ចម្ការ​ម្នាស់​ទឹកឃ្មុំ 1ហិកតា បាន​ប្រាក់ចំណេញ​ជិត1ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ

ម្នាស់​ទឹកឃ្មុំ គឺជា​ប្រភេទ​បន្លែ​ផ្លែឈើ​ដែល​ប្រជាជន​ខ្មែរ​និយម​ទទួលទាន​ធ្វើជា​បង្អែម​លាង​មាត់​ក្រោយ​ពេលបាយ ធ្វើជា​អាហារសម្រន់​នៅពេល​ថ្ងៃ និង​អាច​ច្នៃ​ធ្វើ​ម្ហូប និង​បង្អែម​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ទៀតផង។

កសិករ​ដាំ​ម្នាស់​នៅ​ភូមិ​អូរ​ឬ​ស្សី​កណ្តាល ឃុំ​អូរ​ឬ​ស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង លោក​សាយ ពន្លឺ បានផ្តល់​សម្ភាស​ថា គ្រួសារ​លោក​ចាប់ផ្តើម​ប្រកប​របរ​ដាំ​ម្នាស់​អស់​រយៈពេល 10ឆ្នាំ​មកហើយ មកទល់​ពេលបច្ចុប្បន្ន លោក​បាន​ដាំ​ដុះ​នៅលើ​ផ្ទៃដី​ចំនួន 10ហិកតា ហើយ​គ្រោង​នឹង​ពង្រីក​ចំនួន 15ហិកតា​បន្ថែមទៀត​នៅ​ឆ្នាំក្រោយ(2019)។

លោក​ថា ម្នាស់​មួយ​ហិកតា​គេ​អាច​ដាំ​បាន​ចន្លោះ​ពី 25,000កូន ទៅ30,000កូន ដោយ​លើក​ជា​រង​ចន្លោះ1.2ម៉ែត្រ ទៅ1.5ម៉ែត្រ​ពីគ្នា ហើយ​ដាំ​ឃ្លាត​គ្នា​ពីមួយ​ដើម​ទៅមួយ​ដើម​ចន្លោះ 3.5តឹក​ទៅ4តឹក។

ក្នុង​ម្នាស់​មួយ​ដើម ផ្តល់​ផល​តែមួយ​ផ្លែ​ប៉ុណ្ណោះ ដែលមាន​ទម្ងន់​ចាប់ពី 1គីឡូ ទៅដល់3គីឡូក្រាម ទៅតាម​ផ្លែ​តូច ឬ​ផ្លែ​ធំ ហើយ​លក់​ក្នុងតម្លៃ​បោះ​ដុំ​បាន​តម្លៃ 3,500រៀល ទៅ4,000រៀល​ក្នុង​មួយ​គីឡូក្រាម។ យ៉ាងណាក៏ដោយ​លោក​ថា “បើ​គិត​តាម​ចំនួន​ដើម និង​តម្លៃ​លក់​នៅលើ​ទីផ្សារ យើង​ឃើញថា បាន​ច្រើន​ម៉ឺន​ដុល្លារ​ដែរ​ក្នុង​មួយហិកតាៗ ប៉ុន្តែ​ជាក់ស្តែង​វិញ​ចំណេញ​ប្រហែល​តែ 8,000ដុល្លារ​ទៅមួយ 10,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា។

ម្នាស់​គេ​អាច​ដាំ​បាន​គ្រប់​រដូវ មិន​ថា​រដូវវស្សា ឬ​រដូវប្រាំង​នោះទេ សំខាន់​ឱ្យតែ​មានទឹក​ស្រោច ប៉ុន្តែ​កសិករ​ខាងលើ​បាន​អះអាងថា ដើម្បីឱ្យ​ដើម​ម្នាស់​លូតលាស់​បានល្អ គេ​ច្រើន​ដាំ​នៅ​រដូវប្រាំង ហើយ​ស្រោច​ទឹក​ជាប់​ជាប្រចាំ ដើម​លូតលាស់​បានល្អ​ជា​ង​ដាំ​នៅ​រដូវវស្សា ព្រោះថា រដូវវស្សា​ភ្លៀង​ធ្លាក់​ច្រើនពេក ម្នាស់​មិនសូវ​លូតលាស់​ល្អ​ទេ។

លោក ពន្លឺ បានលើកឡើង​ពី​បច្ចេកទេស​ដាំ​ដុះ​ម្នាស់​ថា មុននឹង​ដាំ​កសិករ​ត្រូវធ្វើ​ដី​ឱ្យបាន​ស្ងួត​ល្អជា​មុន ពិសេស​ត្រូវ​ភ្ជួរ​ដី​ឱ្យបាន 3ដង​មុននឹង​លើក​ជា​រង ដើម្បីឱ្យ​ស្មៅ​ងាប់​អស់ ពិសេស​ដើម​ស្បូវ បើសិន​ជាមាន​ដើម​ស្បូវ​វា​នឹង​បឺត​យក​ជីជាតិ​អស់ មិនអាច​ឱ្យ​ដើម​ម្នាស់​រីកលូតលាស់​បានល្អ​នោះទេ។

