ធ្លាប់ដឹងទេ ហេតុអ្វីបានជាតម្លៃអចលនទ្រព្យនៅតំបន់បឹងកេងកងនៅតែឈរលើចំណាត់ថ្នាក់ខ្ពស់ជាងគេ?

បឹងកេងកងត្រូវបានអ្នករកស៊ីអចលនទ្រព្យជាច្រើនចាត់ទុកថា ជាតំបន់មាសជាតំបន់ដែលមានតម្លៃអចលនទ្រព្យខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងតំបន់ជាច្រើនទៀតនៅកណ្ដាលរាជធានីភ្នំពេញ។ តើធ្លាប់ដឹងទេថា ហេតុអ្វីបានជាតំបន់នេះមានតម្លៃអចលនទ្រព្យថ្លៃជាងគេដូច្នេះ?

កន្លងមកបឹងកេងកងត្រូវបានគេលើកឡើងថា ជាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងជាងតំបន់នានា និងជាទីតាំងដ៏មានប្រជាប្រិយភាពសម្រាប់ការរស់នៅរបស់ជនបរទេសព្រមទាំងជាបណ្ដុំនៃការធ្វើពាណិជ្ជកម្មទំនើបផងដែរ ទើបធ្វើឱ្យតម្លៃអចលនទ្រព្យក្នុងតំបន់នេះកើនឡើងខ្ពស់។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ប្រសិនបើមើលទៅលើតម្លៃអចលនវត្ថុនៅតំបន់បឹងកេងកងវិញ បច្ចុប្បន្នវាមានតម្លៃថ្លៃជាង 2ដងធៀបទៅនឹងតំបន់នានា ដែលនៅចំកណ្ដាលក្រុងដូចជាទួលគោកជាដើម ព្រោះបឹងកេងកេងជាតំបន់មានសក្ដានុពលសេដ្ឋកិច្ច និងជាតំបន់ពាណិជ្ជកម្ម។ លោកបន្ដថា៖«នៅតំបន់បឹងកេងកងយើងចង់រកអ្វីក៏មាន ដូចជា សាលារៀនអន្ដរជាតិ មន្ទីរពេទ្យ អគារខុនដូសម្រាប់ស្នាក់នៅ អគារការិយាល័យ ផ្សារទំនើបជាដើម ព្រមទាំងជាបណ្ដុំពាណិជ្ជកម្មទំនើបផងដែរ ទាំងអស់នេះបើធៀបទៅតំបន់ជាច្រើនផ្សេងទៀតនៅកណ្ដាលក្រុងភ្នំពេញ សេវាកម្មមួយចំនួនមិនអាចរកបានឡើយ»។

បច្ចុប្បន្នបើទោះជាគេសង្កេតឃើញថា មានតំបន់ជាច្រើននៅក្នុងទីក្រុង ឬជាយក្រុងកំពុងតែមានការអភិវឌ្ឍទៅយ៉ាងលឿនដែលជំរុញឱ្យមានលំហូរប្រជាជនទៅរស់នៅក្នុងតំបន់ទាំងនោះជាច្រើនក៏ដោយ ក៏តម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះពុំទាន់អាចហក់ឡើងមកឈរនៅក្នុងជួរជាមួយតំបន់បឹងកេងកងបានដែរ។

លោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 មេគង្គ បានលើកឡើងថា តំបន់បឹងកេងកងជាតំបន់ដែលមានប្រជាប្រិយភាពសម្រាប់ការរស់នៅរបស់ជនបរទេស ព្រោះវាមិនត្រឹមតែជាតំបន់មានសក្ដានុពលក្នុងការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ វាជាទីតាំងកណ្ដាលមួយដ៏ល្អសម្រាប់ការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាព។ តំបន់បឹងកេងកងក៏ជាតំបន់ដែលបណ្ដុំទៅដោយស្ថានទូតនៃប្រទេសនានា ហើយវាក៏ស្ថិតនៅជិតដងទន្លេដែលមានខ្យល់អាកាសល្អ ត្រជាក់គួរឱ្យចង់រស់នៅ ដូច្នេះទើបអាចនិយាយបានថា ជាទីតាំងល្អ

ប្រធានក្រុមហ៊ុន Century 21 មេគង្គបានបន្ដថា៖ “ខ្ញុំមិនបដិសេធនោះទេថា ពេលអនាគតនៅតំបន់ផ្សេងៗក្នុងទីក្រុងភ្នំពេញ អាចនឹងមានតម្លៃអចលនវត្ថុប្រហាក់ប្រហែលតំបន់បឹងកេងកងដែរ ប៉ុន្ដែវាជាការលំបាកខ្លាំងណាស់ ក្នុងការធ្វើឱ្យតំបន់ផ្សេងទៀតមានតម្លៃអចលនទ្រព្យអាចឡើងមកឈរទន្ទឹមនឹងតំបន់បឹងកេងកង ព្រោះវាត្រូវការរយៈពេលយូរតទៅទៀត”។

លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real estate បានលើកឡើងថា បច្ចុប្បន្នតម្លៃអចលនទ្រព្យនៅតំបន់កោះពេជ្រកំពុងតែមានការប្រកួតប្រជែងជាមួយតំបន់បឹងកេងកង ដូច្នេះអាចសន្និដ្ឋានបានថាក្នុងចំណោមតំបន់ទាំងអស់នៅក្នុងក្រុងភ្នំពេញមានតែ កោះពេជ្រប៉ុណ្ណោះដែលមានសមត្ថភាពអាចដេញប្រកៀកប្រកិត ទៅនឹងបឹងកេងកេងបាន

លោកបញ្ជាក់ថា៖” បច្ចុប្បន្នតម្លៃអចលនទ្រព្យនៅក្នុងតំបន់កោះពេជ្រមានតម្លៃក្នុងរង្វង់ 4000 – 4300ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ រីឯតំបន់បឹងកេងកងវិញមានតម្លៃប្រមាណជា 4000 – 4500 ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះយើងមើលឃើញថា តំបន់កោះពេជ្រនៅមានសម្ទុះអាចប្រកួតប្រជែងបានជាមួយតំបន់បឹងកេងកេង”៕

Advertisement