ដុល្លារ​ឡើងថ្លៃ​ដូច្នេះ​វា​នឹងធ្វើ​ឱ្យ​ទំនិញ​របស់​យើង​ឡើងថ្លៃ ជាក់ស្តែង​សេដ្ឋកិច្ច​យើង​ល្អ តែដោយសារ​យើង​ចាយលុយ​គេ ធ្វើឱ្យ​យើង​អាច​រង​ឥទ្ធិពល​ពី​គេ​ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ល្អប្រសើរ​ក៏ដោយ។

ដើម្បី​លើកកម្ពស់ និង​ជំរុញឱ្យមាន​ការចាយ​ប្រាក់​រៀល​កាន់តែ​ច្រើនឡើង ឆ្នាំនេះ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​នឹង​រៀបចំ​ប្រារព្ធ​ទិវា​ប្រាក់រៀល​ចាប់ផ្តើម​ពី​ម៉ោង8ព្រឹក ដល់​ម៉ោង 10 ថ្ងៃទី20 ខែ​មិនា ឆ្នាំ2018 នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ(CKCC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា។

ពិធី​នេះ​នឹងមាន​ការចូលរួម​ពី​តំណាង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​វិទ្យា​ស្ថា​ស្រាវជ្រាវ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA Research Institute) ដែល​កម្មវិធី​នេះ​នឹង​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការប្រើប្រាស់​ប្រាក់រៀល​បញ្ហា​ប្រឈម និង​ទស្សនវិស័យ​នាពេល​អនាគត។

តំណាង​ស្ថាប័ន​សាធារណៈ និង​វិស័យ​ឯកជន ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយនឹង​បើក​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរី​ផងដែរ៕

Advertisement