អេ អឹម ខេ ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើនសេចក្តីត្រូវការ​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន

ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នឹងធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី Smart Vista ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី26 មីនា 2018 នេះ​តទៅ។ ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី​នេះ គឺ​ក្នុង​គោលបំណង ផ្តល់​សេវា​ជូន​អតិថិជន​របស់​យើង​កាន់តែ​លឿន​រហ័ស​ទាន់​ចិត្ត​ជាង​មុន មាន​ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ ជាពិសេស​ជួយ កាត់បន្ថយ​ការកត់ត្រា​ដោយ​ដៃ​នៅតាម​ភ្នាក់ងារ ផ្តល់​ភាពងាយស្រួល និង​ធ្វើ​ប្រតិបត្តិការ​មាន​ប្រសិទ្ធភាព​ជាង​មុន។

ដើម្បី​ទុកពេល​ឱ្យ ក្រុមការងា​របស់​យើង​ធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​រលូន នៅមុន​ថ្ងៃ​ដែល​ប្រព័ន្ធ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ អេ អឹម ខេ នឹង​ផ្អាក​សេវា​នៅតាម ការិយាល័យ ម៉ាស៊ីន ATM/CDM និង​ភ្នាក់ងារ ចំនួន 3ថ្ងៃ គឺ​ចាប់ពី​ម៉ោង 6ល្ងាច​ថ្ងៃទី23 ដល់ ម៉ោង6ព្រឹក​ថ្ងៃទី26 មីនា 2018។ រាល់​ប្រតិបត្តិការ​ទាំងអស់​នឹង​ដំណើរការ​ជាធម្មតា​វិញ ចាប់ពី​ថ្ងៃទី26 មីនា ឆ្នាំ2018 តទៅ។

គួរឱ្យកត់សម្គាល់​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អតិថិជន​របស់ អេ អឹម ខេ មានការ​កើន​ឡើងជា​លំដាប់។ ពោលគឺ​នៅក្នុង​ឆ្នាំ 2015 អេ អឹម ខេ មាន​អតិថិជន​ត្រឹមតែ​ជាង 48ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អតិថិជន​មានការ​កើនឡើង​រហូត​ដល់​ជាង 58ម៉ឺន​នាក់​ក្នុង​ឆ្នាំ2016។ គិត​ត្រឹម​ខែមីនា 2018 នេះ អតិថិជន អេ អឹម ខេ បាន​កើនឡើង​រហូតដល់​ជាង 68ម៉ឺន​នាក់។

បើ​យោងតាម​លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម (សន្សំ និង​បណ្តាញ)បាន​ឲ្យ​ដឹងថា កត្តា​អតិថិជន កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ផ្លាស់ប្តូរ​ប្រព័ន្ធ​នេះ​ផងដែរ។ លោក សុខា បាន​លើកឡើងថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​របស់​ពិភពលោក និង​ជាពិសេស​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​យើង​មាន​ប្រសិទ្ធភាព​ជាង​មុន កាត់បន្ថយ​ការចំណាយ និង​ដើម្បី​បំពេញតម្រូវការ​អតិថិជន ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យាថ្មីៗជា​ជម្រើស​របស់​យើង។ លោក​បានបញ្ជាក់​ដូច្នេះ​ថា ការផ្លាស់ប្តូរ​មក​ប្រើ​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី Smart Vista នេះ​វា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ អេ អឹម ខេ មាន​សមត្ថភាព ខ្ពស់ជាង​មុន មាន​ភាពងាយស្រួល និង​បត់បែន ជាពិសេស​វា​នឹង​ផ្តល់ឱកាស​ឲ្យ​យើង​បន្ថែម​បណ្តាញ​បាន​ច្រើនជាង​មុន ក៏ដូចជា​ការបង្កើត​ផលិតផល និង​សេវាកម្មថ្មីៗទៀតផង។ លោក សុខា សង្ឃឹមថា តាមរយៈ​ប្រព័ន្ធ​ថ្មី នេះ​ភ្នាក់ងារ អេ អឹម ខេ នឹង​ទទួល​អត្ថប្រយោជន៍​កាន់តែច្រើន តាមរយៈ​ការបង្កើន​ផលិតភាព​ការងារ​បាន​ប្រសើរ​ជាង​មុន មិន​តម្រូវអោយ​គាត់​ធ្វើ​ប្រតិបត្តិ​ការដែល​កត់ត្រា​ដោយ​ដៃ និង​អាច​ទទួលបាន ភាពងាយស្រួល​ជាច្រើន​ផ្សេងទៀត។

អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី។ គិត​ត្រឹម ខែមីនា ឆ្នាំ2018 នេះ អេ អឹម ខេ មាន​វិសាលភាព​ប្រតិបត្តិការ​គ្របដណ្តប់ 89% នៃ​ចំនួន​ភូមិ​សរុប​ទូទាំង ប្រទេស មាន​បុគ្គលិក​សរុប​ជាង 2.500នាក់ អតិថិជន​សរុប​ជាង 68ម៉ឺន​នាក់ ជាមួយនឹង​ផលប​ត្រ​ប្រាក់កម្ចី​ជាង213 លាន​ដុល្លារ​អាមេរិក ជាមួយ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន 150 កន្លែង និង មាន​ភ្នាក់ងារ​ជាង 3.000កន្លែង នៅ​ទូទាំងប្រទេស។ អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់ ដោយ​ស្វ័យប្រវត្តិ (ATM/CDM)៕

Advertisement