ក្រោយពី​លើក​ជា​រង​រួច គេ​ត្រូវយក​ជី​អាចម៍គោ​ទៅ​ដាក់​លើ​រងនីមួយៗ រួច​ទើប​យក​ថង់​ប្លា​ស្ទិ​ក​ទៅ​ក្រាល​ពីលើ​ដើម្បី​ការពារ​ស្មៅ ការពារ​សត្វល្អិត និង​អាច​រក្សា​សំណើម​បានយូរ។ ក្រោយពី​ក្រាល​កៅស៊ូ​ប្លា​ស្ទិ​ករួច កសិករ​នឹង​ចាប់ផ្តើម​យក​កូន​ម្នាស់​ទៅ​ដាក់​ដាំ​លើ​រងនីមួយៗ ដោយ​ដាក់​ដាំ​ឃ្លាត​ពីគ្នា​ចន្លោះ​ពី 3.5តឹក ទៅ4តឹក​ក្នុង​មួយ​ដើម។ ម្នាស់​ត្រូវការ​ស្រោច​ទឹកជា​ប្រចាំ​នៅ​រដូវប្រាំង តែបើ​សិន​ជាមាន​ភ្លៀង​ធ្លាក់​វិញ គេ​ត្រូវ​ស្រោច​ទឹក​រយៈពេល5 ឬ7ថ្ងៃ​ម្តង។

លោក​ថា កាលពី​សម័យមុន កសិករ​មិនទាន់មាន​បច្ចេកទេស​ដាំ​ដុះ​ទំនើប​នោះទេ កសិករ​ច្រើន​បូមទឹក​បង្ហូរ​ដាក់​តាម​រងនីមួយៗ ដោយ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការទិញ​ប្រេង​បូមទឹក ប៉ុន្តែ​តាម​បច្ចេកទេស​ថ្មី​នេះ គេ​ប្រើ​ទុយោ​សម្រក់​ទឹក​ជំនួស​វិញ ដោយ​ក្នុង​មួយ​ហិកតា​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា 2,500ដុល្លារ ទៅ3,000ដុល្លារ ប៉ុន្តែ​អាច​ប្រើ​បាន​ចាប់ពី 8ឆ្នាំ ទៅដល់20ឆ្នាំ និង​ចំណេញ​ថវិកា​ពេល​ស្រោច​ទឹកម្តងៗ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​សាំង​អស់​ត្រឹមតែ 4,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

ម្នាស់​មិន​លំបាក​ថែទាំ និង​ការពារ​សត្វល្អិត​ចង្រៃ​នោះទេ ដោយ​គេ​ការពារ​តែ​សត្វ​ម្រើមព្រះ និង​ខ្យង​ក្រហម​កុំ​ឱ្យមក​ស៊ី​លំអងផ្កា​របស់​វា ហើយ​ថែទាំ​ដាក់​ជី និង​ទឹកជា​ប្រចាំ​តែប៉ុណ្ណោះ។ ម្នាស់​នឹង​ដុះ​លូតលាស់​បានល្អ ចាប់ពី​ពេល​ដាំ​លើកដំបូង​រហូតដល់​ពេល​ប្រមូល​ផល​ត្រូវ​ចំណាយពេល 12ខែ។

លោក​ថា កន្លងមក​ទីផ្សារ​លក់​ចេញ គឺ​ម្នាស់​មិនមាន​ការលំបាក​នោះទេ ដោយ​លោក​បាន​ដាក់លក់​ឱ្យ​អ្នកទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​ខេត្ត​រតនគីរី​និង​ខេត្តស្ទឹងត្រែង​ក៏​អស់​ប្រមាណ​ជា 70% ទៅ 80%ទៅហើយ នៅសល់​មួយចំនួន​ទើប​ផ្គត់ផ្គង់​ទៅឱ្យ​ទីផ្សារ​ធម្មជាតិ​នៅក្នុង​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ក្រោយពី​កើត​ជម្លោះព្រំដែន​កម្ពុជា-ឡាវ​មក ភ្ញៀវទេសចរ​មិនសូវ​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​ទៀត​ទេ ដែល​រឿងនេះ​ជា​កត្តា​ធ្វើឱ្យ​ផ្លែ​ម្នាស់​ជួប​កង្វះ​ទីផ្សារ​លក់​ចេញ ដោយ​ត្រូវ​ត្រៀម​យកមក​លក់​បន្ថែមទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ។

តែ​ទោះជា​យ៉ាងណា ចំពោះ​កសិករ​ខាងលើ​វិញ លោក​គ្រោង​នឹង​ពង្រីក​កសិដ្ឋាន​ដាំ​ម្នាស់​របស់ខ្លួន​ឱ្យបាន​ដល់​ចំនួន 50ហិកតា​នៅពេល​ខាងមុខ ហើយ​លោក​មាន​គម្រោង​ថា​នឹង​សហការ​ជាមួយ​កសិករ​ផ្សេងទៀត​ដើម្បី​ទទួល​ទិញ​ផ្លែ​ម្នាស់​យកមក​ធ្វើ​សិប្បកម្ម​ផលិត​ទឹក​ម្នាស់​សម្រាប់​លក់​ចេញ​នៅលើ​ទីផ្សារ​បន្ថែមទៀត៕

Advertisement