គម្រោងអភិវឌ្ឍន៍ខុនដូ The Sea Gate Suite ទទួលបានពានមាស Best Residential Development (SihanoukVille) ក្នុងកម្មវិធី Cambodia Property Award 2018

ជាមួយនឹងការទទួលបានពានរង្វាន់នៅក្នុងកម្មវិធី Cambodia Property Award ប្រចាំឆ្នាំ2018 ដែលរៀបចំឡើងដោយ Property Guru នៅសាលធំរបស់សណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី16 ខែមីនា ឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន KHCN INVESTMENT AND DEVELOPMENT Co.,LTD ដែលអភិវឌ្ឍគម្រោងខុនដូ The Sea Gate Suite ក្រុងព្រះសីហនុមានកិត្តិយសទទួលបានពានមាសចំនួន1 ទៅលើ Best Residential Development (Sihanoukville) ប័ណ្ណសរសើរចំនួន2 ដែលក្នុងនោះរួមមានផ្នែក Best Retail Development និង Best Mixed Use Development ផងដែរ។

លោក សៅ ភក្ដី នាយកប្រតិបត្ដិ នៃក្រុមហ៊ុន KHCN INVESTMENT AND DEVELOPMENT Co.,LTD បានប្រាប់ឱ្យដឹងថា ការសម្រេចផ្តល់ពានរង្វាន់ត្រូវបានគណកម្មការវាយតម្លៃទៅលើផ្នែកផ្សេងៗជាច្រើន ដូចជាផ្នែក Best Residential Development (Sihanoukville) រួមជាមួយស្ថាបត្យកម្មនៃការសាងសង់ ទម្រង់ម៉ូត ភាពល្អប្រណីតស្របតាមស្ដង់ដារអន្តរជាតិ បែបសម័យទំនើបចុងក្រោយ ជាពិសេស គុណភាព និងប្រព័ន្ធសុវត្ថិភាពជាចម្បង។ បន្ថែមពីនេះទៅទៀត បើប្រៀបធៀបរវាងអគារបែបប្រណីតភាព និងទំនើបទាំងអស់នៅក្នុងក្រុងព្រះសីហនុ ជាមួយនឹងបណ្តាអគារ ឬគម្រោងសំណង់សាងសង់ផ្សេងៗទៀតនោះ The Sea Gate Suite បានឈរនៅលំដាប់កំពូលផុតគេ ដែលអាចលើកកម្ពស់មុខមាត់ក្រុងព្រះសីហនុ ហើយក៏ចូលរួមចំណែកក្នុងការគៀងគរចំនួនអ្នកទេសចរ ក៏ដូចជាចំនួននៃអ្នកវិនិយោគមកកាន់ក្រុងព្រះសីហនុបានយ៉ាងប្រសើរផងដែរ។

នៅក្នុងឱកាសដែលទទួលបានពានប្រចាំឆ្នាំ2018នេះ លោក សៅ ភក្តី ក៏បានបញ្ជាក់ពីលក្ខណៈពិសេសរបស់ The Sea Gate Suite ផងដែរថា ៖ អគារដ៏អស្ចារ្យ និងស្គឹមស្កៃនេះ មានកម្ពស់43ជាន់ ស្មើនឹង1118 Units ដែលក្នុងនោះត្រូវបានបែងចែកចេញជា២ ពោលគឺផ្នែកសណ្ឋាគារលំដាប់ផ្កាយ5 មានចំនួន280 Units និងផ្នែកលំនៅដ្ឋានសហកម្មសិទ្ធិ មានចំនួន 838 Units កាស៊ីណូ Retail និង Commercial។

សូមបញ្ជាក់ផងដែរថា កម្មវិធី Property Guru Asia Property Awards ជាកម្មវិធីដ៏ធំបំផុតនៅក្នុងតំបន់ និងជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតមួយ ត្រូវបានទទួលស្គាល់ថាជាសញ្ញាសម្គាល់ដ៏ធំសម្រាប់ឧត្តមភាពក្នុងវិស័យនេះនៅអាស៊ី ដែលបង្កើតឡើងក្នុងឆ្នាំ 2005 ដោយមានអ្នកជំនាញក្នុងការវិនិច្ឆ័យឯករាជ្យក្នុងវិស័យនេះ និងអ្នកគ្រប់គ្រងដែលអាចទុកចិត្តបានគឺ BDO ជាក្រុមហ៊ុនសវនកម្មធំមួយក្នុងចំណោម៥លើសកលលោក។ នៅក្នុងឆ្នាំ 2018 ពានរង្វាន់អចលនទ្រព្យបានរួមបញ្ចូលទីផ្សារទាំង 17នៅជុំវិញតំបន់ ហើយបានប្រារព្ធពិធីលៀងសាយភោជចំនួន 12ដងនៅបណ្តាប្រទេសចំនួន 11  ដែលកម្មវិធីនិមួយៗមានតួរលេខឧស្សាហកម្មជាន់ខ្ពស់ចំនួន 600 ចូលរួមដើម្បីទទួលបានភាពប្រសើរនៅក្នុងទីផ្សារអាស៊ីនិមួយៗ និងឈានទៅដល់វគ្គផ្តាច់ព្រ័តសម្រាប់ Property Guru Asia Property Awards ដែលប្រព្រឹត្តទៅនៅឯកិច្ចប្រជុំកំពូលរបស់ Property Guru Asia Real Estate Summit រយៈពេល2ថ្ងៃនៅទីក្រុងបាងកកនាថ្ងៃទី 8-9 ខែវិច្ឆិកា ឆ្នាំ2018៕

Advertisement