អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

អ្នកម្តាយដែលកំពុងមានគភ៌តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះ ឡា រ៉ែន មានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។

អាការហើម ឬមានអារម្មណ៍ថាខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិ ដែលមានចំពោះបរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលអ្នកម្តាយត្រូវទទួលបន្ទុកទៅគ្រប់ទីកន្លែង។ អ្នកម្តាយភាគច្រើននឹងមានអារម្មណ៍ថាហើមនៅម្តុំកជើង និងប្រអប់ជើង បើសិនជាត្រូវឈរក្នុងរយៈពេលយូរ អ្នកម្តាយខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។

អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ច្រើនតែកើតចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុងមួយថ្ងៃៗរបស់អ្នកម្តាយ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាងកាយនេះ អាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនអ្នកម្តាយ និងកូនក្នុងគភ៌ឡើយតែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការនិងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាអ្នកម្តាយមានអារម្មណ៍បារម្ភ។

វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌
– ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះបាន គេជឿថា មើមខ្ទឹម-ស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោម មានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើឱ្យអ្នកម្តាយខ្វះជាតិទឹកបាន។
– ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។
– ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុងមួយថ្ងៃយ៉ាងតិចពី 6 – 8កែវ ឬព្យាយាមទទួលទានបន្លែ ឬផ្លែឈើណាដែលមានជាតិទឹកច្រើន ព្រោះបើអ្នកម្តាយញ៉ាំទឹកមិនបានគ្រប់គ្រាន់នឹងតម្រូវការទេនោះ រាងកាយរបស់អ្នកម្តាយអាចនឹងខំប្រឹងស្ទាក់ទឹកទុកនៅក្នុងរាងកាយកាន់តែច្រើនឡើង ដែលនឹងធ្វើឱ្យអ្នកម្តាយកាន់តែហើមខ្លាំងឡើងហ្នឹងឯង។
– រកពេលវេលាសម្រាកឱ្យបានច្រើននៅពេលថ្ងៃ ពេលណាក៏ដោយឱ្យតែមានឱកាស ដោយកល់ដាក់ជើងឱ្យខ្ពស់ជាងចង្កេះ
– ចៀសវាងពីការឈរក្នុងរយៈពេលយូរ។
– ការធ្វើម៉ាស្សាបែបបន្ធូរអារម្មណ៍ក៏អាចកាត់បន្ថយអាការហើមបានដែរ។
– គួរគេងផ្អៀងខាងឆ្វេងដើម្បីចៀសពីការទម្លាក់ទម្ងន់ខ្លួនទៅសង្កត់សរសៃឈាមខ្មៅធំដែលមានឈ្មោះថា វេណាខាវ៉ា (Venacava)៕

Advertisement