គ្រឹះស្ថាន​អង្គរ​រកចំណូលបាន​ជា​ង 100លាន​ដុល្លារ​ពី​ភ្ញៀវទេសចរ

វិស័យ​ទេសចរណ៍​គឺជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ឬ​មាន​ផ្សែង​តិចតួច​ដែល​អាច​រក​ចំណូល​ចូលជាតិ​បាន​រាប់លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ ជាក់ស្តែង​នៅ​រយៈពេល​ពេញ​មួយឆ្នាំ2017កន្លង​ទៅនោះ គ្រឹះស្ថាន​អង្គរ​រកចំណូលបាន​ចំនួន​ជាង 100លាន​ដុល្លារ អាមេរិក​ពី​ការលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​កាលពី​សប្តាហ៍​មុននេះ​បានឱ្យដឹងថា ក្នុង​ឆ្នាំ2017កន្លងទៅ គ្រឹះស្ថាន​អង្គ​រលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ចំនួន 2.45លាន​នាក់​មាន​កំណើន11.8% ធៀប​នឹង​ឆ្នាំ2016 និង​ទទួលបាន​ចំណូល​សរុប​ចំនួន 108លាន​ដុល្លារ​អាមេរិក មាន​កំណើន72.5% ធៀប​នឹង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។

ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ គ្រឹះស្ថាន​អង្គរ​បានដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី ដែល​សម្រួល​ដល់​ការផ្តល់សេវា​លក់​ប័ណ្ណ​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​ឡើង ក៏ដូចជា​ការបង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ការលក់​ប័ណ្ណ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ដែរ។ គ្រឹះស្ថាន​អង្គរ​បានដាក់​ឱ្យ​ដំណើរការ​នូវ​ការទូទាត់​ការទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ខែសីហា ឆ្នាំ2017មក ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ​អាច​ប្រើប្រាស់​ប័ណ្ណឥណទាន (Credit Card) ឬ​ប័ណ្ណ​ឥណ​ពន្ធ(Debit Card) ដូចជា Visa Card, Master Card, Union Pay JCB និង​Diners Club ជាដើម។

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី1 លើក​ទី7 របស់​គ្រឹះស្ថាន​អង្គរ​ក្រោម​អធិបតីភាព​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានដាក់​គោលការណ៍​បន្ថែម​មួយចំនួនទៀត​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ការលក់​ប័ណ្ណ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ក្នុងនោះ​គ្រឹះស្ថាន​អង្គរ​បាននិងកំពុង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​លក់​ប័ណ្ណ​របស់ខ្លួន​ឱ្យ​កាន់តែ​ទំនើប​ថែម​ឡើង​ទៀត​ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ ដែល​នឹង​អាច​ផ្តល់នូវ​តួលេខ​នៃ​ការលក់​ប័ណ្ណ​បានភ្លាមៗ (Real Time) សម្រាប់​ជាការ​បង្ហាញ​នូវ​ភាពច្បាស់លាស់​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ ធានាបាន​នូវ​តម្លាភាព និង​គណនេយ្យភាព​ផងដែរ។

គួរ​បញ្ជាក់ថា នៅ​ត្រីមាស​ទី2 ឆ្នាំ2018ខាងមុខ គ្រឹះស្ថាន​អង្គរ​ក៏​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ការលក់​សំបុត្រ​តាម​អន​ឡាញ(Online)ផងដែរ ដោយ​ការលក់​សំបុត្រ​តាម​អន​ឡាញ​នេះ​នឹង​ធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​ភាពងាយស្រួល​អាច​ទិញ​សំបុត្រ​បាន​នៅពេលណា និង​នៅ​ទីកន្លែង​ណា​ក៏បាន។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ World Express Co.,Ltd បាន​ថ្លែង​គាំទ្រ​ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​ក្នុងការ​ដាក់ឱ្យ​ដំណើការ​លក់​សំបុត្រ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ព្រោះ​វា​បានផ្តល់​នូវ​ភាពងាយស្រួល​ទៅដល់​អ្នកទេសចរ​ដែល​ពួកគេ​អាច​ទិញ​សំបុត្រ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ដែលជា​គោលនយោបាយ​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​ចូលមក​ទស្សនា​កម្ពុជា​យើង​កាន់តែ​ច្រើនឡើង។

លោក​មានប្រសាសន៍ថា កន្លងមក​ភ្ញៀវទេសចរ​ដែល​ចង់​ចូលមក​កម្ពុជា លុះត្រាតែ​មក​ទិញ​សំបុត្រ​នៅ​ទីនោះ​ផ្ទាល់ ឬ​ទិញ​តាមរយៈ​ភ្នាក់ងារទេសចរណ៍ តែ​នៅពេល​ដាក់​ដំណើរ​ការលក់​សំបុត្រ​តាម​អន​ឡាញ​នេះ ភាពស្មុគស្មាញ​ទាំងឡាយ​នឹងត្រូវ​លុបបំបាត់​អស់​ជាមិនខាន។

ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់ និង​ការគិតគូរ​បន្ថែមទៀត​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា រាជរដ្ឋាភិបាល​បានសម្រេច​ផ្តល់​ថវិកា​ឧបត្ថម្ភ​បន្ថែម​ជូន​ដល់​មូលនិធិ​គន្ធបុប្ផា ដោយ​ប្រើប្រាស់​ចំណូល​ដែល​ទទួលបាន​ពី​ការដំឡើងថ្លៃ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ចំពោះ​ភ្ញៀវទេសចរ​បរទេស​ក្នុង​មួយ​នាក់ 2ដុល្លារ ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​ដែល​ក្នុង​ឆ្នាំ2017កន្លងទៅ ឧបត្ថម្ភ​បាន​ចំនួន 4.34លាន​ដុល្លារ​អាមេរិក។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ2017កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ជាង 5.6 លាន​នាក់ កើនឡើង11.8% និង​ភ្ញៀវទេសចរ​ក្នុងស្រុក​មាន​ចំនួន11លាន​នាក់​បានរួម​ចំណែក​ប្រមាណ 14ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា៕

Advertisement